អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

ហេតុអ្វីអាមេរិកប្តូរចិត្ត​មកទាមទារ​ឲ្យមានបទឈប់បាញ់បន្ទាន់​នៅ​ហ្កាហ្សា?

នៅក្នុងកិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុងនាមជាអន្តរការី​ជំរុញ​ឲ្យមាន​បទឈប់បាញ់​នៅហ្កាហ្សា អាមេរិក​បាន​អះអាងថា ខ្លួន​បាន​ស្នើសេចក្តីព្រាង​សេចក្តីសម្រេចចិត្ត​មួយ​ស្តីពី​បទឈប់បាញ់បន្ទាន់ ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោកអង់តូនី ប្លីងកិន ដែលកំពុង​ធ្វើទស្សនកិច្ច​ជាលើកទី​៦ ទៅកាន់​តំបន់​ដើមបូព៌ា ដែលផ្តោតសំខាន់លើ​រឿងហ្កាហ្សា។ តាម​ប្រមុខការបរទេស​អាមេរិក ក្រុមចរចាហាម៉ាស និងអ៊ីស្រាអែល​កាន់តែ​ខិតចូលជិតគ្នា នៅក្នុង​ការចរចា​ដែល​គេ​សង្ឃឹមថា ​នឹង​ផ្តល់​ពន្លឺ​ក្នុងពេល​ឆាប់ៗ​ខាងមុខ។

ប្រមុខការបរទេស​អាមេរិកធ្វើដំណើរជាលើកទី​៦​នៅដើមបូព៌ា ដើម្បី​ជំរុញ​ឲ្យមាន​បទឈប់បាញ់​នៅ​ហ្កាហ្សា
ប្រមុខការបរទេស​អាមេរិកធ្វើដំណើរជាលើកទី​៦​នៅដើមបូព៌ា ដើម្បី​ជំរុញ​ឲ្យមាន​បទឈប់បាញ់​នៅ​ហ្កាហ្សា © Evelyn Hockstein, Reuters
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមសងសឹក​របស់អ៊ីស្រាអែល​ទៅលើ​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា ជាហេតុផលតែមួយគត់​ដែលធ្វើ​ឲ្យរដ្ឋមន្រ្តីការបរទេស​អាមេរិក ចុះឡើង ឥតឈប់ នៅតំបន់​ដើមបូព៌ា។ នៅក្នុងទស្សនកិច្ច​ជាលើកទី​៦ គិត​ចាប់តាំង​ពី​អ៊ីស្រាអែល​បើកសង្រ្គាមនៅហ្កាហ្សា ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​ចុះចត​មុនគេ​នៅ​ទឹកដីអារ៉ាប៊ី សាអូឌីត មុន​នឹង​ធ្វើដំណើរ នៅថ្ងៃព្រហស្បតិ៍​នេះ​ទៅ​ប្រទេស​អេហ្ស៊ីប និង​ទៅជួប​ភាគីអ៊ីស្រាអែល នៅថ្ងៃ​សុក្រ។

ប៉ុន្តែ មុនជួបអន្តរការីអេហ្ស៊ីប និង​កាតា នៅទីក្រុង​គែរ នៅថ្ងៃ​ព្រហស្បតិ៍ទី​២១​មីនា រដ្ឋមន្រ្តីការបរទេស​អាមេរិក​បានប្រាប់​កាសែត​អារ៉ាប៊ី សាអូឌីត​ថា អាមេរិក​បាន​ដាក់​សេចក្តីព្រាង​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បីទាមទារ​ឲ្យមាន​បទឈប់បាញ់​បន្ទាន់ ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​នៅហ្កាហ្សា។

ជាសម្ព័ន្ធមិត្ត គាំទ្រ​អ៊ីស្រាអែល​ដែល​អះអាងថា ធ្វើសង្រ្គាម​ហ្កាហ្សា កម្ទេចក្រុមហាម៉ាស នៅក្នុងហេតុផល​ការពារ​ខ្លួន អាមេរិក​ធ្លាប់​លើកដៃ​វេតូ ប្រឆាំង​ជាច្រើនដង​សេចក្តីសម្រេច​ដែល​ទាមទារ​ឲ្យមាន​បទឈប់បាញ់​បន្ទាន់ នៅ​ហ្កាហ្សា។ ជាក់ស្តែង នៅ​ខែ​កុម្ភៈកន្លងទៅ អាមេរិក​វេតូ​ប្រឆាំង​សេចក្តីសម្រេច ស្នើឡើង​ដោយ​ប្រទេស​អាល់ហ្សេរី ដែល​បាន​ទាមទារ​ឲ្យមានបទឈប់បាញ់​មនុស្សធម៌ ជាបន្ទាន់។

កាលណោះ អាមេរិក​និយាយការពារ​សិទ្ធិវេតូ​របស់ខ្លួន ដោយ​ថា អាមេរិក​យល់ស្របជាមួយ​អ៊ីស្រាអែល​ដែលថា បទឈប់បាញ់​នឹង​អនុញ្ញាត​ឲ្យក្រុមហាម៉ាស​មានពេល​ប្រមូលកម្លាំង ដើម្បី​វាយប្រហារ​លើ​ទឹកដី​អ៊ីស្រាអែល។

តាម​មន្រ្តីទូត ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP សាកសួរ​សម្ភាសន៍ កាលពីថ្ងៃពុធ អាមេរិក​ធ្លាប់បាន​ស្នើ​សេចក្តីព្រាង​ឲ្យមានបទបាញ់​រយៈពេល​៦សប្តាហ៍ ជាថ្នូរនឹងការដោះលែង​ចំណាប់ខ្មាំង។ ប៉ុន្តែ​ដោយស្ទង់ដឹងថា ទំនងជាគ្មានបានទទួល​ការគាំទ្រ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ អាមេរិក​បាន​ធ្វើ​សេចក្តីព្រាង​ថ្មី ដែល​ទាមទារ​ឲ្យមាន​បទឈប់បាញ់​បន្ទាន់ ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់​ខ្មាំង។

ប្រមុខ​ការបរទេស​អាមេរិក​និយាយ​ថា សេចក្តីព្រាង​ថ្មី​ជាសារសំខាន់ ដើម្បីបញ្ជាក់ថា ជាការពិត​អាមេរិក នៅតែ​ឈរខាង​អ៊ីស្រាអែល​ដែល​ប្រើ​សិទ្ធិ​ការពារ​ខ្លួន។ ប៉ុន្តែ ជាមួយគ្នានោះ អាមេរិក​ត្រូវ​ផ្តោត​អាទិភាព​លើ​ការការពារ​ជីវិត​ប្រជាជនស៊ីវិល ដែលកំពុង​ឈឺចាប់ និងកំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ នៅហ្កាហ្សា។

សេចក្តីព្រាង​របស់​អាមេរិក​មាននិយាយ​ពី​បទឈប់បាញ់បន្ទាន់ និង​យូរអង្វែង ដើម្បីការពារ​ប្រជាជន​ទាំងពីរ និង​ការបើកផ្លូវ​ឲ្យមានការនាំជំនួយមនុស្សធម៌​ចូលទឹកដីហ្កាហ្សា ដែល​អ៊ីស្រាអែល​បាន​បិទខ្ទប់ រហូតមក។ តើ​អ៊ីស្រាអែល​នឹង​យល់ព្រមធ្វើតាម​ការចង់​បាន​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ដែរឬទេ។ អាមេរិក​ធ្លាប់​បាន​រំលឹកអ៊ីស្រាអែល​កុំ​ឲ្យបើកការវាយប្រហារ​ជើងគោក​ចូលទីក្រុង​រ៉ាហ្វា ដើម្បី​ជៀសវាង​ការសម្លាប់ជីវិត​ប្រជាជន​ស៊ីវិល។ ប៉ុន្តែ ជាថ្មី ម្តងទៀត នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បញ្ជាក់​ទៅភាគីអាមេរិកថា ដើម្បីកម្ទេច​ក្រុមហាម៉ាស​ឲ្យអស់​ពីទឹកដីហ្កាហ្សា អ៊ីស្រាអែល​នឹង​បើកប្រតិបត្តិការយោធា​ចូល​រ៉ាហ្វា ដូចដែល​អ៊ីស្រាអែលធ្លាប់​ធ្វើ​នៅភាគខាងជើង ហ្កាហ្សា។

ដោយសារ​បេ្តជ្ញាចិត្ត​គាស់រំលើង​ក្រុមហាម៉ាសនៅហ្កាហ្សា អ៊ីស្រាអែល​ចង់​បាន​ត្រឹម​បទឈប់បាញ់​រយៈពេល​៦សប្តាហ៍ ជាថ្នូរនឹង​ការដោះលែង​ចំណាប់ខ្មាំង។ ប៉ុន្តែ ក្រុមហាម៉ាស​វិញ​ទាមទារចង់បានបទឈប់បាញ់​ទាំងឡាយណា​ដែលនឹង​ទៅធានា​បិទបញ្ចប់​សង្រ្គាម នៅហ្កាហ្សា។

ក្រុមចរចា​ហាម៉ាស​ចង់​ឲ្យអ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន បើកផ្លូវ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​ធ្វើដំណើរ​វិលត្រលប់​ទៅរស់នៅ​តំបន់​ភាគខាងជើង​ហ្សាហ្សា​ឡើងវិញ។

ប៉ុន្តែ រហូតមកដល់ពេលនេះ អ៊ីស្រាអែល​បាន​ទាត់ចោល​សំណើ​របស់​ហាម៉ាស ដោយថា នៅក្រោយ​ចប់​បទឈប់បាញ់ អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​វាយប្រហារ​ឡើងវិញ រហូត​ដល់អ៊ីស្រាអែល​បំផ្លាញ​ឲ្យ​ខ្ទេច​គ្មានសល់ រចនាសម្ព័ន្ធ​ហាម៉ាស​នៅហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ