អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​ រួមគ្នា​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ

រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ដែល​ជា​ម្ចាស់​ជំនួយ បាន​បញ្ជាក់​ឡើងវិញ នូវ​ភាពចាំបាច់ លើ​កិច្ច​ប្រឹងប្រែង​រួមគ្នា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​សកល នាពេលនេះ។ ក្រុម​ការងារ​ចម្រុះ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រៀបចំ​ផែនការ​អនុវត្ត​សម្រាប់​ដំណាក់កាល​ថ្មី ក្រោយពី​ការ​បង្កើត សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ​នេះ។

សកម្មជន​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ
សកម្មជន​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:44

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

សហភាព​អឺរ៉ុប​ អង្គការ​យូ​អិន​ឌី​ភី​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែត ( ស៊ី​ដា )និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដាណឺម៉ាក ( ដា​នី​ដា ) បាន​រួមគ្នា​ផ្តល់​នូវ​មូលនិធិ​ចំនួន ៨,៩ លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​កម្មវិធី ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា។

កម្មវិធី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បង្កើត​ឡើង​កាលពី​ខែ​កុម្ភៈ ត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១០ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ និង​ការ​ប្រឈម​នានា។ គម្រោង​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​អនុវត្ត​មុន​គេ​នៅ​តំបន់​ឆ្នេរ ក្នុង​ខេត្ត​កោះកុង និង​ខេត្ត ព្រះសីហនុ។

ក្រោយពី​បង្កើត​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ក្នុង​រយៈ​ពេល ៦ ខែ​នេះ ក្រុម​ការងារ​ចម្រុះ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រៀបចំ​ផែនការ​អនុវត្ត​សម្រាប់​ដំណាក់​កាល​ថ្មី។ ជាមួយគ្នា​នោះ អង្គ​សិក្ខាសាលា​បើក​កម្មវិធី សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភ្នំពេញ។ សិក្ខាសាលា​រយៈពេល​ពេញ​មួយ​ថ្ងៃ​ពុធ​នេះ ដើម្បី​ជួយ​ដល់​ក្រុម​ការងារ​ចម្រុះ ឲ្យ​ស្វែង​យល់ និង​មាន​ភាព​ជា​ម្ចាស់​លើ​គោលដៅ និង​លទ្ធផល​រំពឹងទុក។

អង្គសិក្ខាសាលា ក៏​មាន​រួម​បញ្ចូល​ផង​ដែរ នូវ​ការពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនៈភាព ដែល​បាន​សម្រេច​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក ការ​ពិភាក្សា​លើ​ការណែនាំ​អំពី​ការប្រើប្រាស់​ជំនួយ ការពិភាក្សា​លើ​អភិក្រម​ការអភិវឌ្ឍន៍​សមត្ថភាព ការធ្វើ​សុខដុមនីយកម្ម និង​លទ្ធផល​រំពឹងទុក របស់​ការងារ​កិច្ច​ផ្តួចផ្តើម​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា សម្រាប់​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១១។

លោក​ទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ បាន​គូស​បញ្ជាក់​នូវ​ការ​យកចិត្តទុក​ដាក់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ។ រដ្ឋាភិបាល​កំពុង​តែ​បំពេញ​ភារៈកិច្ច​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​ដំណាក់កាល​មួយ ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ កំពុងតែ​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ នៅ​កម្ពុជា និង​នៅ​ទូទាំង​សកលលោក។

ចំណែក​លោក រ៉ាហ្វាអ៊ែល ដូឆាវម៉ូរ៉េនណូ ភារៈធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធី​នៅ​ព្រឹកមិញ​ថា ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ មាន​ទំហំ​ធំធេង ដែល​ទាមទារ​ឲ្យ​មាន​ការ​តាំងចិត្ត និង​កិច្ចខិតខំរួម​ពី​ភាគី​ទាំង​អស់ ដើម្បី​សម្របសម្រួល​កិច្ចខិតខំ​នានា និង​ការផ្តល់​ជំនួយ​ឲ្យ​ត្រូវ​តាម​យុទ្ធសាស្ត្រ និង​អាទិភាព​ជាតិ។

ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ក្រៅតែ​ពី​ការ​កើនឡើង​កំដៅ បង្ក​ជា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ក៏​បាន​បណ្តាល​អោយ​កើត​ជម្ងឺ ប៉ះពាល់​សុខភាព​មនុស្ស​សត្វ និង​ការ​ប្រែប្រួល​របប​ទឹកភ្លៀង ទៅលើ​ប្រព័ន្ធ​កសិកម្ម និង​ប្រព័ន្ធ​អេកូឡូស៊ី ជាដើម។ ក្នុង​ឆ្នាំ​កន្លងមក កម្ពុជា​បាន​ទទួល​រងគ្រោះ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​គ្រោះរាំងស្ងួត ទឹកជំនន់ និង​ជា​ពិសេស ខ្យល់ព្យុះ​កំណាច កេត​សាណា ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ទឹកប្រាក់​ប្រមាណ ១៣១ លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ