អានតួអត្ថបទ
កម្ពុជា

អាជ្ញា​ធរ​កំ​ពុង​កំណត់​មុខ​សញ្ញា​ចាប់​ខ្លួន​អ្នក​ធ្វើ​ឲ្យ​បាក់​ព្រះ​ពុទ្ធ​រូប​នៅ​ប្រា​សាទ​បាយ័ន

អា​ជ្ញា​ធរ​​អប្ស​រា​​កំ​ពុង​​សហ​ការ​​ជា​មួយ​ នគរ​បាល ​ដើម្បី​​កំ​ណត់​​មុខ​សញ្ញា​​ជន​ល្មើស ​ដែល​​ធ្វើ​​ឲ្យ​​បាក់​បែក​​ព្រះ​​ពុទ្ធ​រូប​​មួយ​អង្គ​ នៅ​​ប្រាង្គ​​កណ្តាល​ ប្រា​សាទ​បា​យ័ន​។ រូប​​ព្រះ​​ពុទ្ធ​បដិ​មា​​ដែល​​បាក់​​ជា​៤​បំ​ណែក​​នោះ​ មន្ត្រី​​ជំ​នាញ​​របស់​​អា​ជ្ញា​ធរ​​អប្សរា​ កំពុង​​សិក្សា​​និង​​ជួស​ជុល​​ឡើង​វិញ​។​

ទេសចរ​កំសាន្ត​នៅ​ប្រាសាទ​បាយ័ន
ទេសចរ​កំសាន្ត​នៅ​ប្រាសាទ​បាយ័ន © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃទី១២តុលា​នេះ អាជ្ញាធរ​អប្សរា បាន​បិទ​មិន​ឲ្យ​ចូល​ទស្សនា​តួ​ប៉ម​កណ្តាល របស់​ប្រាសាទបាយ័ន​ជា​បណ្តោះអាសន្ន ហើយ​រូប​បដិមា​ព្រះពុទ្ធ​ដែល​បាក់បែក​នោះ អាជ្ញាធរ​អប្សរា បាន​យកទៅ​កម្ក​ល់​នៅ​សារមន្ទីរ​នរោត្តម សីហនុ-អង្គរ ដើម្បី​ជួសជុល​ជាបន្ទាន់។

អនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​អប្សរា លោកអ៊ឹមសុខ​រិទ្ធី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា អាជ្ញាធរ​អប្សរា​កំពុង​សហការ​ជាមួយ នគរបាល​ការពារ​បេតិកភណ្ឌ និង នគរបាល​ទេសចរណ៍ ដែលមាន​ភារកិច្ច​ប្រចាំការ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត និង​ភស្តុតាង​ដើម្បី​ស្វែងរក​ជនល្មើស ដែល​បាន​បំផ្លាញ​បេតិកភណ្ឌ​ជាតិ យកទៅ​ផ្តន្ទាទោស​តាមច្បាប់។

គួររម្លឹកថា នៅ​ថ្ងៃ​យប់​ថ្ងៃ៩តុលា​កន្លងទៅ ភ្ញៀវ​ស្ត្រី​ជនជាតិ​ញ៉ូ​វ​ហ្សឺ​ឡែ​ន​ម្នាក់ អាយុ​ប្រហែល៤០ឆ្នាំ បាន​បាត់​ខ្លួន​នៅក្នុង​បរិវេណ​ប្រាសាទបាយ័ន។ អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ម្នាក់​បាន​រាយការណ៍​ដ​ល់​សមត្ថកិច្ច ដោយសារតែ​បាត់​ភ្ញៀវ​របស់ខ្លួន ពុំ​ឃើញ​ត្រឡប់​ទៅតាម​ការ​ណាត់ នៅ​លានជល់ដំរី។ អាជ្ញាធរ​និង​នគរបាល​ការពារ​បេតិកភណ្ឌ បាននាំគ្នា​រក​ពេញ​មួយ​យប់ នៅតែ​ពុំ​ឃើញ។

លុះ​ពេល​ទៀបភ្លឺ ទើប​កម្មករ​ជួស​ជួល​ប្រាសាទ ប្រទះឃើញ​ភ្ញៀវ​បរទេស​ស្រី​ម្នាក់ នៅ​ទិសអាគ្នេយ៍​នៃ​ប្រាសាទបាយ័ន ហើយ​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​អញ្ជើញ​ភ្ញៀវ​រូបនោះ​ទៅ​សួរនាំ ហើយក៏​ដោះលែង​ទៅវិញ បន្ទាប់ពី​មាន​ខាង​ម្ចាស់ផ្ទះ​សំណាក់​ទៅ​ទទួលយក។

ប្រជាជន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​រិះគន់​ក្រុម​អាជ្ញាធរ ដែល​សម្រេច​ដោះលែង​ជនសង្ស័យ ភ្ញៀវ​ស្ត្រី ជនជាតិ​ញ៉ូ​ហ្សេ​ឡែ​ន រូបនោះ។ អ្នក​ខ្លះទៀត រិះគន់ថា មកពី​មិន​មានការ​យាមកាម​បាន​ត្រឹមត្រូវ ទើប​បង្ក​ឲ្យ​មាន​ហេតុការណ៍​ដូច្នេះ​កើតឡើង។

ជុំវិញ​បញ្ហា​នេះ លោកអ៊ឹមសុខ​រិទ្ធី បញ្ជាក់ថា ជាគោលការណ៍ ការ​ទស្សនា​ប្រាសាទ​ត្រូវបាន​កំណត់​ចាប់ពី​ម៉ោង៥កន្លះ​ព្រឹក​ដល់​ម៉ោង៥កន្លះ​ល្ងាច ហើយ​ដោយឡែក​សម្រាប់​ប្រាសាទបាយ័ន គឺ​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង៧ព្រឹក។ ផុតពី​ម៉ោង​ដែល​អនុញ្ញាត មានតែ​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ របស់​ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ ដែលមាន​ភារកិច្ច​ប្រចាំការ តាម​កន្លែង​គោលដៅ។

ចំពោះ​រូប​ព្រះពុទ្ធ​បដិមា​ដែល​បាក់​ជា៤បំណែក​នោះ គឺជា​រូប ដែលមាន​កាយវិការ​យ​ក​ព្រះធរណី​ធ្វើ​ជាស​ក្សី ហើយ​ពុំមែន​ជា​បដិមា​ដើម​ដែល​បន្សល់​ពី​ចុង​សតវត្ស​ទី១២ក្នុង​រាជ​កាល​ព្រះបាទ​ជ័យ​វ​រ្ម​នទី៧នោះទេ។ អាជ្ញាធរ​អប្សរា បញ្ជាក់ថា រូប​ដែល​បាក់​នោះ គឺជា​រូប​ដែល​គេ​យកមក​ផ្សំផ្គុំ​និង​ជួសជុល​ឡើងវិញ ហើយ​ពេលនេះ គឺ បាក់​ចំ​កន្លែង​ដែល​ជួសជុល​ជាថ្មី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ