អានតួអត្ថបទ
បារាំង

លោកនាយករដ្ឋមន្ត្រី​ Jean-Marc​ Ayrault​ ប្តេជ្ញា​ការពារ​ផែនការ​រដ្ឋាភិបាល​

លោក​ ​ Jean-Marc Ayrault​ បាន​ថ្លែង​ពន្យល់​ប្រជាជន​បារាំង​អស់​រយៈពេល​ជាង​ពីម៉ោង​នៅយប់​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​តាម​ទូរទស្សន៍​ France 2 ​។​ លោក​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​បង្ហាញ​ឲ្យឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ក្នុងកិច្ច​ការពារ​សកម្មភាព​របស់លោក​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​។​ ទាំងនេះ​មួយថ្ងៃ​មុន​ការបង្ហាញ​ផែនការ​ថវិកា​ឆ្នាំ២០១៣​នៅ​ពេល​ប្រជុំ​គណៈ​រដ្ឋមន្ត្រី។​ ផែនការ​ថវិកា​ដែល​ឋិត​នៅក្រោម​សភាព​ខិតខំ​ប្រឹងប្រែង​ និង​ការកាត់​បន្ថយ​ការ​ចំណាយ​របស់រដ្ឋ។

លោក​នាយករដ្ឋមន្ត្រី​​​Jean-Marc Ayrault​​ ​ថ្លែង​​ពន្យល់​​ប្រជាជន​​បារាំង​​នៅយប់​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​​តាម​​ទូរទស្សន៍​​ France 2 ​
លោក​នាយករដ្ឋមន្ត្រី​​​Jean-Marc Ayrault​​ ​ថ្លែង​​ពន្យល់​​ប្រជាជន​​បារាំង​​នៅយប់​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​​តាម​​ទូរទស្សន៍​​ France 2 ​
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault​ បាន​ថ្លែង​ប្រកាស​យ៉ាងខ្លាំងៗ​ជាច្រើនដង​ថា​ ​ “ខ្ញុំ​ពុំ​បោះបង់​ចោលឡើយ​ ​ កាតព្វកិច្ច​និង​ការប្រយុទ្ធ​របស់ខ្ញុំ!!!”​។​ ទាំងនេះ​ ដើម្បី​ឲ្យ​ប្រជាជន​បារាំង​មាន​ទំនុកចិត្ត​កក់ក្តៅ​ ​ និង​ដើម្បី​គូស​បញ្ជាក់​ឲ្យ​ដឹងថា​ ​ ការតស៊ូ​ខិតខំ​ធ្វើការ​ប្រយុទ្ធ​ពុំបាន​ធ្វើឲ្យ​លោក​មានការ​ញញើត​អ្វី​សោះឡើយ។​ ពិតមែនហើយ​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​សង្គម​បារាំង​កំពុង​ឋិត​នៅក្នុង​សភាព​មួយ​ដ៏​គួរ​បារម្ភ​ ​ ប៉ុន្តែ​វាក៏ជា​ពេលដែល​លោក​ ​ Jean-Marc Ayrault​ ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្លួន​ក្នុងការ​ប្រយុទ្ធ​ដើម្បី​រិះរក​ដំណោះស្រាយ​ជូន​ប្រទេសជាតិ។

 
ស្ថានភាព​សេដ្ឋកិច្ច​បារាំង​ធ្លាក់ចុះ​កាន់តែ​ដុនដាបទៅៗ​ ​ ចំនួន​ប្រជាជន​គ្មានការងារ​ធ្វើ​ក៏​បាន​កើនឡើង​លើសពី​៣លាននាក់​ ​ ហើយ​សន្ធិសញ្ញា​ថវិកា​អឺរ៉ុប​ដែល​នឹង​ត្រូវ​យកទៅ​ពិនិត្យ​មើល​នៅ​ប៉ុន្មានថ្ងៃ​ខាងមុខនេះ​នៅ​រដ្ឋសភា​ ​ ក៏បាន​ផងដែរ​ធ្វើឲ្យ​មាន​ការ​បាក់បែក​នៅ​ក្នុង​ជួរ​បក្ស​នយោបាយ​កាន់​អំណាច​បច្ចុប្បន្ន។​ ការស្ទាបស្ទង់​មតិ​មួយ​ទើបនឹង​បាន​បង្ហាញ​ឲ្យដឹងថា​ ​ មាន​ប្រជាជន​បារាំង​ប្រមាណ​៦២%​ពុំ​ពេញចិត្ត​នឹង​នយោបាយ​សេដ្ឋកិច្ច​និង​នយោបាយ​សង្គម​របស់​រដ្ឋាភិបាល។

នៅក្នុង​បរិបទ​បែបនេះ​ ​ លោក​នាយករដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault​ ត្រូវតែ​ខិតខំ​បង្ហាញ​ឲ្យឃើញ​នូវ​ភាព​ប្តេជ្ញាចិត្ត​និង​ការប្រយុទ្ធ​ដ៏​មោះមុត​របស់​ខ្លួន​ ​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលបំណង​ចម្បង​របស់​រដ្ឋាភិបាល​គឺ​ ធ្វើឲ្យ​ឧនភាព​សាធារណៈ​ធ្លាក់​មកនៅ​ក្រោម​៣%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​នៅ​ឆ្នាំ២០១៣​ខាងមុខនេះ។​ ដូច្នេះ​នៅក្នុង​ផែនការ​ថវិកា​ឆ្នាំ២០១៣​ ​ រដ្ឋាភិបាល​របស់​លោក​​ Jean-Marc Ayrault​ គ្រោង​ធ្វើការ​ដំឡើង​ពន្ធដារ​ប្រមាណ​១០ពាន់លាន​អឺរ៉ូ​សម្រាប់​ប្រជាជន​បារាំង​ ​ ហើយនិង​១០ពាន់លាន​អឺរ៉ូ​សម្រាប់​សហគ្រាស។

គួរកត់​សម្គាល់ថា​ ​ ទោះបីជា​លោក​នាយករដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault​ បាន​ថ្លែង​ប្រាប់ថា​ លោកពុំ​ធ្វើការ​ដំឡើង​ពន្ធ​លើ​តម្លៃ​បន្ថែម​ TVA ​ហើយនិង​ពន្ធ​ CSG ​ឬ​ពន្ធ​ជំនួយ​សង្គម​ទូទៅ​នៅ​ឆ្នាំ២០១៣​ក៏ដោយ​ ​ ក៏​លោកពុំ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ថា​មានការ​ប្រែប្រួល​យ៉ាងណា​ឡើយ​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់​មកទៀត។
លោក​នាយករដ្ឋមន្ត្រី​បារាំង​ពុំបាន​ធ្វើការ​សន្យា​អ្វី​ថ្មី​ទេ។​ លោក​គ្រាន់តែ​ថ្លែងប្រាប់ថា​ ​ អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​គឺ​ខិតខំ​ធ្វើ​យ៉ាងណា​ ឲ្យ​ចំនួន​អ្នកឥត​ការងារ​នៅ​ក្នុង​ប្រទេស​បារាំង​ធ្លាក់​ស្រុតចុះ​វិញ​ ​ ក្នុង​រយៈពេល​មួយឆ្នាំ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ