អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវការ​២០០លាន​​ដុល្លារ​​ដើម្បី​អនុវត្ត​កម្មវិធី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ

វេទិកា​ថ្នាក់​ជាតិ​លើក​ទី​២​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​បាន​បិទ​ បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥​តុលា បន្ទាប់​ពី​បាន​ដំណើរការ​រយៈពេល​៣​ថ្ងៃ។ វេទិកា​នេះ​បាន​បិទ​បញ្ចប់​ជាមួយ​ការប្រកាស​ប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ ​ចូលរួម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ បើទោះ​ជា​កម្ពុជា​មិនមែន​ជា​តួអង្គ​បង្ក​អោយ​មាន​បាតុភូតិ​ធម្មជាតិ​នេះ​ក៏​ ដោយ។ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ថវិកា​ពី​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​អាច​អនុវត្ត​ ផែនការ​សកម្មភាព​របស់​ខ្លួន​បាន។

គ្រោះ​រាំង​ស្ងួត​នៅខេត្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា
គ្រោះ​រាំង​ស្ងួត​នៅខេត្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា​ត្រូវការ​ថវិកា​ប្រហែល​២០០លាន​ដុល្លារ​ដើម្បី​អនុវត្ត​អោយ​បាន​ពេញលេញ​នូវ​សកម្មភាព​បន្ស៊ាំ​បន្ទាន់​នឹង​ការប្រែប្រួល​អាកាសធាតុ។ នេះ​គឺ​ជា​ការលើកឡើង​របស់​លោក​ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​របស់​ក្រសួង​បរិស្ថាន។ នៅក្នុង​វេទិកា​ថ្នាក់​ជាតិ​លើកទី​២​ស្តី​ការ​ប្រែប្រួល​អាកាសធាតុ មន្ត្រី​កម្ពុជា​រូប​នេះ​បាន​ថ្លែង​ថា កម្ពុជា​កំពុង​បញ្ចុះបញ្ចូល​ប្រទេស​អភិវឌ្ឍ​អោយ​ផ្តល់ ​ហិរញ្ញប្បទាន​ថ្មី​យ៉ាងហោច​ណាស់ ១,៥ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​ពួកគេ ពី​លើ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ។

វា​ជា​ការ​អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ ប៉ុន្តែ​វាក៏​បាន​បង្ហាញ​ផងដែរ​ពី​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការចូលរួម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ។ ថ្លែង​នៅក្នុង​ឱកាស​បិទ​វេទិកា​ថ្នាក់​ជាតិ លោក​ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ​បាន​ថ្លែង​ថា កម្ពុជា​ពិត​ជា​ជន​រងគ្រោះ​នៃ​បញ្ហា ដែល​ខ្លួន​មិន​បាន​បង្ក​ឡើង។ ប៉ុន្តែ​កម្ពុជា​ពេញចិត្ត​ចូលរួម​ដោះស្រាយ​បញ្ហា​ជា​សកលនេះ។ ចំពោះ​លោក​រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា គេ​អាច​ផ្លាស់ប្តូរ​វិបត្តិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ អោយ​ទៅ​ជា​ឱកាស​ថ្មី​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដោយ​បង្កើត​អោយ​មាន​តំបន់​បៃតង​អោយ​បាន​ច្រើន បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក និង​ការ​ធ្វើ​អោយ​កាន់​តែ​ស៊ាំ​នឹង​អាកាសធាតុ។

គួរ​បញ្ជាក់​ថា វេទិកា​ជាតិ​នេះ​បាន​ផ្តល់​ឱកាស​អោយ​កម្ពុជា​រៀបចំ​គោល​ជំហរ​របស់​ខ្លួន​សម្រាប់​សន្និសីទ​របស់​ភាគី​លើក​ទី​១៧​ដែល​នឹង​ប្រព្រឹត្តទៅ​ទីក្រុង ឌូបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ចុងឆ្នាំ​២០១១​នេះ។ មាន​ការ​រំពឹង​ទុក​ថា សន្និសីទ​នោះ នឹង​ផ្តល់​ឱកាស​អោយ​ប្រទេស​ទាំងអស់​ឯកភាព​គ្នា ក្នុង​ការដោះស្រាយ​បែប​ពហុភាគី​លើ​ការ​ប្រែប្រួល​អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ