អានតួអត្ថបទ

ប្រមុខ​ទូត​អាមេរិកអំពាវនាវឲ្យ​សហគមអន្តរជាតិ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនសំយោគ

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន  អំពាវនាវឲ្យ​​មជ្ឈដ្ឋាន​អន្តរជាតិ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​សំយោគ ប្រភេទ​​ ហ្វង់តានីល។ ហ្វង់តានីល ​ជា​គ្រឿងញៀនសំយោគ ​មាន​ឥទ្ធិពល​ខ្លាំង​ជាង ហេរ៉ូអ៊ីន ​៥០ដង ហើយនិង​​ខ្លាំងជាង​ មរហ្វ៊ីន ​ដល់ទៅ​ជាង ១០០ដង។ ​ក្នុង​ឱកាសសន្និសីទ​អន្តរជាតិ​ស្តីពី​គ្រឿងញៀន នៅ​ប្រទេស​អូទ្រីស, ប្រមុខ​ទូត​អាមេរិក​ បាន​បង្ហើប​ថា ហ្វង់តានីល មាន​កម្រិត​ឥទ្ធិពលខ្លាំង និងបានធ្វើ​ឲ្យ​ពលរដ្ឋអាមេរិក ស្លាប់បាត់បង់ជីវិត ​រាប់​ពាន់​នាក់ ក្នុង​១ឆ្នាំៗ។

ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីគ្រឿងញៀន នៅប្រទេសអូទ្រីស, ប្រមុខទូតអាមេរិក បានបង្ហើបថា ហ្វង់តានីល បានធ្វើឲ្យពលរដ្ឋអាមេរិក ស្លាប់បាត់បង់ជីវិត រាប់ពាន់នាក់ ក្នុង១ឆ្នាំៗ។
ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីគ្រឿងញៀន នៅប្រទេសអូទ្រីស, ប្រមុខទូតអាមេរិក បានបង្ហើបថា ហ្វង់តានីល បានធ្វើឲ្យពលរដ្ឋអាមេរិក ស្លាប់បាត់បង់ជីវិត រាប់ពាន់នាក់ ក្នុង១ឆ្នាំៗ។ REUTERS - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

«សារជា​បន្ទាន់​បំផុត​របស់ខ្ញុំ​ចំពោះ​មហាសន្និបាត​នេះ ​គឺថា បើ​យើង​ចង់​ដោះស្រាយ​វិបត្តិ​គ្រឿង​ញៀននេះ មាន​ផ្លូវ​តែ១គត់ គឺចូលរួម​ពួត​ដៃ​ធ្វើការ​រួមគ្នា។» ការ​ប្រកាសរបស់លោក អង់តូនី ប្ល៊ីងកិន ដូច្នេះ ធ្វើឡើង​នៅចំពោះ​មុខ​គណៈ​កម្មាធិការ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​គ្រឿងញៀន​។​ ប្រទេស​ប្រមាណ​ជាង​ ១៥០ ​ត្រូវ​ជួប​ប្រជុំគ្នា រយៈ​ពេល ​១០ថ្ងៃ នៅក្រុង​វីយែន ដើម្បី​រក ដំណោះស្រាយ​ទប់​ស្កាត់​គ្រឿងញៀន ពិសេស​គឺ ហ្វង់តានីល។

ប្រមុខការទូត​ ​លោក អង់តូនី ប្ល៊ីងកិន បាន​គូស​បង្ហាញថា ពលរដ្ឋ​អាមេរិក ច្រើន​ជាង ៤០% បាន​ស្គាល់​​ មនុស្ស​ដែល​ស្លាប់​ព្រោះតែ​​ប្រើ​ហ្វង់តានីលជ្រុល​លើសកម្រិត​។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏​ឲ្យ​ដឹង​ទៀតថា ​ អ្នក​ស្លាប់នៅសហរដ្ឋអាមេរិក ភាគច្រើន​ជាយុវជននិងមនុស្សពេញកម្លាំង​ អាយុ​ចន្លោះពី ១៨ ទៅ​ ៤៥ ឆ្នាំ។

នៅប្រទេស​អូទ្រីស​ មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិករូបនេះ​ ​​បានដាក់​​ស្នើ​គម្រោង​​វិធានការ​ការពារ ទប់​ស្កាត់ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​សំយោគ ទៅកាន់​​គណៈកម្មាធិការ​​ប្រឆាំង​ឧក្រិដ្ឋកម្ម​​គ្រឿងញៀន របស់​​អង្គការ​សហប្រជាជាតិ។ គម្រោង​នេះ នឹង​ត្រូវ​ពិចារណា និង​អនុម័ត ​ក្នុង​​សប្តាហ៍​ខាងមុខ​​។ ជា​វិធានការ សហរដ្ឋអាមេរិក​ បាន​ប្រកាស​ថា​នឹង​ផ្តល់​កញ្ចប់​ជំនួយ ១៧៥លាន​ដុល្លារ​ ក្នុង​គម្រោងប្រយុទ្ធប្រឆាំង​​ហ្វង់តានីល ទូទាំង​ពិភព​លោក​​។ ​

នៅសហរដ្ឋអាមេរិក អត្រា​ស្លាប់​ព្រោះតែ​ប្រើ ​ហ្វង់តានីល លើសកម្រិត ជាក្តីបារម្ភ​ខ្លាំង។ ​​សូម្បី​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ក៏​បាន​យក​បញ្ហា​ទប់ស្កាត់​គ្រឿងញៀន​សំយោគនេះ ទៅធ្វើ​ជា​ប្រធានបទ​សំខាន់ ​សម្រាប់​យុទ្ធនាការ​ឃោសនា​​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំនេះដែរ។ នៅទឹកដី​អាមេរិក, ​ហ្វង់តានីល ​នាំចូលច្រើន​តាម​ច្រក​ព្រំដែន​ប្រទេស​ ​ម៉ិក​ស៊ិក​ ហើយ​​ធាតុផ្សំ​ ផលិត​នៅស្រុក​ចិន​ Made in China ។ ជាញឹកញយ ក្នុង​ជំនួប​ទ្វេភាគី​ សហរដ្ឋ​អាមេរិក ​បាន​ជំរុញ​ឲ្យ​ រដ្ឋអំណាចចិន ជួយ​​ទប់​ស្កាត់។  ​បើតាម​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ, ក្នុង​កិច្ចប្រជុំ​ក្រុង​វីយ៉ែន ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក​និង​ចិន​ គ្មាន​គម្រោង​ជួបគ្នាទេ។ ចិន​បាន​បញ្ជូន​អនុប្រធាន​គ​ណៈ​កម្មាធិការ​ប្រឆាំងគ្រឿងញៀន​ មក​ប្រជុំ។ ចំណែករុស្ស៊ី រដ្ឋបាល​ក្រុង​ម៉ូស្គូ​បាន​ឲ្យ​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បទេស​​ មក​ជាតំណាង​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ