អានតួអត្ថបទ
វិស័យការពារអឺរ៉ុប

សហភាពអឺរ៉ុប​ជំរុញ​យុទ្ធសាស្រ្ត​ឧស្សាហកម្ម​យោធា ដើម្បីកាត់បន្ថយ​ការពឹងផ្អែកលើសព្វាវុធ​អាមេរិក

សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ដ៏អូសបន្លាយ និង​ស្ថានការណ៍​នយោបាយ​បោះឆ្នោត​អាមេរិក ជាទី​ដែល​លោកដូណាល់ ត្រាំ អាចវិលត្រលប់​មកដឹកនាំអាមេរិក​សាជាថ្មី បាន​ធ្វើ​ឲ្យសហភាពអឺរ៉ុប​ភ្លឺភ្នែក ស្ទុះស្ទា​រកយុទ្ធសាស្រ្ត​ដើម្បី​ផលិត បំពាក់អាវុធ​ការពារខ្លួន។ បន្ទាប់ពី​ខ្ជីខ្ជា​ឧស្សាហកម្មយោធា​របស់ខ្លួន​អស់ជាច្រើនទសវត្សរ៍ និង​រត់ទៅពឹងអាស្រ័យ​លើ​សព្វាវុធ និង​ការធានា​ការពារ​ពី​អាមេរិក និង​អូតង់ សហភាពអឺរ៉ុប នៅ​ថ្ងៃ​អង្គារ​ទី ៥​មីនា​បាន​ប្រកាស​ផែនការផ្តល់​សន្ទុះ​ដល់​ឧស្សាហកម្ម​ផលិត​សព្វាវុធ​ក្នុង​រង្វង់ប្រទេស​សមាជិកអឺរ៉ុប។

រថក្រោះអាល្លឺម៉ង់ដែលចូលរួមនៅក្នុងសមយុទ្ធរបស់​សហភាពអឺរ៉ុប ឆ្នាំ​២០២០
រថក្រោះអាល្លឺម៉ង់ដែលចូលរួមនៅក្នុងសមយុទ្ធរបស់​សហភាពអឺរ៉ុប ឆ្នាំ​២០២០ REUTERS - Fabian Bimmer
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខការគំរាមកំហែង​របស់​រុស្ស៊ី ដែលកំពុងធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន និង​ក្តីបារម្ភ​ខ្លាច​លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត ត្រលប់មក​ដឹកនាំអាមេរិក អឺរ៉ុប​បង្ហាញ​ផែនការដ៏មាន​មហិច្ឆតា​ដើម្បី​ជំរុញ​ឧស្សាហកម្ម​យោធាក្នុង​រង្វង់សហភាពអឺរ៉ុប។

ទៅតាម​ផែនការ យុទ្ធសាស្រ្ត​ឧស្សាហកម្មយោធាអឺរ៉ុប ដែលខ្លួន​ស្នើ​ កាលពី​ថ្ងៃអង្គារ​ទី ៥​មីនា គណៈកម្មការអឺរ៉ុប​ចង់​ជំរុញ​ការផលិត និងផ្គត់ផ្គង់សព្វាវុធ នៅក្នុង​ទឹកដី​អឺរ៉ុប ដោយ​លែងសូវ​ពឹងផ្អែកខ្លាំង​លើ​ការទិញនាំចូលអាវុធ​ពីបរទេស ជាពិសេស​អាមេរិក។

នៅក្នុង​សន្និសីទកាសែត នៅទីស្នាក់ការ​អឺរ៉ុប ក្នុងទីក្រុង​ព្រុចសែល នៅថ្ងៃអង្គារ អនុប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី Margrethe Vestager បាននិយាយ​ថា នៅក្នុង​រឿង​សន្តិសុខការពារ​ខ្លួន អឺរ៉ុប​ត្រូវតែ​ទទួលខុសត្រូវ ពឹងលើខ្លួនឯង ប៉ុន្តែ​នៅតែ​បន្តសកម្ម ចូលរួម​ក្នុងអង្គការអូតង់។

ប្រមុខការទូត​អឺរ៉ុប​លោក Joseph Borelle វិញទទួលស្គាល់ថា បន្ទាប់ពី​កាត់បន្ថយ​ការចំណាយ​លើ​វិស័យកងទ័ព​អស់ជាច្រើន​ទសវត្សរ៍ ចាប់តាំង​ពី​ចប់សង្រ្គាមត្រជាក់ អឺរ៉ុប​ត្រូវការវិនិយោគ​ច្រើនសម្បើម​លើ​វិស័យ​ឧស្សាហកម្ម​យោធា។

នៅក្នុង​រយៈពេលវែង យុទ្ធសាស្រ្ត​ឧស្សាហកម្ម​យោធា​អឺរ៉ុប​មាន​គោលដៅ​ជំរុញ​ឲ្យ​ក្រុមហ៊ុន រោងចក្រ​ផលិត​អាវុធអឺរ៉ុប​បោះទុន​វិនិយោគ​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​ផលិត​អាវុធ​ឲ្យ​បាន​ច្រើន ក្នុងល្បឿន​លឿន មាន​ប្រសិទ្ធិភាព និង​ផលិត​ក្នុង​ទឹកដីអឺរ៉ុប។

តាមរយៈ ផែនការ​យុទ្ធសាស្រ្ត​ឧស្សាហកម្ម​យោធាអឺរ៉ុប គណៈកម្មការអឺរ៉ុប​ប្រាថ្នា​ចង់​បាន​ថា ពីពេលនេះ ដល់​ឆ្នាំ ២០៣០ ពាក់កណ្តាល​នៃ​សព្វាវុធ​ដែល​ប្រទេស​សមាជិកអឺរ៉ុបទិញសម្រាប់​ការពារ​ជាតិ មាន​ប្រភព​ចេញ​មក​ពី​រោងចក្រ ក្រុមហ៊ុនអឺរ៉ុប។ ត្រូវ​ដឹងថា គិតចាប់តាំងពី​មានសង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នៅ​ដើម​ឆ្នាំ ២០២២ ប្រទេស​ទាំងអស់​ក្នុងសហភាព​អឺរ៉ុប បាន​ចំណាយ​លុយ​ជាង ១០០​ពាន់លាន​អឺរ៉ូ​សម្រាប់វិស័យកងទ័ព ដែលនៅក្នុងនោះ ៨០%​បាន​ចំណាយ​ទៅលើ​ការទិញសព្វាវុធពីបរទេស ក្រៅសហភាពអឺរ៉ុប។ ក្នុង​ចំណោមនោះ ៦០%​ត្រូវ​ចាយសម្រាប់​ទិញអាវុធ​អាមេរិក។

តាម​គណៈកម្មការអឺរ៉ុប យុទ្ធសាស្រ្តឧស្សាហកម្ម​យោធាអឺរ៉ុប​មិនត្រឹមតែ​ធ្វើ​ឲ្យ​អឺរ៉ុប​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ការទិញនាំចូលអាវុធ​ពីបរទេស ជាពិសេស ពី​អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ជួយ​ឲ្យ​អឺរ៉ុប​អាច​ដើរតួ​ជាគូប្រជែង​របស់អាមេរិក​ថែមទៀត។ នៅត្រង់ចំណុចនេះ គណៈកម្មការអឺរ៉ុប​ចង់​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ផលិតអាវុធអឺរ៉ុប​ធ្វើដូចក្រុមហ៊ុន​អាមេរិក ពោល​គឺ​ផលិតអាវុធ​លើស​តម្រូវការ​បញ្ជាទិញ ដើម្បីអាច​ស្តុកទុក​ខ្លះ នៅ​ក្នុងឃ្លាំង នៅក្នុង​ករណី​មានតម្រូវការចាំបាច់​បន្ទាន់ ដូចជា​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន​ជាដើម។

នៅក្នុង​វគ្គដំបូង​នៃ​ផែនការ​យុទ្ធសាស្រ្ត​ឧស្សាហកម្ម​យោធាអឺរ៉ុប គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​កញ្ចប់​ថវិកា​ចំនួន ១៥០០​លាន​អឺរ៉ូ។ អនុប្រធាន​គណៈកម្មការអឺរ៉ុប ទទួលស្គាល់ថា ទឹកប្រាក់​នេះ​មាន​តិចតួចស្តួចស្តើងណាស់ បើប្រៀបធៀប​នឹងកញ្ចប់ទឹកប្រាក់​សរុប ១០០​ពាន់​លាន​អឺរ៉ូ ដែលគេ​ត្រូវការ​សម្រាប់​គម្រោងការ​ដ៏មានមហិច្ឆតា។ ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប​សង្ឃឹម​ទទួល​បាន​ការចូលរួម​វិភាគទាន​របស់​ប្រទេស​សមាជិក​ទាំង​២៧​របស់​សហភាព​អឺរ៉ុប។ ប្រទេស​មួយចំនួន​ដូចជា​បារាំង​ជាដើម​គាំទ្រ​គំនិតផ្តួចផ្តើម​របស់គណៈកម្មកាអឺរ៉ុប​ដែល​ចង់​ផ្តួចផ្តើម​ឲ្យមានការចូលរួមបង់វិភាគទាន​របស់​ប្រទេស​សមាជិក ដូចក្នុង​សម័យកាលជំងឺកូវីដ។ មានន័យថា ប្រទេស​សមាជិក​នីមួយៗ​របស់​សហភាពអឺរ៉ុប​ត្រូវ​បង់​វិភាគទាន ទៅតាម​សមត្ថភាព​របស់ខ្លួន ទៅ​ក្នុង​កេស​ថវិការួមមួយ ដែល​គណៈកម្មការអឺរ៉ុប​យកទៅប្រើ​សម្រាប់​បញ្ជាទិញ និង​ផ្គត់ផ្គង់​សព្វាវុធ​ដល់ប្រទេស​អឺរ៉ុប ជា​កញ្ចប់ ដូចគេ​ធ្លាប់​ទិញ​និង​ផ្គត់ផ្គង់ វ៉ាក់សាំង​សម្រាប់​ជំងឺកូវីដ កាលពី​ប៉ុន្មានឆ្នាំមុន។ តាម​មន្រ្តីអឺរ៉ុប ការបញ្ជាទិញ​ជា​កញ្ចប់​នេះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ផលិតអាវុធ​នៅអឺរ៉ុប​​មាន​ទុន សម្រាប់​យកទៅ អភិវឌ្ឍ ធានា​ផលិត​សព្វាវុធ សម្រាប់​អឺរ៉ុប។

មិនមែនប្រទេសអឺរ៉ុប​ទាំងអស់គាំទ្រ​គំនិតនេះទេ។ អាល្លឺម៉ង់ផ្ទាល់​ដែលមាន​ឧស្សាហកម្ម​ផលិតអាវុធ​គ្រាន់បើជាងគេ​នៅអឺរ៉ុប មិន​ចង់​ផ្តល់​អំណាចច្រើន​ដល់​គណៈកម្មការអឺរ៉ុបដោយសារខ្លាចថា អឺរ៉ុប​នឹង​រំលោភចូល​ដែនអធិបតេយ្យ នយោបាយការពារជាតិ​របស់អាល្លឺម៉ង់។ មតិរបស់ប្រទេស​សមាជិកអឺរ៉ុប​ខ្លះទៀត​ចង់​ឲ្យ​គណៈកម្មការអឺរ៉ុប​យក​ផលចំណេញ​ពីទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​បង្កកទុក ក្នុងទឹកដី​អឺរ៉ុប ប្រមាណ ៣០០ពាន់លាន​អឺរ៉ូ ​សម្រាប់​យកទៅបង់​ក្នុង​ផែនការ​ជំរុញឧស្សាហកម្ម​យោធា​អឺរ៉ុប ព្រោះថា ចង់ ឬ​មិន​ចង់ សព្វាវុធ​ផលិត​នៅ​អឺរ៉ុប មួយផ្នែក នឹងត្រូវ​ប្រើ​សម្រាប់ជួយកងទ័ព​អ៊ុយក្រែន នៅក្នុង​សមរភូមិប្រយុទ្ធតទល់នឹងរុស្ស៊ី។ រុស្ស៊ីធ្លាប់​បាន​ព្រមានអឺរ៉ុប​ពីផលវិបាកធ្ងន់ធ្ងរ បើសិន​អឺរ៉ុប​ហ៊ាន​ប្រើប្រាស់លុយបង្កករបស់​រុស្ស៊ីដើម្បី​ផលិតអាវុធជួយអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ