អានតួអត្ថបទ
បារាំង

លោកប្រធានាធិបតី​ហ្វ្រង់ស្វ័រ​ហូឡង់​ត្រូវការ​ពេល​ពីរឆ្នាំ​សម្រាប់​ប្រយុទ្ធ​លើក​ស្ទួយ​ប្រទេស​

ប្រជាប្រិយភាព​ធ្លាក់ស្រុតចុះ​នៅក្នុង​ការស្ទាបស្ទង់​មតិ​ ​ ការទិតៀន​មានកាន់តែ​ខ្លាំងឡើងៗ​នៅក្នុង​សារព័ត៌មាន​ ​ ដើម្បី​ស្តារ​ប្រជាប្រិយភាព​និង​ដើម្បី​ធ្វើឲ្យ​ប្រជាជន​បារាំង​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​ ​ លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ បាន​ឡើងមក​ថ្លែង​ពន្យល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​ម្សិលមិញ​នៅ​ម៉ោង៨យប់​ ​ ដោយបាន​ប្រកាស​ប្រាប់​ឲ្យដឹង​ពី​ប្រតិទិន​ជាក់ច្បាស់​នៃ​កំណែ​ទម្រង់​ ​ ហើយនិង​កំណត់​ពី​ទិសដៅ​ថ្មី​ដើម្បី​ប្រយុទ្ធ​លើក​ស្ទួយ​ប្រទេស​បារាំង។

លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ ថ្លែង​​ពន្យល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​២០១២
លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ ថ្លែង​​ពន្យល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​២០១២ REUTERS/Hand Out
ផ្សាយពាណិជ្ជកម្ម

ប្រតិទិន​ជាក់ច្បាស់​នៃ​កំណែ​ទម្រង់

 
តាមរយៈ​កញ្ចក់​ទូរទស្សន៍​ TF1 ​នៅ​ថ្ងៃអាទិត្យ​ទី៩​កញ្ញា​ម្សិលមិញ​ ​ លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ បាន​ថ្លែង​ពន្យល់​ថា​ ​ “នៅឆ្នាំ២០១៧​ យើង​ប្រាកដ​ជា​មាន​ជីវភាព​រស់នៅ​ស្រួលជាង​នៅ​ឆ្នាំ២០១២”​ ​ ប៉ុន្តែ​ដើម្បី​ឈាន​ឲ្យដល់​ជីវភាព​នេះ​ ​ យើងត្រូវការ​ប្រតិទិន​ជាក់ច្បាស់​នៃ​កំណែ​ទម្រង់​សម្រាប់​រយៈកាល​ពីរឆ្នាំ​ ​ ដើម្បី​ប្រយុទ្ធ​លើក​ស្ទួយ​សេដ្ឋកិច្ច​និង​សង្គម​បារាំង។​ ប្រទេស​បារាំង​ដែល​កំពុង​មាន​អត្រា​ឥតការងារ​ធ្វើ​ខ្ពស់​ ​ សភាព​ប្រកួត​ប្រជែង​ធ្លាក់​ស្រុតចុះ​ ​ ឧនភាព​និង​ប្រាក់​បំណុល​សាធារណៈ​ធំប៉ុនភ្នំ។​ ដូច្នេះ​ បេសកកម្ម​របស់​ខ្ញុំ​គឺ​ធ្វើការ​ប្រយុទ្ធ​ដើម្បី​លើកស្ទួយ​ប្រទេស​ជាតិ​របស់យើង។

បញ្ហា​ការងារ
 
ក្នុងខណៈពេល​ដែល​ចំនួន​អ្នក​ឥតការងារ​ធ្វើ​បាន​ឈាន​ឆ្លងលើស​ពី​បីលាននាក់​ ​ លោកប្រធានាធិបតី​ ហ្វ្រង់ស្វ័រ​ ហូឡង់​ បាន​ថ្លែងថា​ ​ “ចាប់ពី​ពេលនេះ​ទៅទល់​មួយឆ្នាំ​ខាងមុខ​ ​ លោកនឹង​ធ្វើឲ្យ​ចំនួន​អ្នកឥត​ការងារ​ធ្វើ​ធ្លាក់ស្រុត​ចុះទាប”​។​ ដូច្នេះ​ យើង​ត្រូវតែ​ធ្វើការ​ចរចា​និង​ចាត់តាំង​ឡើង​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​កិច្ចព្រមព្រៀង​ការងារ​រវាង​ជំនាន់​អ្នកមាន​វ័យក្មេង​និង​អ្នកមាន​វ័យ​ចំណាស់​ ​ ហើយនិង​កំណែ​ទម្រង់​ទីផ្សារ​ការងារ។

កំណើន​សេដ្ឋកិច្ច
 
នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ Jean-Marc Ayrault ​ធ្លាប់បាន​ថ្លែងប្រាប់​ឲ្យដឹង​ហើយថា​ ​ នៅឆ្នាំ២០១៣​ខាងមុខនេះ​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​នឹង​មាន​តិចទាប​ជាង​ការ​គ្រោង​ទុក​ពីពេល​មុខ។​ ដូច្នេះហើយ​បាន​ជា​លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែងថា​ ​“ខ្ញុំ​សង្ឃឹម​ថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​អាច​មាន​លើសពី​០,៨%​ ​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​រៀបចំ​ថវិកា​របស់​ខ្លួន​ឲ្យ​បាន​សមស្រប​តាម​សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស”។

បញ្ហា​ពន្ធដារ
 
ដើម្បី​ប្រយុទ្ធ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​នៅ​ឆ្នាំ២០១៣​ ​ រដ្ឋាភិបាល​បារាំង​របស់​លោក​ ហ្វ្រង់ស្វ័រ​ ហូឡង់​ ត្រូវ​រកប្រាក់​បន្ថែមទៀត​ឲ្យបាន​៣០ពាន់លាន​អឺរ៉ូ​ ​ ដែលជា​បរិមាណ​ដ៏ច្រើន​​មហិមា​ពុំ​ដែល​កើតមាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាធារណរដ្ឋ​ទី៥​បារាំង។
ដូច្នេះ​ ១០ពាន់លាន​អឺរ៉ូ​ត្រូវរក​ឲ្យបាន​ ​ តាមរយៈ​ការកាត់​បន្ថយ​នៃ​ការ​ចំណាយ​នៅ​ក្នុង​ក្រសួង​ទាំងអស់​ ​ លើកលែង​តែ​ក្រសួង​អប់រំជាតិ​និង​ក្រសួង​យុត្តិធម៌​ ​ ដែល​ លោកប្រធានាធិបតី​ ហ្វ្រង់ស្វ័រ​ ហូឡង់​ធ្លាប់​បាន​ប្រកាស​ប្រាប់​ពី​ “អាទិភាព”​ ដែល​លោក​បាន​ផ្តល់​ឲ្យ​ក្រសួង​ទាំងពីរនេះ។
១០ពាន់លាន​អឺរ៉ូ​ត្រូវរក​ឲ្យបាន​ ​ តាមរយៈ​ការ​ដំឡើង​ពន្ធដារ​នៅតាម​សហគ្រាស​ ​ លើកលែង​តែ​សហគ្រាស​ខ្នាតតូច​និង​មធ្យម PME ។
១០ពាន់លាន​អឺរ៉ូ​ត្រូវរក​ឲ្យបាន​ ​ តាមរយៈ​ការ​ដំឡើង​ពន្ធដារ​ទៅលើ​ប្រជាជន​ដែល​រស់​នៅ​លើ​ទឹកដី​បារាំង​ហើយ​មាន​ជីវភាព​រស់នៅ​សម្បូណ៌​ធូរធា។

ការដាក់​ពន្ធ​ដែលមាន​អត្រា​៧៥%
 

ការដាក់​ពន្ធ​ដែលមាន​អត្រា​៧៥%​ទៅលើ​ជនណា​ដែលមាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​លើសពី​មួយលាន​អឺរ៉ូ​ឡើងទៅ​ ​ គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅ​បវេសនកាលនេះ។​ លោកប្រធានាធិបតី​ ហ្វ្រង់ស្វ័រ​ ហូឡង់​ បាន​ថ្លែង​បញ្ជាក់ថា​ ​ វិធានការនេះ​ជា​វិធានការ​បណ្តោះ​អាសន្ន​សម្រាប់​រយៈពេល​តែ​ពីរឆ្នាំ​ប៉ុណ្ណោះ​ ​ នៅ​ខណៈពេល​ដែល​ប្រទេសជាតិ​និង​សេដ្ឋកិច្ច​កំពុង​មាន​ស្ថានភាព​លំបាក​ ​ ដូច្នេះ​ប្រជាជន​បារាំង​គ្រប់រូប​ទាំងអ្នកមាន​ ទាំងអ្នកក្រ​ ​ ជាពិសេស​ប្រជាជន​បារាំង​ដែលមាន​សម្បត្តិ​ទ្រព្យ​ស្តុកស្តម្ភ​ត្រូវតែ​បញ្ចេញ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ស្នេហាជាតិ​របស់​ខ្លួន​នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ