អានតួអត្ថបទ
លីបេរីយ៉ា​

លីបេរីយ៉ា​ លើក​បម្រាម​គោចរ ​និង​បើក​ព្រំប្រទល់​ឡើងវិញ ​ក្រោយពី​ការឆ្លង​មេរោគ​អេបូឡា​ធ្លាក់ចុះ

ប្រទេស​លីបេរីយ៉ា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី​២០កុម្ភៈ​ម្សិលមិញ​ថា​ ខ្លួន​បាន​លើក​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស ​និង​បើក​ព្រំប្រទល់​របស់​ខ្លួន​ឡើង​វិញ​ហើយ។ ​ការ​វិវត្តន៍​ថ្មី​នេះ​ កើត​ឡើង​បន្ទាប់​ពី​អត្រា​ឆ្លង​មេរោគ​អេបូឡា​បាន​ធ្លាក់ចុះ​ គួរ​ឲ្យ​កត់សម្គាល់។

គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា នាពេលកន្លងមក។
គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា នាពេលកន្លងមក។ ©REUTERS/Samaritan's Purse
ផ្សាយពាណិជ្ជកម្ម

សេចក្ដីថ្លែងការណ៍​ពី​ប្រធានាធិបតី​លីបេរីយ៉ា​ បាន​គូស​បញ្ជាក់​ថា​ ការ​លើក​ចេញ​នូវ​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​នេះ​ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃអាទិត្យ​ ទី​២២ខែកុម្ភៈ​តទៅ។ ​លោកស្រី ​Ellen Johnson​ Sirleaf​ ប្រធានាធិបតី​លីបេរីយ៉ា​ ក៏​បាន​បញ្ជាក់​ពី​ការ​បើក​ព្រំដែន​សំខាន់ៗ​របស់​ខ្លួន​ឡើង​វិញ​ផងដែរ​ បន្ទាប់​ពី​បាន​បិទ​អស់​មួយ​រយៈ​ ចាប់​តាំង​ពី​មាន​ការ​រីក​រាតត្បាត​នៃ​មេរោគ​អេបូឡា​ កាល​ពី​ឆ្នាំ២០១៤​កន្លង​ទៅ។

ការ​លើក​បម្រាម​គោចរ​ ក៏​ដូចជា​បើក​ព្រំដែន​របស់​ប្រទេស​លី​បេរីយ៉ា​នៅ​ពេល​នេះ​ ធ្វើឡើង​បន្ទាប់​ពី​លីបេរីយ៉ា​ និង​ប្រទេសជិតខាង​របស់ខ្លួន​ គឺ​ប្រទេស​ហ្គីណេ​ និង​សៀរ៉ាឡេអូន​ បាន​សង្កេត​ឃើញ​ថា​ ការ​ឆ្លង​រាតត្បាត​របស់​ជំងឺ​អេបូឡា​ដ៏​កាចសាហាវ​ មាន​បរិមាណ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ​គឺ​ធ្លាក់ចុះ​ដល់​ទៅ​១ភាគ១០ ​នៃ​ចំនួន​ករណី​ឆ្លង​ដែល​បាន​កើតឡើង​នៅ​ចុងខែ​កញ្ញា​ ឈាន​ចូល​ខែតុលា​ ឆ្នាំ២០១៤កន្លង​ទៅ។

ប្រទេស​លីបេរីយ៉ា​ ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ និង​ដែលមាន​អត្រា​អ្នកស្លាប់​ច្រើនជាង​គេ​បំផុត​ ដោយសារ​ជំងឺ​អេបូឡា​ បាន​ក្លាយ​ទៅជា​ប្រទេស​នាំមុខគេ​ ក្នុង​ការ​ស្ទុះ​ងើបឡើង​វិញ​ពី​វិបត្តិ​នេះ។

លោកស្រី​ប្រធានាធិបតី​លីបេរីយ៉ា​ Ellen Johnson Sirleaf ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី២៧ខែកុម្ភៈ​ ដើម្បី​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ​នៅ​សេតវិមាន។ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សេតវិមាន​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២០​កុម្ភៈ​។ ​បើតាម​សេតវិមាន ជំនួប​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​នេះ ​នឹងធ្វើ​ឡើង​ដោយមាន​របៀប​វារៈ​សំខាន់​ គឺ​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​អេបូឡា​ ព្រម​ទាំង​ភារកិច្ច​ដ៏​ចាំបាច់​​និង​ហត់នឿយ​ ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

គួរ​ជម្រាបជូន​ថា តាំងពី​មានការ​ផ្ទុះឡើង​នៃ​មេរោគ​អេបូឡា ​នៅ​ឆ្នាំ២០១៤​កន្លង​ទៅ​ មនុស្ស​ជាង​២ម៉ឺន៣ពាន់​នាក់​ បាន​ឆ្លង ហើយ​ក្នុង​ចំណោម​នោះ​ មនុស្ស​ជិត៩ពាន់៥រយ​នាក់ បាន​ស្លាប់​បាត់​បង់ជីវិត។ ​អាជ្ញាធរ​សុខាភិបាល​ បាន​សារភាព​ថា​ ចំនួន​នេះ​ គឺជា​អ្វី​ដែល​ខ្លួន​បាន​ដឹង​តាមរយៈ​សេចក្ដីរាយការណ៍។ ​ប៉ុន្តែ​បើ​រាប់ទាំង​ករណី​ស្លាប់​ដោយ​មិនបាន​រាយការណ៍​មកកាន់​អាជ្ញាធរ​ ចំនួន​អ្នកស្លាប់​ពិតប្រាកដ​ អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ