អានតួអត្ថបទ
សមុទ្រចិន​ខាង​ត្បូង

អាមេរិក​សន្យា​ការពារ​ហ្វីលីពីន តែ​ចិន​ថា​វ៉ាស៊ីនតោន​គ្មាន​សិទ្ធិ​​នៅ​​សមុទ្ទចិន​ខាង​ត្បូង

សហរដ្ឋ​អាមេរិក​គ្មាន​ហេតុផល​ស្រប​ច្បាប់​ណាមួយ​ដែល​ត្រូវចូល​​មក​លូក​លាន់​ក្នុង​​​ជម្លោះនៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ​។ នេះ​ជា​ប្រតិកម្ម​របស់​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​ទី​១៩​មីនា ក្រោយ​ពីលោក អង់តូនី ប្លីងកិន ប្រមុខ​ការ​ទូត​អាមេរិក​​បានបញ្ជាក់​ជំហរ​ការពារ​ហ្វីលីពីន​ប្រឈម​នឹង​គ្រប់​បញ្ហា​ រាប់​ទាំង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ ​ជា​យថាហេតុណាមួយ​ នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

ប្រមុខ​ការទូតអាមេរិក ចូល​ជួប​ប្រធានាធិបតី​ហ្វីលីពីន នៅទីក្រុង​ម៉ានីល ថ្ងៃទី ១៩ មីនា ២០២៤
ប្រមុខ​ការទូតអាមេរិក ចូល​ជួប​ប្រធានាធិបតី​ហ្វីលីពីន នៅទីក្រុង​ម៉ានីល ថ្ងៃទី ១៩ មីនា ២០២៤ AP - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​គ្មាន​ចំណែក​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ ដូច្នេះអាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​លូក​លាន់​ក្នុង​ជម្លោះ​រវាង​ចិន​និង​ហ្វីលីពីន​នៅក្នុង​សមុទ្ទ​ចិនខាង​ត្បូង​ឡើយ។ បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន កិច្ចសហប្រតិបត្តិការ​យោធាអាមេរិក-ហ្វីលីពីន មិនត្រូវ​ប៉ះពារដល់បូរណភាព​ដែនដី និង​សិទ្ធិ​ ព្រមទាំង​ផលប្រយោជន៍​ចិន​នៅ​សមុទ្ទ​ចិន​ខាង​ត្បូងឡើយ​ ហើយ​ក៏​​មិន​អាច​យក​មក​ធ្វើ​ជា​ទម្រ​ក្នុងជម្លោះ​នៅ​​តំបន់​សមុទ្ទ​ចិន​ខាងត្បូង​​បាន​ដែរ។ ទង្វើ​របស់​ហ្វីលីពីន​ផ្ទុយ​នឹង​ដំណើរ​បែប​បទ​ដែល​ម៉ានីល​តវ៉ា​នៅ​មុខ​តុលាការ​អន្តរជាតិហើយ។ នេះ​ប្រតិកម្ម​ខ្លាំងៗ​របស់​ចិន ក្រោយ​ពី​អាមេរិក​បាន​ប្រកាស​គាំទ្រ​ហ្វីលីពីនប្រឈម​នឹង​គ្រប់​បញ្ហានៅ​សមុទ្ទ​ចិន​ខាង​ត្បូង។

ក្នុង​ពេល​កំពុង​ស្ថិត​​នៅ​ទីក្រុង​ម៉ានីល​ លោកប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន បាន​រំឮកថា អាមេរិកការពារ​​សម្ព័ន្ធមិត្ត​ហ្វីលីពីន​ ពី​​រាល់​គ្រប់​ទម្រង់​នៃការ​គំរាមកំហែង​ប្រដាប់​អាវុធ​ជា​យថាហេតុ​ណាមួយ​ នៅ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង ព្រោះ​សមុទ្ទ​នេះ​ជា​ផ្លូវ​ចរាចរណ៍​ដ៏សំខាន់​សម្រាប់សន្តិសុខ​ សេដ្ឋកិច្ច​របស់​​ហ្វីលីពីន​ និង​សម្រាប់​​​តំបន់​ទាំងមូល រាប់​ទាំងអាមេរិក​ផង ​ព្រមទាំងពិភពលោក​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាមេរិក ត្រូវ​នៅ​ក្បែរ​ហ្វីលីពីន និង​គាំទ្រ​ម៉ានីល​ដូច​មាន​ចែង​សន្ធិសញ្ញាការពារ​គ្នា​ទៅ​វិញ​មក។

ប៉េកាំង​ទាមទារ​​គ្រប់គ្រង​តំបន់​សមុទ្ទចិន​ខាង​ត្បូង​ស្ទើរ​ទាំង​ស្រុង បំពាន​លើ​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឬ​ព្រុយណេ។ មួយរយៈចុងក្រោយ​នេះ ជម្លោះ​ចិន​និង​ហ្វីលីពីន បាន​ឡើង​​តាន​តឹងដល់​កំរិត​កំពូល។ គឺ​ក្នុង​ស្ថានភាព​នេះ ដែល​ហ្វីលីពីន​បាន​ចុះ​កិច្ចព្រមព្រៀង​​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី ដោយ​អាមេរិក​អាច​មាន​សិទ្ធ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ហ្វីលីពីន​ចំនួន៩។

នេះ​ជាទស្សនកិច្ច​​លើក​ទីពីរ​របស់​លោក​អង់តូនី ប្លីងកិនហើយ គិត​ចាប់​តាំង​ហ្វីលីពីន​មាន​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយលោក​ប្រធានាធិបតី​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ នៅ​ឆ្នាំ​២០២២មក។ បើ​តាម​អ្នក​វិភាគ ​ទស្សនកិច្ចរបស់​លោក​ប្រមុខ​ការ​ទូត​មាន​ទិសដៅ​រឹត​ចំណង​សម្ព័ន្ធភាព​អាមេរិក-ហ្វីលីពីន ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ផង និង​ក៏​ជា​ឱកាស​សម្រេច​សម្រួច​គម្រោង​ជំនួប​ត្រីភាគី​ រវាង​ប្រធានាធិបតី​អាមេរិក​ចូបៃដិន​ជាមួយ​សមភាគីហ្វីលីពីន​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន នា​ថ្ងៃ​ទី​១១​មេសា​ខាង​មុខ។

ក្រៅ​ពី​រឹង​ចំណង​សម្ព័ន្ធភាព​នយោបាយ​និង​យោធា ហ្វីលីពីនបាន​ក្លាយ​ជា​ដៃគូ​កាន់​តែចម្បង​ឡើង​ៗ​របស់​អាមេរិក។ មុន​ផ្តើម​ជំនួប​ផ្លូវការ លោក​អង់តូនី​ប្លីងកិន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចសហគ្រាស​​ផលិត​សឺមីកុងឌុចទ័រ​ បន្ទះ​ឈីប​អេឡិចត្រូនិក​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចពិភពលោក។ យឺត​យ៉ាវ​ខ្លាំង​ក្នុង​វិស័យ​នេះ អស់​ជា​ច្រើន​ឆ្នាំ សហរដ្ឋ​អាមេរិក​កំពុង​ស្វះ​ស្វែង​ពង្រឹង​ជំហរ​ជាមេ​កើយ​ផ្នែក​ឧស្សាហកម្ម​បន្ទះ​ឈីប ដើម្បី​ហេតុ​ផលសន្តិសុខ​ជាតិ​ផង និង​ដើម្បី​ប្រកួត​ប្រជែង​នឹង​ចិន​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ