អានតួអត្ថបទ
អេក្វាទ័រ-អសន្តិសុខ

អេក្វាទ័រ៖ ប្រធានាធិបតីដាក់​ប្រទេស​ក្នុង​​​ភាព​អាសន្ន​ ដោយ​ហេតុ​​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង

អេក្វាទ័រ​កំពុង​ធ្លាក់ក្នុង​វិបត្តិ​អសន្តិសុខ​​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ទេ តាំងពី​បី​ថ្ងៃមក​នេះ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់។ នេះ​បើ​តាម​តួលេខ​បឋម។ លោក ដាញីយែល​ ណូបូអា Daniel Noboaប្រធានាធិបតី​អេក្វាទ័រ​ បាន​ចេញ​ក្រិត្យ​​នៅ​ថ្ងៃ​អង្គារ​ទី​៩​មករា២០២៤ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង ៦០​ថ្ងៃ និង​បានដាក់បញ្ជា​ឱ្យ​កម្ទេច​ក្រុម​ឧក្រិដ្ឋជន​​តែម្តង។

អេក្វាទ័រ៖ ប្រធានាធិបតីដាក់​ប្រទេស​ក្នុង​​​អាសន្ន​ ដោយ​ហេតុ​​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង
អេក្វាទ័រ៖ ប្រធានាធិបតីដាក់​ប្រទេស​ក្នុង​​​អាសន្ន​ ដោយ​ហេតុ​​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង REUTERS - KAREN TORO
ផ្សាយពាណិជ្ជកម្ម

ភាព​ហិង្សា​បាន​ឡើង​ដល់​កំរិត​កំពូល​នៅ​ថ្ងៃអង្គារ​ម្សិលមិញ ដោយជនពាល​​ប្រដាប់​អាវុធ ​​មួយ​ក្រុម​បាន​នាំ​គ្នា​សម្រុក​ចូល​ក្នុង​ស្ថានីយ៍​ទូរទស្សន៍ជាតិ​ ហើយ​ចាប់​អ្នក​សារព័ត៌មាន បុគ្គលិក​ទទួល​បន្ទុក​រដ្ឋបាល​និង​បច្ចេកទេស​​ជា​ចំណាប់​ថ្នូរ ដោយ​ស្រែក​ថា កុំ​លេង​សើច​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា។ បើ​ទោះ​បី​ជា​គេ​បាន​ផ្តាច់​ភ្លើង​និង​បិទ​កាមេរ៉ា​ក្នុង​ស្ទុយឌីយោ​ហើយ​ក៏​ដោយ ក៏​ទិដ្ឋភាពដ៏​​ស្តែង​​នេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍អស់​​ជា​ច្រើន​នាទី​ ទម្រាំ​មាន​អន្តរាគមន៍​ពី​ក្រុម​នគរបាល។ ជា​សរុប​ប៉ូលិស​ចាប់​ខ្លួន​ជន​ដៃដល់​បាន​១៣នាក់។ ប៉ុន្តែនៅពេលនោះ​រដ្ឋាភិបាល​ពុំ​ទាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​កំពុងធ្វើ​សកម្មភាព​ផង​និ​ង​ការ​ប៉ះបោរ​ក្នុង​ពន្ធនាគារ​ចាប់​អ្នក​យាម​ជា​​ចំណាប់​ខ្លាំង​នៅ​តាម​ពន្ធនាគារ​ជា​ច្រើន​ គំរាម​​តាម​បណ្តាញ​សង្គម។

ប្រឈម​នឹង​ស្ថានភាព​នេះ លោក​ ដានីញែល​ ណូបូអា ប្រធានាធិបតី​អេក្វាទ័រ​វ័យ​៣៤ឆ្នាំ​ បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ និង​បាន​ចេញ​បញ្ជា​ឱ្យ​កម្ទេច​ក្រុម​ឧក្រិដ្ឋជនទាំងអស់​ដែល​មានពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ នៅ​ក្នុង​​ក្រិត្យ​ប្រធានាធិបតី​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃអង្គារ​​ ប្រធានាធិបតី​បាន​ទទួល​ស្គាល់​ថា​ប្រទេស​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​និង​បានសម្រេចប្រមូល​ផ្តុំ​​​កងកម្លាំង​យោធា​និង​ប៉ូលិសជាតិ​ឱ្យ​ចេញធ្វើ​អន្តរាគមន៍​កម្ចាត់​ក្រុម​​ឧក្រិដ្ឋជន​ អង្គការ​ភេរវកម្ម​និង​ក្រុម​អន្ធពាល​ប៉ះបោរ​ ​ដើម្បី​ធានា​ការពារ​បូរណភាព​និងអធិបតេយ្យភាព​ជាតិ​។ លោក​ណូបូអា បាន​ចុច ​ឈ្មោះ​ក្រុមឧក្រិដ្ឋជន​ដោយ​ចំៗ យ៉ាង​ហោច​២២​ក្រុមដែល​ត្រូវ​​ចាត់ទុក​ជា​ក្រុម​ភេរវនិយម​ (Aguilas, AguilasKiller, Ak47, Caballeros Oscuros, ChoneKiller, Choneros, Covicheros, Cuartel de las Feas, Cubanos, Fatales, Ganster, Kater Piler, Lagartos, Latin Kings, Lobos, Los p.27, Los Tiburones, Mafia 18, Mafia Trébol, Patrones, R7, Tiguerones)។

​វិបត្តិ​សន្តិសុខ​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​មេក្រុម​ម៉ាហ្វីយ៉ា​ Choneros ដែល​មាន​កូន​ចៅ​ប្រមាណ​៨ពាន់​នាក់​ ឈ្មោះ​Adolfo Macias ហៅ​ហ្វីតូ បាន​រត់​ពី​គុក​រួច។ ជា​សត្រូវ​ទីមួយ​របស់​អេក្វាទ័រ ជាប់​សង្ស័យ​ខាង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ធ្វើ​ឃាត​មនុស្ស​ មាន​អាទិ៍​ឃាតកម្ម​សម្លាប់​បេក្ខជន​ប្រធានាធិបតី​ដ៏​ចម្បង​ម្នាក់​កាលពី​ខែ​សីហា​២០២២ ហ្វីតូមាន​ទោស​ជាប់​ពន្ធនាគារ​៣៤​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១១​មក និង​ធ្លាប់​រត់​ចេញ​ពី​គុក​បាន​ម្តង​នៅ​ឆ្នាំ​២០១៣​មុន​ចាប់​បាន​មក​វិញ។

ការ​គេច​ខ្លួន​របស់​ហ្វីតូ នៅ​លើក​នេះ​ អម​ដោយ​ការ​បះបោរ​និង​ចាប់​ចំណាប់​ខ្មាំង​សម្រុត​ដោយ​ផ្ទាល់​តាម​បណ្តាញ​សង្គម។ ហើយ​ក្រុម​ឧក្រិដ្ឋជន​បាន​បង្ក​ភាព​ស្លន់ស្លោ​និង​វឹកវរ​ ដោយ​វាយប្រហារ​មិ​នរើស​មុខ​លើ​អគារសាធារណៈ ទីតាំង​ប្រវត្តិសាស្ត្រ ឬ​រថយន្ត និង​បាន​ចាប់​ប៉ូលិស​៧នាក់​ជា​ចំណាប់​ខ្លាំង​ ក្នុង​បំណង​បំបែក​កម្លាំង​​ដើម្បី​ឱ្យ​មេក្រុមម៉ាហ្វីយ៉ា​មួយ​ក្រុម​ទៀត​ជា​គូប្រជែង​បាន​រត់​រួចដែរ។ នេះ​​ស​ឱ្យ​ឃើញ​​ថាគ្មាន​អ្វី​អាច​ទប់​​វិបត្តិ​អសន្តិសុខនៅអេក្វាទ័រ​បាន​ឡើយ។ រដ្ឋាភិបាល​បាន​ថ្ងូច​ថ្ងូរ​ថា​ក្រុម​ឧក្រិដ្ឋជន​បាន​ជ្រៀត​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ​ដល់​កំរិត​កំពូល​ ឯ​ប្រព័ន្ធ​ពន្ធនាគារ​វិញ​ស្ថិត​ក្នុង​ភាព​បរាជ័យ​ទាំងស្រុង។

វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ បាន​ជំរុញ​ឱ្យ​ប៉េរ៉ូ​ជិត​ខាង​ប្រកាស​អាសន្ន​ដែរ​នៅ​តាម​ព្រំដែន​ខាង​ជើង​របស់​ខ្លួន ដោយ​បញ្ជូន​កម្លាំង​យោធា​ជា​ច្រើន​ទៅការពារ​ខ្លាច​ក្រែង​ក្រុម​ពាល​រាល​ឆ្លង​មក​ដល់។ ចំណែក​ចិន​វិញ​បាន​ប្រកាសនៅថ្ងៃ​ពុធ​នេះ​​ផ្អាក​សកម្មភាព​ផ្នែក​ស្ថាន​កុងស៊ុល​រហូត​មាន​បញ្ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ