អានតួអត្ថបទ
កម្ពុជា

អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ៥០០​នាក់​ហើយ ​បាន​ចុះ​ឈ្មោះ​ចូល​រួម​សង្កេត​ការណ៍​ប្រឡង​បាក់​ឌុប​លើក​ទី​២

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​ ២២​ កញ្ញា​នេះ​ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជា​សង្គម​ស៊ីវិល ​វិស័យ​ឯកជន​ និង​ បុគ្គល​ឯកជន​ប្រមាណ​ជាង​៥០០​នាក់​ហើយ​បាន​ចុះ​ឈ្មោះ​ចូល​រួម​សង្កេត​ការណ៍​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​ ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ​នេះ​បើ​តាម​លោក​ស្រី ​ម៉ា សូយ៉ិនដា​ប្រធាន​នាយក​ដ្ឋាន​អប់​រំ​ បង្ការ និង​ទប់​ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​នៅ​រសៀល​នេះ។

ការប្រលងរបស់សិស្សបាក់ឌុបកាលពីពេលកន្លងមក។
ការប្រលងរបស់សិស្សបាក់ឌុបកាលពីពេលកន្លងមក។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ទទួល​បាន​អ្នក​ស្ម័គ្រ​ជាង ​៥០០​នាក់​ហើយ​សម្រាប់​ចូល​រួម​សង្កេតការណ៍​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ និង​ ១៤​ តុលា​ខាង​មុខ​នេះ។

លោកស្រី​ម៉ា សូយ៉ិនដា បាន​លើក​ឡើង​ថា ​អ្នក​ស្ម័គ្រ​ទាំង​នេះ ​មាន​ខ្លះ​ជា​អ្នក​ស្ម័គ្រ​ចាស់​ដែល​បាន​ចូល​រួម​សង្កេតការណ៍​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​មួយ និង​ ខ្លះ​ទៀត​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ថ្មី។ សូម​ជម្រាប​ជូន​ថា ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ប្រកាស​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​ចូល​រួម​សង្កេតការណ៍​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​២កាល​ពី​ថ្ងៃ​ទី​០៩​ កញ្ញា​ ហើយ​គ្រោង​នឹង​ឈប់​ទទួល​ចុះឈ្មោះ​នៅ​ថ្ងៃ​ទី​០៣​ តុលា។ បើ​តាម​លោកស្រី ម៉ា សូយ៉ិនដា អ្នក​ស្ម័គ្រ​ទាំង​ ៥០០​នាក់​នោះ​ មាន​ទាំង​សង្គម​ស៊ីវិល ​និង​ បុគ្គល​ឯកជន។

គួរ​បញ្ជាក់​ដែរ​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​រឹតបន្តឹង​ការ​ប្រឡង​បាក់​ឌុប ដើម្បី​វាស់​ស្ទង់​ចំណេះ​ដឹង​សិស្ស ​និង​ លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រឡង។ ក្រសួង​អប់​រំ បាន​សហការ​គ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ស្ម័គ្រ​ចូល​រួម​សង្កេតការណ៍​ ដើម្បី​ឲ្យ​ការ​រឹត​បន្តឹង​ការ​ប្រឡង​កាន់​តែ​មាន​ប្រសិទ្ធភាព។ កាល​ពី​សម័យ​ប្រឡង​បាក់​ឌុប​លើក​ទី​មួយ ​នៅ​ថ្ងៃ​ទី​៤ ​និង​ទី​៥​ សីហា ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជា​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​បុគ្គល​ឯកជន​ប្រមាណ​ជាង​២ ៧០០​នាក់​ បាន​ចូល​រួម​សង្កេត​ការណ៍។
ជា​លទ្ធផល ​សិស្ស​តែ​ជាង​២៥​ភាគ​រយ​ប៉ុណ្ណោះ​បាន​ប្រឡង​ជាប់។

ស្រប​ពេល​កំពុង​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​គ្រោង​នឹង​រៀបចំ​កម្ម​វិធី​ប្រគល់​លិខិត​សរសើរ​ និង​ ថ្លែង​អំណរ​គុណ​ដល់​អ្នក​ស្ម័គ្រ​ទាំង​អស់​ដែល​បាន​ចូល​រួម​សង្កេតការណ៍​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​១​ផង​ដែរ។
កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ នៅ​ថ្ងៃ​សៅរ៍​ ទី​២៧​ ក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ