អានតួអត្ថបទ
បារាំង-ប្រេស៊ីល-នាវាមុជទឹក

បន្ទាប់​ពី​បរិស្ថាន ប្រធានាធិបតី​បារាំង​និង​ប្រេស៊ីល​​សម្ពោធ​​នាវាមុជ​ទឹកមួយ​គ្រឿង​​ថ្មី

​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង កំពុង​បន្ត​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅក្នុង​ប្រទេស​ប្រេស៊ីល ដើម្បី​បញ្ជាក់អំពីទំនាក់ទំនង​​ជិត​ស្និទ្ធ​រវាង​គ្នា។ បន្ទាប់​ពី​បាន​ប្រកាស​កម្មវិធី​​វិនិយោគ​ដើម្បីការពារ​បរិស្ថាន​អាម៉ាហ្សូន នៅ​​ថ្ងៃ​ពុធ​ទី ២៧​មីនា​នេះបារាំង​និង​ប្រេស៊ីល ចង់​បង្ហាញ​អំពី​ភាព​ជា​ដៃ​គូ​ក្នុង​វិស័យ​នាវាមុជ​ទឹក​ម្តង។​ ប្រធានាធិបតី​ម៉ាក្រុង​និង​សមភាគី​ លូឡា ត្រូវ​ចូល​រួម​សម្ពោធ​នាវា​មុជ​ទឹក​បារាំង-ប្រេស៊ីល​មួយ​គ្រឿង​ថ្មី​ទៀត នៅ​មូលដ្ឋាន​សាង​សង់​Italguai ភាគ​ខាង​ត្បូង​ក្រុង​Rio de janeiro។

ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង និង​សមភាគី​ប្រេស៊ីល​ លោក លូឡា ថ្ងៃអង្គារទី ២៦​មីនា​២០២៤
ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង និង​សមភាគី​ប្រេស៊ីល​ លោក លូឡា ថ្ងៃអង្គារទី ២៦​មីនា​២០២៤ REUTERS - Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល​ម៉ាក្រុង កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រេស៊ីល​ដែលជា​​មហា​ប្រទេស​អាមេរិក​ឡាទីន​ដ៏ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង។ បន្ទាប់ពី​បរិស្ថាន ចូល​ដល់​សំណុំ​រឿង​នាវា​មុជ​ទឹក​ និង​សេដ្ឋកិច្ច​ម្តង។ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ប្រធានាធិបតី​បារាំង​និង​ប្រេស៊ីល​បាន​ប្រកាស​បង្កើត​កម្មវិធី​សម្រួល​ការ​វិនិយោគបៃតង សម្រាប់​ការ​ពារ​បរិស្ថាន​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​តំបន់​ព្រៃអាម៉ាហ្សូនប្រេស៊ីល​និង​បារាំង​ ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​១ពាន់​លាន​អឺរ៉ូ។

នៅព្រឹកថ្ងៃពុធ​នេះ ប្រធានាធិបតី​ទាំងពីរ ត្រូវ​សម្ពោធ​នាវា​មុជ​ទឹក​ទី​បី ក្នុង​ចំណោម​នាវា​មុជ​ទឹក​បួន​គ្រឿង​​ដែល​បារាំងលក់​ឱ្យ​​ប្រេស៊ីល។ ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០០៨ បារាំង​និង​ប្រេស៊ីល​បាន​ចុះ​កិច្ចព្រមព្រៀង​​លក់​ឧទ្ធម្ភាគចក្រ​៥០គ្រឿង និង​នាវាមុជទឹកបួន​គ្រឿង​ ក្នុង​តម្លៃ​៦៧០០​លាន​អឺរ៉ូ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​និង​ឧស្សាហកម្ម​យោធា​ជើង​ទឹក​របស់​ប្រេស៊ីល ក្រោម​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ Prosub។ បើតាម​Naval Group ដែល​ជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​យោធា​ជើង​ទឹក​បារាំង​​ទទួល​បន្ទុក​សាង​សង់នាវាមុជទឹក​ កិច្ចព្រមព្រៀង​បារាំង​ប្រេស៊ីល​ជា​ការផ្ទេរ​បច្ចេកវិទ្យាយ៉ាង​ពេញ​លេញ​មិន​ធ្លាប់​មាន​ចុះ​ជាមួយ​នរណា​ទេពី​មុនមក។

នៅ​ផ្នែក​ទី​មួយ​នៃ​​កិច្ចព្រមព្រៀង ការ​សាង​សង់​នាវា​មុជទឹកបួន​គ្រឿង ដើរ​ដោយ​ថាមពល​ម៉ាហ្សូត​និង​ភ្លើង​អគ្គិសនី ​ត្រូវ​ធ្វើ​នៅលើ​ទឹក​ដី​ប្រេស៊ីល​។ វិស្វករ​និង​អ្នក​បច្ចេកទេស​ប្រេស៊ីល​មក​ទទួល​ការ​សិក្សា​បំពាក់​បំប៉ន​នៅ​បារាំង។ ឯ​ក្រុមហ៊ុន​Naval Groupបារាំងផ្តល់​ប្លង់ សម្ភារៈ​បរិក្ខារ​ និង​ជំនួយ​បច្ចេកវិទ្យាខ្លះ។ នាវា​មុជទឹក​ទី​មួយ បាន​ចាប់​ដំណើរ​ការ​តាំងពី​ខែ​កញ្ញា​២០២២​មក ទីពីរ​ចាប់​ផ្តើមបំពាក់​គ្រឿង​​កាលពី​ខែមករា ទីបីរៀប​ចំ​ចុះ​ទឹក​​​នៅថ្ងៃ​ពុធ​នេះ និង​ទីបួននឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២៥។ នាវា​មុជ​ទឹក​ធម្មតា​ទាំង​នេះ មាន​ប្រវែង​៧១​ម៉ែត្រ ទម្ងន់​១៨៧០​តោន​ អាច​មាន​សមត្ថភាព​បាញ់​គ្រាប់​ធុន​​F21 ឬ​មីស៊ីល​បាន។

ផ្នែក​ទីពីរ ជា​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ និង​ការដ្ឋាន​សាង​សង់​នាវមុជ​ទឹក​ដែល​បាន​សម្ពោធ​រួច​ហើយ​កាលពី​ឆ្នាំ​២០១៨។ ចំណែក​ផ្នែក​ទីបី​មានបង្កប់​​មហិច្ឆតា​ខ្លាំង​ណាស់ ព្រោះ​វា​អាច​នឹង​នាំ​ប្រេស៊ីល​ឱ្យ​មាន​និង​ចេះ​ធ្វើ​នាវាមុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ មុន​គេ​បន្ទាប់​ពី​មហាអំណាច​ជា​សមាជិក​អចិន្ត្រៃ​យ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង​៥ប្រទេស។ ប្រេស៊ីល​ចង់​ឱ្យបារាំង​ជួយ​បង្រៀន​ធ្វើ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​តាម​គម្រោង​ត្រូវ​ចាប់​ផ្តើម​នៅ​រវាង​ពី​ឆ្នាំ​២០៣៦-៣៧។ ជានាវា​ដ៏​ធំ ប្រវែង​១០០ម៉ែត្រ ទម្ងន់​៧ពាន់​តោន តែ​គម្រោង​ជួប​ការ​យឺត​យ៉ាវ​ខ្លាំង ដោយ​បញ្ហា​ថវិកា​ផង និង​ដោយ​​បារាំង​ហាក់​នៅ​ស្ទាក់​ស្ទើរ ​​ខ្លាំង​មិន​ចង់​ផ្ទេរ​បច្ចេកវិទ្យា​នេះផង​។ ជា​សំណុំ​រឿង​យុទ្ធសាស្ត្រ រសើប និង​ងាយ​ប៉ះពាល់​ដល់កាតព្វកិច្ច​​មិន​រីក​សាយ​ភាយ​នុយក្លេអ៊េរ។ សម្រាប់​នាវាមុជ​ទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ប្រេស៊ីល បារាំងព្រម​​ជួយផ្នែក​​បច្ចេកវិទ្យាសាងសង់​គ្រប់​មុខ តែ​ផ្នែក​នុយក្លេអ៊ែរ​ត្រូវ​ធ្វើ​ដោយ​ភាគី​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ