អានតួអត្ថបទ
អាមេរិក-ចោរព័ត៌មានវិទ្យា

កាសែតអាមេរិកចុះផ្សាយថា​វ៉ាស៊ីនតោន​បារម្ភ​ពីការវាយប្រហារ​របស់​ចោរព័ត៌មានវិទ្យា ដែលមាន​ចិន​នៅពីក្រោយ

អាមេរិកកំពុងប្រមាញ់ តាមរក​កម្មវិធី ដែលចោរព័ត៌វិទ្យា​បង្កប់ទុក នៅក្នុង​បណ្តាញគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​របស់​កងទ័ពអាមេរិក។ តាម​ការចុះផ្សាយ នៅថ្ងៃ​សៅរ៍ របស់​កាសែតអាមេរិក New York Times ដែលបាន​ដកស្រង់​សំដី​របស់មន្រ្តី​ជាន់ខ្ពស់​អាមេរិក វ៉ាស៊ីនបារម្ភខ្លាចថា កម្មវិធីរបស់​ចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយ​ទីក្រុង​ប៉េកាំង​នឹង​អាចជា​គ្រាប់បែកម៉ោង ដែលអាច​ទៅបន្ទុចបង្អាក់​បេសកកម្ម​យោធា​របស់​អាមេរិក នៅក្នុង​ករណី​មាន​ជម្លោះ ដែលនៅក្នុងនោះ​មានផង​ដែរ ការវាយប្រហារ​របស់​ចិន ដើម្បី​ចូលគ្រប់គ្រង​តៃវ៉ាន់។

មូលដ្ឋានទ័ព អាមេរិក ឬ​នៅបរទេស ​នៅកោះហ្គាំ
មូលដ្ឋានទ័ព អាមេរិក ឬ​នៅបរទេស ​នៅកោះហ្គាំ AP - Tassanee Vejpongsa
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលលោក​ចូ បៃដិន​កំពុង​ព្យាយាម​តាមរក​កូដកុំព្យូទ័រ ដែល​ក្រុមចោរព័ត៌មានវិទ្យា​លាក់​បង្កប់ទុក នៅក្នុង​បណ្តាញ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អាមេរិក។ តាម​មន្រ្តីយោធា និងក្រុមស៊ើបការណ៍សម្ងាត់​អាមេរិក ដែលដកស្រង់សំដី​ដោយ​កាសែតអាមេរិក New York Times ដោយសារ​តែ​គេ​នៅ​មិនទាន់រកឃើញ កម្មវិធី​របស់​ចោរព័ត៌មានវិទ្យា វ៉ាស៊ីនតោននៅ​បារម្ភ​ខា្លចថា ក្រុមចោរព័ត៌មានវិទ្យា​ដែលអាមេរិកចោទថា ធ្វើការបម្រើ​ឲ្យកងទ័ពប្រជាជនចិន នឹងអាច​ប្រើ​កម្មវិធី កូដកុំព្យូទ័រនៅថ្ងៃណាមួយ ដែលកើតមាន​ជម្លោះប្រដាប់អាវុធ ដើម្បីទៅ​បន្ទុចបង្អាក់ រំខាន​ទំនាក់ទំនង​ទូរសារគមនាគមន៍ ការផ្គត់ផ្គង់ភ្លើង និង​ទឹក សម្រាប់​មូលដ្ឋានទ័ព មិន​ថា នៅក្នុងទឹកដីអាមេរិក ឬ​នៅបរទេស ដូចជា​នៅកោះហ្គាំជាដើម។

សម្រាប់សមាជិកព្រឹទ្ធសភាអាមេរិក កូដកុំព្យូទ័រដែល​ចោរព័ត៌មានវិទ្យា​ចិន បង្កប់​លាក់ទុក​ក្នុង​ប្រព័ន្ធព័ត៌មានវិទ្យាអាមេរិក ជា​គ្រាប់បែកម៉ោង​ដែលនឹងផ្ទុះនៅថ្ងៃណាមួយ ដើម្បី​បើកដៃ​ឲ្យ​ចិនមានអំណាច​ចូលទៅបង្អាក់ រំខានសកម្មភាពយោធា​របស់អាមេរិក ដូចជា​ការពង្រាយទ័ព ការផ្គត់ផ្គង់ភស្តុភា​សម្រាប់មូលដ្ឋានទ័ពអាមេរិក​នៅបរទេស។

ប្រភពផ្សេងទៀត​របស់​កាសែត​New York Times បានលើកឡើង​ទ្រឹស្តីមួយផ្សេងទៀត ដែលថា ដោយ​ប្រើ​កម្មវិធីកូដកុំព្យូទ័រ​ទៅរំខាន បណ្តាញផ្គត់ផ្គង់ទឹក និង​ភ្លើង​នៅអាមេរិក ចិន តាមរយៈក្រុមចោរព័ត៌មានវិទ្យា​អាច​ទៅពង្វក់​ប្រជាជនអាមេរិក​ឲ្យផ្តោតសំខាន់​តែទៅលើ​បញ្ហា​ក្នុងស្រុក ជាជាង​សង្រ្គាមរបស់អាមេរិក​នៅទឹកដីបរទេស។

ក្តីបារម្ភ​របស់អាមេរិក​ពីការវាយប្រហារ​របស់​ចោរព័ត៌មានវិទ្យា កើតមានឡើង បន្ទាប់ពី ទីភ្នាក់ងារ​សន្តិសុខព័ត៌មានវិទ្យាអាមេរិក កាលពី​ខែ​ឧសភា​កន្លងទៅ​បាន​ចេញសេចក្តីថ្លែងការណ៍រួមជាមួយ អូស្ត្រាលី និងនូវែលសេឡង់ ដើម្បីព្រមានពីគ្រោះថ្នាក់​របស់​ចោរព័ត៌មានវិទ្យាចិន​ឈ្មោះ Volt Typhoon ដែលធ្វើសកម្មភាពចូលទៅពួនសំងំ​នៅតាម​បណ្តាញប្រព័ន្ធព័ត៌មានវិទ្យាអាមេរិក និងប្រទេស​លោកខាងលិចផ្សេងទៀត។ នៅខែ​ឧសភាដដែល ក្រុមហ៊ុន​អាមេរិក Microsoft បានអះអាងដែរថា ក្រុមហ៊ុនចាប់បានសញ្ញា​កូដកុំព្យូទ័រ​ដ៏ចម្លែក នៅក្នុង​បណ្តាញទូរសាគមនាគមន៍​របស់អាមេរិក នៅ​កោះហ្គាំដែលជា​ទីតាំងមូលដ្ឋានទ័ពដ៏ធំ​របស់អាមេរិក នៅ​មហាសមុទ្រប៉ាស៊ីហ្វិក។ តាម​Microsoft បច្ចេកទេស​របស់ក្រុមចោរ Volt Typhoon គឺ​ពួនសំងំ នៅក្នុងប្រព័ន្ធ​ ដោយ​គ្មាននរណា​ដឹង និងរង់ចាំ​ឱកាសវាយឆ្មក់ បើកការវាយប្រហារ ធ្វើឲ្យរាំងស្ទះដល់បណ្តាញទំនាក់ទំនងធំៗ រវាងអាមេរិក ជាមួយ​នឹងបណ្តាប្រទេសនៅអាស៊ី ក្នុងករណី​ដែល​មានវិបត្តិ​អន្តរជាតិ​ណាមួយកើតឡើង ទៅថ្ងៃអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ