អំពើហិង្សាអាណាធិបតេយ្យនៅហៃទី៖ ក្រុមប្រទេសការ៉ាអ៊ីបប្រជុំបន្ទាន់ ដើម្បីរកដំណោះស្រាយ
អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសហៃទី បានធ្លាក់ចូលក្នុងអំពើហិង្សា យ៉ាងអាណាធិបតេយ្យបំផុត បង្កឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ។ ប្រជាជនហៃទីដែលក្រីក្របំផុតទៅហើយនោះ កំពុងប្រឈមនឹងបញ្ហាលំបាក់ជាខ្លាំង ដោយសារតែអំណាចអាជ្ញារដ្ឋបានដួលរលំទាំងស្រុង។ ក្រុមប្រទេសក្បែរខាង ក្នុងតំបន់សមុទ្រការ៉ាអ៊ីប បានជួបប្រជុំគ្នាបន្ទាន់ កាលពីថ្ងៃចន្ទទី១១មីនា ដើម្បីរកដំណោះស្រាយ ស្តារសន្តិសុខនិងស្ថិរភាពរបស់ហៃទីឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៨
ចុងសប្តាហ៍កន្លងមកនេះ ទីក្រុង Port-au-Prince របស់ហៃទី បានធ្លាក់ចូលកាន់តែជ្រៅ ទៅក្នុងអំពើហិង្សាបាញ់បោះយ៉ាងអាណាធិបតេយ្យ។ ក្រុមជនអន្ធពាលប្រដាប់អាវុធ ព្រមទាំងប្រជាជនហៃទីខ្លះផង បានធ្វើសកម្មភាពហិង្សា ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry ត្រូវចុះចេញពីតំណែង។
ដោយសង្កេតឃើញអំពើហិង្សាអាណាធិបតេយ្យធ្ងន់ធ្ងរខ្លាំងបែបនេះ ក្រុមប្រទេសសហគមន៍សមុទ្រការ៉ាអ៊ីប CARICOM បានបើកការប្រជុំបន្ទាន់ នៅថ្ងៃចន្ទទី១១មីនា នៅប្រទេសហ្សាម៉ាអ៊ីក ដោយមានវត្តមានតំណាងរដ្ឋាភិបាលអាមេរិក រដ្ឋាភិបាលបារាំង និងតំណាងអង្គការសហប្រជាជាតិផង។ លោក Bharrat Jagdeo អនុប្រធានាធិបតីប្រទេសហ្គូយ៉ាណា បានលើកឡើងថា កិច្ចប្រជុំនេះមានកម្មវត្ថុស្វែងរកផ្លូវ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញនៅហៃទី និងធ្វើឲ្យប្រជាជនហៃទី មានទំនុកចិត្តលើអំណាចអាជ្ញាធររដ្ឋ។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមជនពាលប្រដាប់អាវុធ កំពុងតែគ្រប់គ្រងធ្វើព្យុះធ្វើភ្លៀងនៅហៃទី។ ហៃទីគ្មានរដ្ឋាភិបាល សេវាសាធារណៈ និងអំណាចអាជ្ញាធរត្រូវដួលរលំទាំងស្រុង។
គួរបញ្ជាក់ថា អំពើហិង្សាចលាចលនៅហៃទី បានបង្ខំឲ្យប្រទេសជាច្រើនជម្លៀសបុគ្គលិកស្ថានទូតដែលមិនចាំបាច់ ចេញជាបន្ទាន់ពីប្រទេសនេះ។ កងទ័ពអាមេរិកបានបញ្ជូនយន្តហោះនិងឧទ្ធម្ភាគចក្រ ទៅដឹកមន្ត្រីទូត កាលពីចុងសប្តាហ៍កន្លងទៅ។ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានប្រកាសដែរថាបុគ្គលិកទូតខ្លួនបានចាកចេញអស់ហើយ ពីទីក្រុង Port-au-Prince។
យោងតាមលោក Philippe Branchat មន្ត្រីអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ ទទួលបន្ទុកហៃទី គឺបច្ចុប្បន្ននេះ ទីក្រុង Port-au-Prince ត្រូវក្រុមជនអន្ធពាលឡោមព័ទ្ធជិត។ អាជ្ញាធរហៃទី បានប្រកាសប្រើច្បាប់អាជ្ញាសិក និងដាក់បម្រាមគោលចរ ហាមចេញដើរពេលយប់។ ក្រុមជនអន្ធពាល មិនត្រឹមតែវាយបំផ្លាញអគារស្ថាប័នរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានវាយបំផ្លាញផ្ទះសំបែង និងឆក់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋថែមទៀតផង។ ព្រលានយន្តហោះ និងកំពង់ផែហៃទី លែងដំណើរការទាំងស្រុង ធ្វើឲ្យគេភ័យបារម្ភ អំពីការដាច់ស្បៀងអាហាររបស់ប្រជាជន និងបញ្ហាខ្វះថ្នាំសង្កូវព្យាបាលអ្នកជំងឺ។
សូមបញ្ជាក់ថា ហៃទីជាប្រទេសក្រីក្រជាងគេនៅតំបន់ទ្វីបអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៦មក ហៃទីមិនដែលមានការបោះឆ្នោតឡើយ។ លោកនាយករដ្ឋមន្ត្រីហៃទី Ariel Henry បច្ចុប្បន្នកំពុងស្ថិតនៅPorto Rico ដោយមិនអាចចូលប្រទេសបានទេ។ លោកនាយករដ្ឋមន្ត្រី Ariel Henry ត្រូវបានតែងតាំងកាលពីឆ្នាំ២០២១ ដោយលោកប្រធានាធិបតី Jovenel Moïse មុននឹងលោកម្នាក់នេះ ត្រូវគេធ្វើឃាត។
សូមរំលឹកដែរ ជាច្រើនខែមកហើយ ដែលក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតយល់ព្រម ឲ្យមានអន្តរាគមន៍កងទ័ពអន្តរជាតិ ដើម្បីស្តារសន្តិសុខនៅហៃទី។ តែអន្តរាគមន៍ ដែលកេនយ៉ាត្រូវធ្វើជាអ្នកដឹកនាំនេះ មិនទាន់ចេញជារូបរាងពិតប្រាកដទេ។ លោកប្រមុខការទូតអាមេរិក និងលោកប្រធានាធិបតីកេនយ៉ា បាននិយាយគ្នាពីបញ្ហានេះ ហើយបានអះអាងជាថ្មីថា គេនៅតែរក្សាជំហរ គាំទ្រការបញ្ជូនកម្លាំងអន្តរជាតិទៅអន្តរាគមន៍នៅហៃទី ដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ និងឈានទៅរៀបចំការបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ