អានតួអត្ថបទ
ខ្មែរក្រហម

បដិវត្តន៍​ខ្មែរក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០

ចាប់តាំង​ពី​បាន​សម្រេច​ចិត្ត​បើក​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ នៅ​ឆ្នាំ​១៩៦៧ រហូត​មក​ទល់​នឹង​ឆ្នាំ១៩៧០ ពួក​ខ្មែរ​ក្រហម​​មាន​ទាហាន​តិចតួច​បំផុត។ ទាហាន​ទាំង​នោះ​សោត​ក៏​មិន​បាន​ទទួល​​កា​រហ្វឹកហ្វឺន និង​បំពាក់​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ធំដុំ​ដែរ។ ក៏​ប៉ុន្តែ ក្រោយ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ទៅ​ចូលរួម​ក្នុង​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង។

សម្តេច​នរោត្តម​ សីហនុ ពេល​ជួប​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៣
សម្តេច​នរោត្តម​ សីហនុ ពេល​ជួប​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៣ ©រូបថតឯកសារ
ផ្សាយពាណិជ្ជកម្ម

 

ពីសត្រូវ​ក្លាយ​មក​ជា​មិត្ត

នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​សម្តេច នរោត្តម សីហនុ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត លន់ នល់ និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​រៀបចំ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​បោះឆ្នោត​ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​ប្រមុខ​រដ្ឋ។

ចាក​ចេញ​ពី​ម៉ូស្គូ សម្តេច នរោត្តម សីហនុ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ក្នុង​អំឡុង​ពេល​នោះ គណៈប្រតិភូ​មួយ​ក្រុម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដឹកនាំ​ដោយ សាឡុត ស ដែល​ទើប​តែ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ក៏​កំពុង​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ដែរ។

ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង សម្តេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​មួយ ហើយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់​ចូល​ព្រៃ​កាន់​អាវុធ​ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប លន់ នល់។ ​ខ្មែរក្រហម ដែល​ជា​អតីត​គូ​សត្រូវ​របស់​ព្រះអង្គ​ក៏​បាន​ចូល​រួម​ក្នុង​រណសិរ្ស​រួបរួម​ជាតិ​នេះ​ដែរ។
 
ចិន​ ជើង​មួយ​ចង់​ជាន់​ទូក​ពីរ

បើ​យោងតាម​សៀវភៅ​របស់​​លោក​ស្រី Elizabeth Beckerដែល​មាន​ចំណង​ជើង​ថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន​​បាន​សម្តែង​ការ​គាំទ្រ​ដល់​​សម្តេច នរោត្តម សីហនុ និង​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា បែរ​ជា​បាន​បញ្ជូន​តំណាង​ពិសេស​របស់​ខ្លួន​ឲ្យ​មក​ចរចា​​ជាមួយ​ លន់ នល់​ទៅ​វិញ។ ​ក្នុង​ការ​ចរចា​នោះ ចិន​បាន​សន្យា​ថា​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ លន់ នល់ ប្រសិន​បើ​​គាត់​យល់​ព្រម​តាម​លក្ខខណ្ឌ​ចំនួន​បី។ ទី​មួយ អនុញ្ញាត​ឲ្យ​ចិន​ដឹក​ជញ្ជូន​សព្វាវុធ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ឲ្យ​វៀតណាម។ ទីពីរ អនុញ្ញាត​ឲ្យ​វៀតណាម​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា។ ទីបី ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សម្តែង​ការ​គាំទ្រ​ជា​ផ្លូវការ​ដល់​ពួក​កុម្មុយនិស្ត​វៀតណាម។

ឥរិយាបថ​របស់​ចិន​នេះ​បង្ហាញ​ថា អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នោះ​គឺ​បដិវត្តន៍​របស់​ពួក​កុម្មុយនិស្ត​វៀតណាម មិន​មែន​កុម្មុយនិស្ត​ខ្មែរ​នោះ​ទេ។ ក្រុង​ប៉េកាំង​នឹង​សុខ​ចិត្ត​បោះបង់​ចោល​​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​មក​គាំទ្រ​រដ្ឋាភិបាល លន់​ នល់ វិញ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​យល់​ព្រម​គាំទ្រ​បដិវត្តន៍​វៀតណាម។ នេះ​ក៏​ព្រោះ​តែ​ចិន​យល់​ថា ពួក​កុម្មុយនិស្ត​វៀតណាម​មាន​កម្លាំង​មាំមួន​ជាង​ពួក​កុម្មុយនិស្ត​ខ្មែរ ក្នុង​ការ​ទប់ទល់​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ ដោយ លន់ នល់ បដិសេធ​មិន​ទទួល​យក​លក្ខខណ្ឌ​ទាំង​បី​​ខាង​លើ​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ លន់​ នល់ ហើយ​ប្រកាស​ទទួល​ស្គាល់​​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា របស់​សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០។
 
ប្រជាប្រិយភាព​សម្តេច នរោត្តម សីហនុ ចំណេញ​ដល់​ពួក​ខ្មែរ​ក្រហម

ការ​ចូលរួម​ក្នុង រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ធ្វើ​ឲ្យ​ពួក​ខ្មែរ​ក្រហម​ទទួល​​បាន​នូវ​ផល​ចំណេញពីរ។

ទីមួយ ក្រោម​ឈ្មោះ​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ ពួក​ខ្មែរ​ក្រហម​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​ព្រះអង្គ។ សាឡុត ស ដែល​ធ្លាប់​តែ​ជា​ជន​បះបោរ​មួយ​រូប​លាក់​ខ្លួន​ពី​ការ​តាម​ប្រមាញ់ពី​សំណាក់​រដ្ឋាភិបាល​នោះ បាន​ក្លាយ​ទៅ​ជា​មេ​បញ្ជាការ​កង​ទ័ព​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​នេះ។

ទីពីរ ចលនា​ខ្មែរ​ក្រហម​​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង។ គួរំឭក​ថា កាល​ពី​មុន វៀតណាម​ជួយ​ដល់​ពួក​ខ្មែរ​ក្រហម​ត្រឹម​តែ​ផ្តល់​កន្លែង​លាក់​ខ្លួន​ពី​ការ​តាម​ប្រមាញ់​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ។ តែ​ចាប់​ពី​ពេល​ខ្មែរ​ក្រហម​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា កងទ័ព​វៀតណាម ដែល​កាលណោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កងទ័ព​ខ្លាំង​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ថែម​ទាំង​បាន​ជួយ​ច្បាំង​នឹង​ទាហាន​លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម​ទៀត​ផង។

ក្រោយ​ពេល​ត្រឡប់​ពី​ប៉េកាំង​មក​ដល់​រតនគិរី​វិញ សាឡុត ស បាន​​សម្រេច​ប្តូរ​ស្នាក់ការកណ្តាល​បក្ស​ទៅ​កាន់​ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ​វិញ។ ចាប់​តាំង​ពី​ពេល​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មក ទើប​តែ​ពេល​នោះ​ទេ ដែល សាឡុត ស សម្លឹង​ឃើញ​នូវ​ឱកាស​ដែល​ខ្លួន​អាច​ដណ្តើម​កាន់​អំណាច​នៅ​កម្ពុជា​បាន។

នៅ​ចុង​ឆ្នាំ​១៩៧០ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ដែល​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ១៩៥៤ ក៏​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ធ្វើ​បដិវត្តន៍​ជាមួយ​នឹង​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក។ ប៉ុន្តែ ក្រុម​ខ្មែរ​ហាណូយ​នៅ​ពេល​នោះ​មិន​ត្រូវ​បាន​គេ​ផ្តល់​តំណែង​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះ​ទេ។ តំណែង​សំខាន់ៗ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​ខ្មែរ​ក្រហម​ស្និទ្ធ​នឹង សាឡុត ស ដដែល។

ទាហាន​វៀតណាម​ច្បាំង​ជំនួស​ខ្មែរ​ក្រហម

ចាប់តាំង​ពី​រដ្ឋាភិបាល​រួបរួម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្រុង​ប៉េកាំង​មក កងទ័ព​​វៀតណាម​​បាន​ជួយ​រដ្ឋាភិបាល​នេះ​យ៉ាង​ពេញ​ទំហឹង។ យោង​តាម​លោក David Chandler ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “បងទី១ ប៉ុល ពត” នៅ​រវាង​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ១៩៧២ នៅ​ក្នុង​សមរភូមិ​ភាគ​ច្រើន​​គឺ​ជា​ការ​ច្បាំង​គ្នា​រវាង​កងទ័ព​វៀតណាម និង​ទាហាន​លន់ នល់។ បើ​ទោះ​ជា​មាន​ទាហាន​ខ្មែរក្រហម​ខ្លះ​នៅ​ក្នុង​នោះ​ក៏​ដោយ ក៏​ទាហាន​ទាំង​នោះ​ស្ថិត​ក្រោម​បញ្ជា​របស់​មេបញ្ជាការ​វៀតណាម​ដែរ។

ទាហាន​លន់ នល់ ​បាន​បើក​ប្រតិបត្តិការ​​យោធាធំៗ​ចំនួន​ពីរ​លើក​ ក្នុង​គោលដៅ​វាយបំបែក​សំបុក​ខ្មែរ​ក្រហម។ លើក​ទីមួយ​នៅ​ចុង​ឆ្នាំ​១៩៧០ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី១” និង​លើក​ទីពីរ​នៅ​ខែ​សីហា ឆ្នាំ​១៩៧១ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី២”។ ប្រតិបត្តិការ​ទាំង​ពីរ​នេះ​ត្រូវ​ទទួល​បរាជ័យ ហើយ​ទាហាន​លន់ នល់​ ក៏​បញ្ឈប់​យុទ្ធសាស្រ្ត​វាយ​លុក មក​ជា​យុទ្ធសាស្រ្ត​​ការពារ​វិញម្តង។ បរាជ័យ​នៃ​ប្រតិបត្តិការ​ទាំងពីរ​លើក​នេះ​សុទ្ធតែ​ដោយ​សារ​​តែ​ខ្មែរ​ក្រហម​​មាន​ជំនួយ​ពី​ទាហាន​វៀតណាម ដែល​គេ​ទទួល​ស្គាល់​ថា​ជា​ទាហាន​​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​តំបន់​ នៅ​ពេល​នោះ។

ដោយ​មាន​កងទ័ព​វៀតណាម​ជួយ​ច្បាំង​ជំនួស​ខ្លួន​បែប​នេះ ​ខ្មែរ​ក្រហម​ក៏​មាន​ឱកាស​ពង្រឹង​បក្ស​របស់​ខ្លួន ទាំង​ផ្នែក​យោធា និង​ផ្នែក​នយោបាយ។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក នៅ​មុន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ខ្មែរ​ក្រហម​មាន​ទ័ព​តែ​ប្រមាណ​មិន​ដល់​៣ពាន់​នាក់​ផង។ ប៉ុន្តែ មិន​ដល់​បី​ឆ្នាំ​ផង ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ដល់​ប្រមាណ​៤ម៉ឺន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ធ្វើ​ការ​ឃោសនា​ថា បដិវត្តន៍​របស់​ពួក​គេ​ គឺ​ជា​បដិវត្តន៍​ឯករាជ ម្ចាស់ការ និង​មិន​ពឹង​បរទេស។ សូម្បី​តែ​​នៅ​ក្នុង​​ឯកសារ​ស្តីពី​ប្រវត្តិ​បក្ស ក៏​ពួក​ខ្មែរ​ក្រហម​មិន​បាន​រំឭក​អំពី​ជំនួយ​របស់​វៀតណាម​ដែរ។ តែ​ធាតុ​ពិត ពួក​ខ្មែរ​ក្រហម​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វៀតណាម។
 
មិត្ត​ក្លាយ​ជា​សត្រូវ

នៅដើមឆ្នាំ១៩៧៣ សញ្ញា​នៃ​ការ​បែកបាក់​រវាង​ខ្មែរ​ក្រហម និង​ខ្មែរ​ហាណូយ​ក៏​បាន​លេច​ចេញ​ជា​រូបរាង​ច្បាស់​ឡើងៗ។ ខ្មែរ​ហាណូយ​ពីរ​រូប​គឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួម​ជា​មួយ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ធ្វើការ​​ឲ្យ​វិទ្យុបក្ស​បាន​លាលែង​ចេញ​ពី​តំណែង។ យោង​តាម​លោក Raoul Jennar ប៉ែន សុវណ្ណ មាន​បំណង​ទៅ​បង្កើត​បក្ស​ថ្មី​​ជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាម​បាន​ជំទាស់​នឹង​ផែនការ​ណ្ណecker,ងដល់​នាំ១៩៧២នេះ។

ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​ត្រូវ​បាន​ចុះ​នៅ​ទីក្រុង​ប៉ារីស រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាមខាង​ជើង ស្តីពី​បញ្ហា​សង្រ្គាម​នៅ​ឥណ្ឌូចិន។ កិច្ច​ព្រមព្រៀង​នេះ​ក៏​តម្រូវ​ផង​ដែរ​ឲ្យ​វៀតណាម​ដក​កងទ័ព​ទាំង​អស់​ចេញ​ពី​ប្រទេស​កម្ពុជា។ វៀតណាម​បាន​ស្នើ​សុំ​ឲ្យ សាឡុត ស ទទួល​យក​​បទ​ឈប់​បាញ់​នេះ តែ សាឡុត ស បាន​បដិសេធ។ សាឡុត ស យល់​ថា ការណ៍​ដែល​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​​​អាមេរិក​បែបនេះ គឺ​ជា​អំពើ​ក្បត់​នឹង​ខ្មែរក្រហម។ សម្រាប់​ខ្មែរ​ក្រហម វៀតណាម​​បាន​ក្លាយ​ពី​មិត្ត​ ទៅ​ជា​សត្រូវ​វិញ​ម្តង។ សូម្បី​តែ​ពួក​ខ្មែរ​ហាណូយ​ក៏​ត្រូវ​បាន​បក្ស​ពួក​របស់ សាឡុត ស ចាប់​ផ្តើម​សង្ស័យ​ថា ជា​ភ្នាក់ងារ​របស់​វៀតណាម​ដែរ។ ពួក​ខ្មែរ​ហាណូយ​​​មួយ​ចំនួន ដែល​ទើប​តែ​បាន​ចូល​មក​កម្ពុជា​វិញ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​បាន​លួច​ចាក​ចេញ​ពី​កម្ពុជា​វិញ ដោយ​បន្លំ​ខ្លួន​ជាមួយ​ទាហាន​វៀតណាម។ មួយ​ចំនួន​​ទៀត ដែល​នៅ​សេសសល់​ស្ថិត​ក្រោម​ការ​តាមដាន​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ពី​សំណាក់​ពួក​ សាឡុត ស។
 
ខ្មែរ​ក្រហម​ទល់​នឹង​កងទ័ព​អាមេរិក

នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ព​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​បើក​ការ​វាយ​លុក​លើ​ទីតាំង​រដ្ឋាភិបាល​លន់ នល់ ដើម្បី​ពង្រីក​តំបន់​ដែល​ពួក​គេ​​កាន់កាប់។ កងទ័ព​អាកាស​អាមេរិក​ក៏​បាន​ចាប់​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​​​លើ​ទីតាំង​ខ្មែរ​ក្រហម។ ក្នុង​ពេល​ដែល​ប្រតិបត្តិការ​សឹក​របស់​អាមេរិក នៅ​វៀតណាម និង​ឡាវ​បាន​បញ្ចប់​អស់​ទៅ​ហើយ​នោះ ប្រទេស​កម្ពុជា​​បាន​ក្លាយ​ទៅ​ជា​ចំណុច​ស៊ីប​តែ​មួយ​គត់​របស់​យន្តហោះ​អាមេរិក​ នៅ​ឥណ្ឌូចិន។ ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ឆ្នាំ​១៩៧៣ គ្រាប់បែក​ប្រមាណ​ជាង​៥០ម៉ឺន​តោន ត្រូវ​បាន​យន្តហោះ​អាមេរិក​ទម្លាក់​លើ​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ ការ​ទម្លាក់​គ្រាប់បែក​នេះ ​ប៉ះ​លើ​ជន​ស៊ីវិល​ស្លូតត្រង់​ ច្រើន​ជាង​លើ​ទាហាន​ខ្មែរ​ក្រហម។

នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយ​ទទួល​រង​នូវ​សម្ពាធ​ពី​សំណាក់​សភា និង​ពី​មតិ​សាធារណៈ​អាមេរិក ប្រធានាធិបតី Richard Nixonក៏​បាន​សម្រេច​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា។
 
អាមេរិក​ដក ខ្មែរ​ក្រហម​ចូល

ចាប់​ពី​ពេល​នោះមក សង្រ្គាម​នៅ​កម្ពុជា​ គឺ​ជា​សង្រ្គាម​រវាង​ទាហាន​ខ្មែរក្រហម​ និង​ទាហាន​លន់ នល់​សុទ្ធសាធ ដោយ​គ្មាន​ទ័ព​អាមេរិក​មក​​ចូល​ឡូកឡំ​ទៀត​ទេ។

មក​ទល់នឹងពេលនោះ កងទ័ព​ខ្មែរក្រហម​បាន​កាន់កាប់​ទឹកដី​កម្ពុជា​មួយ​ភាគ​ធំ​ទៅ​ហើយ។ សូម្បីតែ ក្រុង​ភ្នំពេញ​ក៏​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ដែរ។ នៅ​តាម​តំបន់​ដែល​ពួក​គេ​កាន់កាប់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “តំបន់រំដោះ” ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​អនុវត្ត​នយោបាយ​បដិវត្តន៍​របស់​ពួក​គេ ដូច​ជា​ការ​បង្កើត​សហករណ៍ ការ​លុប​បំបាត់​លុយ​កាក់ និង​កម្មសិទ្ធិ​ឯកជន ​ជា​ដើម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ ទាហាន​ខ្មែរក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ