អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក-ចារកម្ម

អាមេរិកចាប់ខ្លួនទាហានជើងទឹក២នាក់ក្នុងបទសង្ស័យលួចការណ៍សម្ងាត់ឲ្យ​កងទ័ពចិន

នាយ​ទាហាន​ជើងទឹក​អាមេរិក​ពីររូប ត្រូវ​ប៉ូលិសសហព័ន្ធ FBI ចាប់ខ្លួន កាលពីថ្ងៃ​ពុធ នៅរដ្ឋកាលីហ្វ័នីញ៉ា ក្នុង​បទសង្ស័យ​ផ្តល់ព័ត៌មាន​សម្ងាត់​របស់​កងទ័ពជើងទឹកអាមេរិក​ទៅ​ឲ្យ​ចិន។ នៅថ្ងៃ​ព្រហស្បតិ៍ទី​៣ សីហា ក្រសួងយុត្តិធម៌​អាមេរិក​ប្រកាស​ចោទប្រកាន់​ទាហានជើងទឹក​ទាំងពីរ ពីបទប្រព្រឹត្ត​ឧក្រិដ្ឋ លួចផ្តល់ព័ត៌មានសម្ងាត់​របស់កងទ័ពអាមេរិក​ទៅ​ឲ្យសាធារណរដ្ឋ​ប្រជាមានិត​ចិន។

ទាហានជើងទឹកអាមេរិកនៅលើកប៉ាល់ចម្បាំងអាមេរិក USS Essex ជាទីដែលទាហានជើងទឹកអាមេរិកដើមកំណើតចិនម្នាក់ត្រូវ​ចាប់ខ្លួនក្នុងបទសង្ស័យលួចយកការណ៍សម្ងាត់​ដើម្បីប្រយោជន៍ចិន
ទាហានជើងទឹកអាមេរិកនៅលើកប៉ាល់ចម្បាំងអាមេរិក USS Essex ជាទីដែលទាហានជើងទឹកអាមេរិកដើមកំណើតចិនម្នាក់ត្រូវ​ចាប់ខ្លួនក្នុងបទសង្ស័យលួចយកការណ៍សម្ងាត់​ដើម្បីប្រយោជន៍ចិន REUTERS - Handout .
ផ្សាយពាណិជ្ជកម្ម

ក្រសួង​យុត្តិធម៌អាមេរិក កាលពីថ្ងៃ​ព្រហស្បតិ៍​ប្រកាស​ចោទប្រកាន់​ទាហានជើងទឹក​អាមេរិក​ពីររូប ដែល​បាន​បញ្ជូន​រូបថត វីដេអូ និង​ឯកសារ​សំខាន់ៗ​ទាក់ទង​នឹងការគ្រប់គ្រង រចនាសម្ព័ន្ធ​របស់​កងទ័ពអាមេរិក​ទៅ​ឲ្យ​ចិន។

តាម​រដ្ឋអាជ្ញា​ក្នុងរដ្ឋកាលីហ្វ័នីញ៉ា MARTIN ESTRADA ទាហានជើងទឹកទាំងពីរ​បាន​លួច​ផ្តល់ព័ត៌មាន​សម្ងាត់​អាមេរិក​ទៅឲ្យកងទ័ពចិន ជាថ្នូរនឹងកញ្ចប់ប្រាក់ជាច្រើនពាន់ដុល្លារ។ តាមលោកMARTIN ESTRADA ជនសង្ស័យទី១ ឈ្មោះ Zhao Wenhen អាយុ ២៦ឆ្នាំ ជាទាហានជើងទឹក​ដែលធ្វើការ​នៅមូលដ្ឋានទ័ព​Ventura ខាងជើង​ទីក្រុង​Los Angeles។ អាជ្ញាធរអាមេរិក​សង្ស័យថា ទាហានអាមេរិកដើមកំណើតចិន​រូបនេះ​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​មូលដ្ឋានទ័ពអាមេរិក ទៅ​ឲ្យ​ចារកិច្ច​ចិន​ម្នាក់ដែលបន្លំខ្លួនថា ជាអ្នកស្រាវជ្រាវខាងផ្នែកជំនួញ​ជើងទឹក។ តាម​រដ្ឋអាជ្ញាអាមេរិក ២០២៣ ចារកិច្ច​ចិន​បាន​ផ្ទេរ​លុយ ជិត ១៥០០០​ដុល្លារ ទៅ​ឲ្យ​ទាហានជើងទឹក Zhao Wenhen ជាថ្នូរនឹងការផ្តល់ព័ត៌មានលម្អិត ស្តីពីសមយុទ្ធយោធា​របស់អាមេរិក​នៅ​អាស៊ីប៉ាស៊ីហ្វិក បណ្តាញអគ្គិសនី និងផែនទី​បណ្តាញរ៉ាដានៅមូលដ្ឋានទ័ពអាមេរិកនៅអូគីណាម៉ា ប្រទេស​ជប៉ុន។

ជនសង្ស័យ​ទី​២ ឈ្មោះ​Jinchao Wei អាយុ ២២ឆ្នាំ ត្រូវ​ប៉ូលិស​FBI ចាប់ខ្លួន​នៅ​កន្លែងធ្វើការ​នៅ​មូលដ្ឋានទ័ព​ជើងទឹក​នៅ​San Diego។ ​ជា​អ្នកជួសជុលគ្រឿងម៉ាស៊ីននៅ​លើ​កប៉ាល់ចម្បាំង​អាមេរិក U.S.SEssex WeiJinchao ត្រូវអាជ្ញាធរ​អាមេរិក​សង្ស័យថា បានលួចយកការណ៍សម្ងាត់​ទៅ​ឲ្យកងទ័ពចិន តាំង​ពីដើមឆ្នាំ ២០២២ ដែលនៅក្នុងនោះ​មានព័ត៌មាន​ទាក់ទង​នឹង​ដំណើរការ​របស់​កប៉ាល់ចម្បាំង សន្តិសុខ និង​អាវុធ​ដែលមាន​នៅលើ​កប៉ាល់ចម្បាំង។

តាម​បទចោទប្រកាន់របស់​រដ្ឋអាជ្ញា ជនសង្ស័យ​ទី២ បាន​ផ្តល់ព័ត៌មាន​សម្ងាត់​របស់​កប៉ាល់ចម្បាំងអាមេរិក​ជាថ្នូរនឹងលុយឌីជីថល គ្រីបតូ រាប់ម៉ឺនដុល្លារ។ ក្នុងករណី​គេរកឃើញ​ភស្តុតាង​ដូច​ការចោទប្រកាន់ Wei​ Jinchao ត្រូវប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិត ចំណែក ទាហានជើងទឹក Zhao Wenhen​អាចជាប់ពន្ធនាគា​២០ឆ្នាំ។

សម្រាប់អ្នកទទួលខុសត្រូវ​ប៉ូលិស​FBI ទទួលបន្ទុក​ផ្នែក​ប្រយុទ្ធប្រឆាំង​ចារកម្ម ទាហានជើងទឹក​ទាំងពីរបាន​លួចផ្តល់ទៅ​ឲ្យចិន នូវ​ព័ត៌មាន​សម្ងាត់ ដែលអាច​ធ្វើ​ឲ្យ​សន្តិសុខជាតិអាមេរិករងគ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ម្យ៉ាង ការចាប់ខ្លួន​ទាហានជើងទឹក ដែល​លួច​ផ្តល់ព័ត៌មាន​សម្ងាត់ទៅ​ឲ្យ​ចិន ស​បញ្ជាក់​ថា កងទ័ព​ចិន​ព្យាយាម​មិន​ឈប់ឈរ បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​គំរាមកំហែង​កងទ័ព​អាមេរិក​ដែលមាននាទី​ការពារប្រជាធិបតេយ្យអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ