អេបូឡាអាចព្យាបាលជាសះស្បើយ តែបន្សល់ទុកផលវិបាកហួសការស្មាន
ជាច្រើនខែក្រោយពីជាសះស្បើយពីជំងឺអេបូឡា អ្នកជំងឺរួចពីស្លាប់ ជាញឹកញយត្រូវរស់ជាមួយភាពពិការ ដូចជាស្រវាំងភ្នែក ខ្វាក់ ខូចត្រចៀកដល់ថ្លង់ រលាកសន្លាក់ឈឺចុកចាប់ ដើរមិនរួច ។ល។ និង។ល។ នេះបើតាមការសិក្សាមួយ ដែលផ្តោតទៅលើផលវិបាកបន្សល់ទុកដោយមេរោគអេបូឡា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៩
ពីមុនមក អ្នកវិទ្យាសាស្ត្រ ផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងវីរ៉ុស និងថ្នាំការពារ។ នេះគឺជាលើកទីមួយ ដែលហើយក្រុមគ្រូពេទ្យមានឱកាសសិក្សាអំពីផលវិបាកដ៏ធ្ងន់ធ្ងរបន្សល់ទុកដោយមេរោគអេបូឡា តាមរយៈការប្រមូលទិន្នន័យនៃការសិក្សា ពីវិភាគរោគសញ្ញាអ្នកជំងឺដែលបានរួចពីសា្លប់នឹងមេរោគអេបូឡា នៅសៀរ៉ាឡេអូន។ ប្រទេសដែលមេរោគអេបូឡា ធ្វើការរាតត្បាតខ្លាំងជាងគេនៅអាហ្វ្រិកខាងលិច។
បើតាមការលទ្ធផលនៃការសិក្សាចុះផ្សាយនៅថ្ងៃពុធទី ២៣ធ្នូ នេះ បានបង្ហាញថា ផលវិបាកបន្សល់ទុកដោយមេរោគអេបូឡា មានលក្ខណៈធ្ងន់ធ្ងរជាងការប្រមើលទុកឆ្ងាយណាស់។ នៅក្នុងចំណោមអ្នករួចពីស្លាប់ នឹងអេបូឡា ២៧៧នាក់ (៥៧%ជាស្ត្រី) ដែលបានមកពិនិត្យសុខភាពនៅរវាងពីថ្ងៃទី ៧មីនាដល់២៤មេសា ក្រោយបានជាពីជំងឺអេបូឡា ជាមធ្យមបានបួនខែ ៧៦%មានជំងឺរលាកសន្លាក់ ៦០%មានបញ្ហាភ្នែកងងឹត ១៨%មានរលាកភ្នែក (ពិបាកមើល) និង២៤%មានបញ្ហានៅត្រចៀក ហឹង។ មិនតែប៉ុណ្ណោះ បើតាមអ្នកស្រាវជ្រាវ ប្រសិនបើមេរោគ មានចំនួនច្រើននៅក្នុងខ្លួនជំងឺ នោះផលវិបាកមានកាន់តែធ្ងន់ធ្ងរខ្លាំង វីរ៉ុសកាន់តែកាច គ្រោះងងឹតភ្នែកមានកាន់តែខ្ពស់។
តាំងពីឆ្នាំទៅម្ល៉េះ ដែលអង្គការសុខភាពពិភពលោក បានសម្គាល់ឃើញថាផលវិបាកដ៏ច្រើន និងធ្ងន់ធ្ងរ មានកើតនៅលើអ្នកជំងឺជាពីអេបូឡា រហូតបានបង្កើតពាក្យមួយថារោគសញ្ញាក្រោយអេបូឡា។ ហើយកាលពីខែតុលាថ្មីៗនេះ អង្គការសុខភាពពិភពលោក បានផ្សព្វផ្សាយលទ្ធផលសិក្សាបឋមមួយ បញ្ជាក់ថាវីរ៉ុសអេបូឡា អាចបន្តកប់នៅក្នុងទឹកកាម អ្នកជាពីអេបូឡា ដល់ទៅ៩ខែ ពោលគឺយូរពេលជាងការគិតរបស់អ្នកឯកទេសវីរ៉ុសឆ្ងាយណាស់។ ជាងនេះទៅទៀត អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ថ្វីបើមេរោគអេបូឡាអាចត្រូវបញ្ចេញបានយ៉ាងឆាប់រហ័សពីខ្លួនមនុស្សមែន ប៉ុន្តែវាអាចចូលទៅសំងំជាពិសេសនៅ ក្នុងភ្នែក ឬកន្សោមពង។ ដូច្នេះគ្រូពេទ្យចាំបាច់ត្រូវរួសរាន់តាមដានព្យាបាលភ្នែកភ្លាម ដល់រាល់អ្នកជំងឺជាពីអេបូឡា ពុំនោះទេអ្នករួចពីស្លាប់ អាចធ្លាក់ខ្លួនពិការភ្នែកបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ