អានតួអត្ថបទ
មេចលនាហាម៉ាស

អាមេរិក​អះអាង​ថា អ៊ីស្រាអែលសម្លាប់បានមេដឹកនាំធំទី​៣​របស់​ហាម៉ាស

មេកើយធំទី​៣​របស់​ក្រុមហាម៉ាស​នៅហ្កាហ្សា ស្លាប់​នៅក្នុងការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល នៅក្នុងការវាយប្រហារ​ទៅលើ​បណ្តាញរូងក្រោមដី​ដ៏ប្រទាក់ក្រឡាមួយ​របស់ក្រុមហាម៉ាស នៅក្នុងទឹកដី​ហ្កាហ្សា កាលពី​សប្តាហ៍មុន។ តាម​ការបញ្ជាក់​របស់​សេតវិមាន Marwan Issa អនុប្រធាន​កងកម្លាំង Izzedine Al-Qassam ដែលជា​ចលនា​ប្រដាប់​អាវុធ​របស់​ហាម៉ាស នៅហ្កាហ្សា ស្លាប់ កាល​ពី​សប្តាហ៍​មុន។ ប៉ុន្តែ ទាំង​កងទ័ពអ៊ី​ស្រាអែល និង​ក្រុមហាម៉ាស​មិនទាន់​បញ្ជាក់​ដំណឹងនេះ នៅឡើយទេ។ Marwan Issa​ជា​ថ្នាក់ដឹកនាំ​ហាម៉ាស ទី​២ ដែល​ស្លាប់​ដោយសារ​ស្នាដៃរបស់កងទ័ព​អ៊ីស្រាអែល។ នៅ​ខែមករា ដើមឆ្នាំនេះ អនុប្រធាន​ការិយាល័យនយោបាយ​របស់ហាម៉ាស ដែលជា​ឥស្សរជនសំខាន់​លំដាប់​ទី​២​របស់​ចលនា​ហាម៉ាស ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​ផ្លូវអាកាស​របស់​អ៊ីស្រាអែល ទៅលើ​ទីក្រុង​បីរូត ប្រទេស​លីបង់។

De gauche à droite, en partant de la ligne du haut : Mohammed Deif, Yahya Sinouar, Marwan Issa, Ismaïl Haniyeh, Khaled Mechaal, Saleh al-Arouri.
មេកើយធំៗ​របស់ក្រុមហាម៉ាស ពីឆ្វេងទៅ ស្តាំ (ជួរខាងលើ) Mohammed Deifមេសាខាកងទ័ពAl-Qassam, Yahya Sinouar ប្រធានក្រុមហាម៉ាសនៅហ្កាហ្សា, Marwan Issa អនុប្រធានក្រុមប្រដាប់អាវុធAl-Qassam © AFP/AP/Wiki Commons
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្រ្គាម​សងសឹក នៅ​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល​មានគោលដៅធំជាងគេ គឺតាម​ប្រមាញ់​សម្លាប់​មេក្រុមហាម៉ាស ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​មេខ្លោងគំនិត រៀបចំ​ការវាយប្រហារ​ភេរវកម្មសម្លាប់មនុស្ស​ជាង ១ពាន់នាក់ នៅក្នុងទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃទី ៧តុលា។ តាំង​ពី​បើកសមរភូមិហ្កាហ្សា នៅថ្ងៃ ទី ៧​តុលា កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​អ្នកទទួល​ខុសត្រូវ​របស់​ក្រុមប្រដាប់អាវុធហាម៉ាស​ជាច្រើននាក់។ ប៉ុន្តែ តាម​សេតវិមាន កងទ័ពអ៊ីស្រាអែល​ទើប​បាន​សម្លាប់​មេកើយ​ធំទី​៣​របស់​ហាម៉ាស ឈ្មោះ Marwan Issa នៅក្នុង​ការវាយប្រហារ​ទៅលើ​បណ្តាញរូងក្រោមដី ខា្វត់ខ្វែង នៅ​ជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាល​ហ្កាហ្សា។

ទាំងចលនាហាម៉ាស និង​កងទ័ពអ៊ីស្រាអែល​មិនទាន់បញ្ជាក់ជាផ្លូវការ ដំណឹង​ដែល​ផ្តល់​ដោយភាគីអាមេរិក។ ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល​ធ្លាប់​បាន​ប្រកាស​ថា ខ្លួនបាន​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​មូលដ្ឋានទ័ព​ក្រោមដី នៅ​ភាគខាងកណ្តាល​ហ្កាហ្សា ដែលអ៊ីស្រាអែល​ជឿថា ជា​កន្លែងលាក់ខ្លួន​របស់​មេដឹកនាំជាន់ខ្ពស់​របស់ហាម៉ាស ដែលនៅក្នុងនោះ ១នាក់ ជា Marwan Issa។

ជា​មនុស្ស​សំខាន់​ទី​៣ នៅក្នុង​ចលនា​ដឹកនាំ​ហាម៉ាស នៅ​ហ្កាហ្សា Marwan Issa​ជាអនុប្រធាន​កងកម្លាំង Izzedine Al-Qassam ដែល​ជាសាខា​ប្រដាប់អាវុធ មានរចនាសម្ព័ន្ធដូចយោធា​របស់​ប្រទេសមួយ និង​ដែលដឹកនាំ​ដោយ​មេកើយធំ គឺ Mohammed Dief។

ធ្លាប់ពន្ធនាគារ​អ៊ីស្រាអែល ៥ឆ្នាំ ដោយសារ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហាម៉ាស និង​បន្ទាប់មក​ត្រូវអាជ្ញាធរ​ប៉ាឡេស្ទីន​ចាប់ដាក់ពន្ធនាគារដែរ នៅ​ឆ្នាំ ១៩៩៧ មុននឹង​ត្រូវ​ដោះលែង​នៅក្នុងអំឡុង​សង្រ្គាមគប់ដុំថ្ម Intifada លើកទី​២ នៅ​ឆ្នាំ ២០០០ Marwan Issa​បាន​ឡើងឋានៈ តួនាទីជាបន្តបន្ទាប់ នៅក្នុង​ចលនា​ប្រដាប់អាវុធហាម៉ាស​នៅហ្កាហ្សា។ ក្លាយជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​អ៊ីស្រាអែល Marwan Issa​ត្រូវ​អ៊ីស្រាអែល​ចាត់ទុក​ជា​មនុស្សស្រមោល ដោយសារតែសមត្ថភាព ចេះតែគេចខ្លួន​ផុត​ពី​រ៉ាដា ក្រុមចារកិច្ច​របស់​អ៊ីស្រាអែល។

នៅ​ថ្ងៃ​ចន្ទ ទីប្រឹក្សា​សន្តិសុខ​អាមេរិក លោក​Jack Sullivan ដែលជា​អ្នកបញ្ជាក់​ថា Marwan Issa​ស្លាប់នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល បាន​បន្ថែម​ថា មេដឹកនាំធំៗ​ផ្សេងទៀត​របស់​ហាម៉ាស កំពុង​រត់គេច លាក់ខ្លួន នៅក្នុង​រូងក្រោមដី​ដ៏សែនជ្រៅ នៅ​ហ្កាហ្សា។ អស់​ពី​Marwan Issa ក្រុមហាម៉ាស នៅសល់ Yahya Sinwar ដែលជា​មេដឹកនាំ​ហាម៉ាស​នៅហ្កាហ្សា ហើយនិងMohammed Dief​ដែល​ជា​មេសាខា​ប្រដាប់អាវុធហាម៉ាស Izzedine Al-Qassam។ បើតាម​លោក​ Jack Sullivan ​អាមេរិក​នឹង​បន្តជួយ​អ៊ីស្រាអែលដើម្បី​តាម​ប្រមាញ់​មេដឹកនាំ​ហាម៉ាស ប៉ុន្តែ អាមេរិក​នៅតែ​ចង់​ឲ្យអ៊ីស្រាអែលប្រើ​យុទ្ធសាស្រ្ត​ផ្សេង ក្រៅពីប្រតិបត្តិការជើងគោក ទៅក្នុងទីក្រុង​រ៉ាហ្វា ដើម្បី​បំផ្លាញក្រុមហាម៉ាស។ សម្រាប់ ទីប្រឹក្សា​សន្តិសុខ​ជាតិអាមេរិក ការវាយប្រហារ​ជើងគោក​របស់អ៊ីស្រាអែល ចូល​ទីក្រុង​រ៉ាហ្វា នៅក្នុងគោលដៅ គាស់រំលើង​ក្រុមហាម៉ាស គឺ​ជា​កំហុសឆ្គងមួយដ៏ធំ ព្រោះ​វា​នឹង​សម្លាប់​ប្រជាជន​ស្លូតត្រង់ ធ្វើ​ឲ្យ​ស្ថានភាពមនុស្សធម៌ដែលអាក្រក់ កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ បង្កអនាធិបតេយ្យនៅហ្កាហ្សា ហើយនិង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​កាន់តែ​ឯកោ​នៅ ឆាកអន្តរជាតិ។

លោក​ប្រធានាធិបតី​ចូ បៃដិន​បាននិយាយ​ប្រាប់អ្នកកាសែត​ថា នៅក្នុងការសន្ទនា​តាមទូរស័ព្ទ ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល កាលពីថ្ងៃ​ចន្ទ លោកបាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ជូន​គណៈប្រតិភូ​មួយទៅ​វ៉ាស៊ីនតោន​ដើម្បី​បង្ហាញ​ផែនការយោធារបស់​អ៊ីស្រាអែល សម្រាប់​ត្រៀមវាយចូលហ្កាហ្សា។

សម្រាប់​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក វត្តមាន​របស់​គណៈប្រតិភូ​អ៊ីស្រាអែល​នៅអាមេរិក អាច​ជា​ឱកាស​ពន្យារពេល ព្រោះថា អ៊ីស្រាអែល​បានបញ្ជាក់ហើយថា នឹង​មិន​បើកប្រតិបត្តិការយោធា ចូល​រ៉ាហ្វា នៅមុន ការបញ្ជាក់ផែនការ​ប្រាប់អាមេរិកនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ