រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ រៀនអង់គ្លេសឲ្យចេះគឺជួយកម្ពុជា
លោក ស៊ុន ចាន់ថុល បានជម្រុញសិស្ស និស្សិតណា ដែលចេះភាសាអង់គ្លេសមិនច្បាស់ ឬមិនទាន់បានរៀនភាសាអង់គ្លេស ឲ្យទៅចុះឈ្មោះរៀនអង់គ្លេស នៅថ្ងៃនេះភ្លាម។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងថា កាលណាប្រជាជនកម្ពុជាចេះភាសាអង់គ្លេសបានច្បាស់គឺមានន័យថា ជួយប្រទេសកម្ពុជាឲ្យជោគជ័យក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ហើយ។ នៅចំពោះមុខមនុស្សជិត២ពាន់នាក់ ក្នុងសិក្ខាសាលាព្រឹកមិញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកទេសរដ្ឋមន្ត្រីបានទទូចឲ្យយុវជនពិចារណាសម្រង់សម្ដីដ៏ល្បីមួយរបស់លោក កេណ្ណឌី (John F. Kennedy) អតីតប្រធានាធិបតីអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
អនុប្រធានក្រុមហ៊ុន ជេន្នើរ៉ល អេឡិកទ្រិក របស់អាមេរិក គឺជាវាគ្មិនដ៏កម្រក្នុងសិក្ខាសាលា ដែលរៀបចំជាស៊េរី ដោយក្រសួងពាណិជ្ជកម្ម ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង ក្រុមហ៊ុន ជេន្នើរ៉ល អេឡិកទ្រិក (GE Imagination at work)។ ប្រាកដណាស់ ព្រឹកមិញ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ចន រ៉ាយស៍ (John G. Rice) និយាយអង់គ្លេស ក្នុងបទអន្តរាគមន៍ ដែលផ្តោតលើ«ភាពជាអ្នកដឹកនាំសម្រាប់និស្សិតបច្ចុប្បន្ន នៅពេលដែលកម្ពុជាចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រុញឱ្យអ្នកចូលរួមប្រហែល១៦០០នាក់ ដែលភាគច្រើនជាយុវជន ចុះឈ្មោះរៀនភាសាអង់គ្លេសឱ្យចេះច្បាស់«នៅថ្ងៃនេះ»តែម្តង។
លោក ស៊ុន ចាន់ថុល អះអាងថា ប្រជាជនកម្ពុជាចេះអង់គ្លេសច្រើន កម្ពុជានឹងទទួលបានជោគជ័យ ក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ លោកទេសរដ្ឋមន្ត្រី បានពន្យល់ថា អង់គ្លេសគឺជាភាសាអន្តរជាតិដ៏សំខាន់ ក្នុងអាស៊ាន។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន ជេន្នើរ៉ល អេឡិកទ្រិក រយៈពេល១៦ឆ្នាំដែរនោះ បានថ្លែងថា «កុំសួរថាតើប្រទេសរបស់អ្នកអាចធ្វើអ្វីសម្រាប់អ្នក ចូរសួរថាអ្វីដែលអ្នកអាចធ្វើបានសម្រាប់ប្រទេសរបស់អ្នក» ដោយត្រាប់តាមសម្រង់សម្ដីដ៏ល្បីល្បាញមួយរបស់អតីតប្រធានាធិបតីអាមេរិក ដែលបានថ្លែងក្នុងឆ្នាំ១៩៦១ ពេលដែលលោក ចន កេណ្ណឌី (John F. Kennedy) ចូលកាន់តំណែង។
លោក ស៊ុន ចាន់ថុល ដែលទើបចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដំបូងនៅឆ្នាំ២០១៣ ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអាណត្តិទី៥ បានចោទសួរថា «តើប្រកួតប្រជែងជាមួយ [ក្នុង] អាស៊ានម៉េចបាន បើយើងអត់ចេះភាសាហ្នឹង [ភាសាអង់គ្លេស] ?»។
អ្វីដែលរដ្ឋមន្ត្រីថ្មីនៃក្រសួងពាណិជ្ជកម្មបារម្ភគឺធនធានមនុស្សពូកែៗរបស់កម្ពុជា ចាកចេញទៅធ្វើការនៅបរទេស ដែលបង្កឱ្យមានបាតុភូត«រំហូរចេញនៃខួរក្បាល»។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ខិតខំទាក់ទាញវិនិយោគិនបរទេសឱ្យមករកស៊ីនៅកម្ពុជា តាមរយៈការចរចាជាមួយប្រទេសនានាលើពិភពលោក ដែលអាចជាទីផ្សារសម្រាប់ទំនិញកម្ពុជា ឱ្យលើកលែងពន្ធនាំចូលទាំងស្រុង ឬបញ្ចុះអត្រាពន្ធនាំចូល ចំពោះទំនិញផលិតនៅក្នុងប្រទេសក្រីក្រនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ