ហៃទី៖ ពួកជនអន្ធពាលបង្ខំឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង និងព្រមានពីសង្គ្រាមស៊ីវិល
នៅប្រទេសហៃទី ស្ថានការណ៍អសន្តិសុខកាន់តែដុបដាបខ្លាំង។ អំពើហិង្សាផ្ទុះឡើងពេញផ្ទៃប្រទេស ព្រោះតែបាតុកម្មហិង្សា និងការប៉ះទង្គិចគ្នា រវាងកម្លាំងសមត្ថកិច្ច និងក្រុមជនទំនើងអន្ធពាលប្រដាប់អាវុធ។ ប៉ុស្តិ៍តម្រួតនគរបាល ជាង ១០ កន្លែងត្រូវដុតបំផ្លាញ។ ប៉ុន្មានថ្ងៃមកនេះ មនុស្សស្លាប់ យ៉ាងតិចជាង ៧០ នាក់បន្ថែមទៀត។ នាយករដ្ឋមន្ត្រីហៃទី បានចាកចេញក្រៅប្រទេស នៅមិនទាន់ហ៊ានចូលស្រុកវិញទេ។ មេក្រុមប្រដាប់អាវុធ បានព្រមានអំពី សង្គ្រាមស៊ីវិល ប្រសិនបើនាយករដ្ឋមន្ត្រីហៃទី មិនព្រមលាឈប់ពីតំណែង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១១
«ប្រសិនបើ នាយករដ្ឋមន្ត្រី អារីយែល អង់រី មិនលាចុះពីតំណែងទេ ហើយប្រសិនបើ សហគមអន្តរជាតិនៅតែបន្តគាំទ្រគាត់ទៀត នោះបានន័យថា ពួកគេជំរុញឲ្យយើងឈានទៅរកសង្គ្រាមស៊ីវិល ហើយវានឹងត្រូវបញ្ចប់ដោយការកាប់សម្លាប់ប្រល័យពូជសាសន៍ ជាពុំខាន »។ នេះបើតាមសម្តីរបស់ មេក្រុមទំនើងប្រដាប់អាវុធ លោក ជីមី ស្សេរីហ្ស៊ីយេ ដែលបានថ្លែងប្រកាសក្នុងសប្តាហ៍នេះ នៅចំពោះមុខគ្នីគ្នាគាត់។ លោក ជីមី ស្សេរីហ្ស៊ីយេ ជាអតីតប៉ូលិស ហើយប្រែខ្លួនជាបងធំនាំមុខគេនៃបណ្តាក្រុមជនទំនើងអន្ធពាលប្រដាប់អាវុធ។ បក្សពួកគេ មានគ្នាច្រើនក្រុម ដែលប្រមូលផ្តុំដោយ អតីតនគរបាល អតីតក្រុមកម្លាំងសន្តិសុខ និងក្រុមក្មេងទំនើង រួមទាំង ពួកអ្នកទោសដែលរួចរត់ពីពន្ធនាគារ។ សរុប ច្រើនជាង ១ ពាន់នាក់ ដែលកំពុងធ្វើព្យុះធ្វើភ្លៀងនៅហៃទី។
ហៃទី ជាប្រទេសកោះ ឋិតនៅប៉ែកអាគ្នេយ៍សហរដ្ឋអាមេរិក ហើយនិងមានប្រជាជនប្រមាណ ជិត ១២ លាននាក់។ ហៃទី ជួបបញ្ហាវិបត្តិរ៉ាំរៃ គ្មានប្រធានាធិបតី គ្មានរដ្ឋសភា និងគ្មានការបោះឆ្នោត តាំងពីឆ្នាំ២០១៦មក។ អតីតនាយករដ្ឋមន្ត្រីហៃទី លោក ហ្សូវើនែល មូរីស ត្រូវគេធ្វើឃាត ស្លាប់ក្នុងផ្ទះ នៅឆ្នាំ២០២១។ លោក អារីយែល អង់រី ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី និងបានសន្យាចុះពីតំណែង នៅមុខការរៀបចំការបោះឆ្នោត នៅដើមខែកុម្ភៈ។ ប៉ុន្តែ នេះជាការសន្យាខ្យល់ ហើយក៏ជាហេតុធ្វើឲ្យក្រុមប្រដាប់អាវុធ កាន់តែបានលេស បញ្ឆេះកំហឹងបោះបោលកាន់តែខ្លាំង។
នាយករដ្ឋមន្ត្រីហៃទី អារីយែល អង់រី បានចេញក្រៅប្រទេស ដើម្បីទៅចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយប្រទេសកេនយ៉ា។ ពេលនេះ លោកនៅមិនទាន់ហ៊ានចូលប្រទេសហៃទីផងទេ ព្រោះតែបារម្ភខ្លាចបញ្ហាអសន្តិសុខ។ លោកចុះយន្តហោះនៅកោះ ព័រតូ-រីកូ ជាដែនកោះត្រួតត្រាដោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានស្នើឲ្យលោក អារីយែល អង់រី សម្រួលដំណើរអន្តរកាលដឹកនាំប្រទេស ហើយឈានទៅរៀបចំការបោះឆ្នោតជាថ្មី។
ពី១ថ្ងៃទៅ១ថ្ងៃ អំពើហិង្សាផ្ទុះឡើងច្រើនទៅៗនៅក្នុងប្រទេសហៃទី៖ ការកាប់ស្លាប់ បាញ់បោះ លួច ឆក់ ប្លន់ ចាប់ជំរិត រំលោភភេទ គ្រឿងញៀន ដុតបំផ្លាញ ។ល។ បើតាមទិន្នន័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ, គ្រាន់តែប៉ុន្មានខែដើមឆ្នាំ២០២៤នេះ មនុស្សប្រមាណ ១ ២០០ នាក់ ត្រូវគេសម្លាប់ ហើយប្រហែល ៧០០ នាក់ រងរបួស។ ប្រជាពលរដ្ឋ ជាង ៣៥ ម៉ឺននាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ រត់ចោលផ្ទះសម្បែង។
នៅថ្ងៃពុធ ទី៦កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ហើយ ឯកអគ្គរដ្ឋទូតអេក្វាទ័រ បានថ្លែងថា គ្រប់គ្នាមានក្តីព្រួយបារម្ភជាពន់ពេកចំពោះសភាពការណ៍ធ្ងន់ធ្ងរនៅហៃទី។ ឧត្តមស្នងការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ លោក វ៉ុលក័រ តួក ក៏ធ្លាប់បានអំពាវនាវឲ្យបញ្ចូនជំនួយ កម្លាំងការពារសន្តិសុខក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ទៅជួយហៃទី ជាបន្ទាន់ និង មិនត្រូវពន្យារពេលឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ