អានតួអត្ថបទ
កម្ពុជា

គ្រប់​ទីតាំង​ទាំងអស់​ក្នុង​ក្រុង​ភ្នំពេញ​នឹង​មាន​នៅ​លើ​ផែនទី​Google ក្នុង​ពេល​ឆាប់​ៗ​

មិន​យូរ​នោះ​ឡើយ ​ទីតាំង​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មិន​ទាន់​មាន​នៅ​លើ​ផែនទី​ Googleនោះ​ នឹង​ចាប់​ផ្តើម​មាន​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​។​ បណ្តាញ​ក្រុម​យុវជន​អាជីវកម្ម​ Google​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី២៩មីនា ​នេះ​បាន​រៀប​ចំ​ចុះ​ប្រតិបត្តិការ​ស្រង់​នូវ​ទីតាំង​ក្នុង​ក្រុងភ្នំពេញ​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ក្នុង​ផែនទី​Google​ដើម្បី​បញ្ចូលទៅ​ក្នុង​ផែនទី​អេឡិចត្រូនិក​នេះ។ គោល​បំណង​នៃ​ប្រតិបត្តិការ​នេះ ​គឺ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​អាជីវកម្ម ​ភ្ញៀវ​​ទេសចរ​ និង​ ប្រជាពលរដ្ឋ​នានា​ស្វែង​រក​ទីតាំង​ផ្សេងៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ 

លោក ពេជ្រ វិរៈ កំពុងបង្ហាញពីបច្ចេកទេសស្រង់ស្ថិតិដល់យុវជនស្ម័គ្រចិត្ត
លោក ពេជ្រ វិរៈ កំពុងបង្ហាញពីបច្ចេកទេសស្រង់ស្ថិតិដល់យុវជនស្ម័គ្រចិត្ត ©GBG
ផ្សាយពាណិជ្ជកម្ម

ទីតាំង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា ​សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ មន្ទីរពេទ្យ​ជា​ដើម​នោះ​ ដែល​មិន​ទាន់​មាន​នៅ​លើ​ផែនទី​ Google​នឹង​ចាប់​ផ្តើម​មាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​បណ្តាញ​ក្រុម​យុវជន​អាជីវកម្ម​ Google​ ប្រចាំ​នៅ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី២៩មីនា ​នេះ​បាន​ចុះ​ប្រមូល ​និង​ស្រង់​នូវ​ទីតាំង​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​មិន​ទាន់​មាន​នៅ​លើ​ផែនទី​ Google​ដើម្បី​បញ្ចូន​ទៅ​ក្នុង​ផែនទី​អេ​ឡិច​ត្រូ​និក​មួយ​នេះ។ ​បណ្តាញ​ក្រុមយុវជន​អាជីវកម្ម Google​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ ៣០​នាក់​ផ្សេង​ទៀត​នៅ​ភោជនីយដ្ឋាន​ Park ​Café​ ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ប្រមូល​ស្ថិតិ ​និង​ ការ​ចុះ​អនុវត្ត​ផ្ទាល់​។

 
លោក​ ពេជ្រ ​វិ​រៈ​ ប្រធាន​បណ្តាញ​ក្រុមយុវជន​អាជីវកម្ម ​Google ហៅ​កាត់​ថា GBG ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នេះ​ជា​លើកទីមួយ​ដែល​ក្រុម​របស់លោក​ចុះ​ស្រង់​ទីតាំង​ផ្សេងៗ​ដែល​មិនទាន់​មាន​នៅ​លើ​ផែន​ទី​ Google​ ហើយ​ប្រមូល​ទិន្នន័យ​នេះ​បញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន​ Google​ ដើម្បី​បញ្ចូល​ទៅ​ក្នុង​ផែនទី​របស់​ខ្លួន​។​ លោក​ បាន​បញ្ជាក់​ថា ​គោល​បំណង​នៃ​ការ​ចុះ​ប្រមូល​ទីតាំង​ដែល​មិន​ទាន់​មាន​ទាំង​នោះ ​គឺ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា ​អ្នក​ធ្វើ​អាជីវកម្ម​ និង​ ភ្ញៀវ​ទេសចរ​ស្វែង​រក​ទីតាំង​ផ្សេង​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

បណ្តាញ​ក្រុម​យុវជន​អាជីវកម្ម​ Google​  និង ​យុវជន​ស្ម័គ្រ​ដែល​ជា​និស្សិត​ប្រមាណ​ជា​30 នាក់​ផ្សេងទៀត​បាន​ចែក​ជា​បួន​ក្រុម​ ចុះ​ទៅ​បួន​កន្លែង​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល ​និង​ ស្រង់​ទីតាំង​ដែល​មិន​ទាន់​មាន​ក្នុង​ផែនទី​ Google​ ទាំង​នោះ​។

​យ៉ាងណាក៏ដោយ ​លោក ​ពេជ្រ ​វិ​រៈ​ បាន​អះអាង​ថា ​ប្រហែល​ត្រូវ​ការ​រយៈ​មួយ​សប្តាហ៍​បន្ទាប់​ពី​ដំណើរការ​ប្រមូល​ទីតាំង​ទាំងនេះ​បញ្ជូន​ទៅ​ក្រុមហ៊ុន​ Google​ ហើយ ​ទើប​គេ​អាច​ស្វែង​រក​ទីតាំង​ទាំង​នោះបាន​នៅលើ​ផែនទី​ Google​។

សូម​បញ្ជាក់​ថា ​នៅ​ខែ​ដើម​មេសា ​ខាងមុខ​នេះ ក្រុមហ៊ុន​ Google​  នឹង​រៀបចំ​ពិធី​ប្រកាស​បញ្ចូល​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​នៅ​លើ​ផែនទី​ Google​។​ កម្មវិធី​នេះ ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​អង្គរ​ក្នុង​ខេត្ត​សៀមរាប​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ