ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធរបស់ខ្មែរក្រហម
កាលពីសប្តាហ៍មុន លោកអ្នកស្តាប់បានជ្រាបរួចមកហើយ អំពីដើមកំណើតរបស់ចលនាកុម្មុយនិស្តខ្មែរ និងការតស៊ូតាមផ្លូវនយោបាយ នៅកម្ពុជា។ នៅថ្ងៃនេះ សេង ឌីណា នឹងរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលជំរុញឲ្យពួកកុម្មុយនិស្តខ្មែរ បោះបង់ការតស៊ូតាមផ្លូវនយោបាយ ហើយរត់ចូលព្រៃ ធ្វើការតស៊ូដោយប្រដាប់អាវុធវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥២
នៅឆ្នាំ១៩៦២ មេដឹកនាំរបស់បក្សប្រជាជនស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ក្នុងនោះរួមមានមេដឹកនាំសំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្សពលករកម្ពុជាក៏បានសម្រេចចិត្តរំលាយបក្សប្រជាជនចោល ដែលជាហេតុនាំឲ្យពួកកុម្មុយនិស្តលែងមានឧបករណ៍សម្រាប់ធ្វើការតស៊ូផ្នែកនយោបាយទៀត។
ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើងមកដឹកនាំបក្ស
ក្នុងពេលជាមួយគ្នានោះ រចនាសម្ព័ន្ធរបស់បក្សពលករកម្ពុជាបានជួបនឹងរបត់មួយយ៉ាងសំខាន់។ ទូ សាមុត ដែលជាលេខាបក្ស បានបាត់ខ្លួនដោយមិនដឹងមូលហេតុ។ យោងតាមលោក Ben Kiernan សាឡុត ស និងបក្ខពួកទំនងជាមានជាប់ទាក់ទងនឹងការបាត់ខ្លួនរបស់ ទូ សាមុត នេះ។ នៅក្នុងមហាសន្និបាតខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សជំនួស ទូ សាមុត ដោយរំលង នួន ជា ដែលជាអនុលេខាបក្ស។ ឯ អៀង សារី ក៏ឡើងជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សោ ភឹម, វ៉ន វេត, សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុងចំណោមសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស។ ចំណែកអតីតមេដឹកនាំចាស់ៗ ដូចជា នន សួន និង កែវ មាស ជាដើម ត្រូវបានគេផាត់ចេញពីរចនាសម្ព័ន្ធថ្មីនេះ។
នៅក្នុងឆ្នាំជាមួយគ្នានោះ បាតុកម្មហិង្សាមួយបានកើតឡើងនៅខេត្តសៀមរាប។ បាតុករដែលជាសិស្ស និងនិស្សិតបាននាំគ្នារិះគន់យ៉ាងខ្លាំងក្លាដល់រដ្ឋាភិបាលសង្គមរាស្រ្តនិយម និងសម្តេច នរោត្តម សីហនុ។ បាតុករថែមទាំងបានដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គទៀតផង។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ពួកកុម្មុយនិស្តថាជាអ្នកនៅពីក្រោយបាតុកម្មនេះ។ សម្តេច នរោត្តម សីហនុ ក៏បានប្រកាសរំលាយរដ្ឋាភិបាលចោល ដោយលើកហេតុផលថា បើមតិសាធារណៈគាំទ្រពួកឆ្វេងនិយមដូចនេះ គួរឲ្យពួកឆ្វេងនិយមមកបង្កើតរដ្ឋាភិបាលខ្លួនឯងម្តងវិញ។ ព្រះអង្គបានចុះផ្សាយបញ្ជីឈ្មោះឥស្សរជននយោបាយឆ្វេងនិយម ចំនួន៣៤រូប ដែលព្រះអង្គចង់ឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះ។ ក្នុងចំណោម៣៤រូបនេះ ក៏រួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់បក្សពលករកម្ពុជាផងដែរ។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ហ៊ានចេញមុខតាមការអំពាវនាវនេះទេ ដោយខ្លាចថាជាអន្ទាក់របស់សម្តេច នរោត្តម សីហនុ ឲ្យពួកគេបង្ហាញមុខ ដើម្បីលបសម្លាប់ពួកគេចោល។ សាឡុត ស និង អៀង សារី ក៏រត់ចេញពីក្រុងភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅកន្លែងមួយដែលមានឈ្មោះសម្ងាត់ថា “ការិយាល័យ១០០” ដោយមានការការពារពីសំណាក់វៀតណាម។
ទស្សនកិច្ចរបស់សាឡុត ស នៅវៀតណាមនិងចិន
នៅអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស និងមេដឹកនាំបក្សមួយចំនួនទៀត បានធ្វើដំណើរដោយថ្មើរជើង ចាកចេញពីការិយាល័យ១០០ ឆ្ពោះទៅទីក្រុងហាណូយ។ ក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនិស្តនៅទីនោះ សាឡុត ស ក៏បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនិស្តវៀតណាមផងដែរ អំពីផែនការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំកុម្មុយនិស្តវៀតណាមបានជំទាស់នឹងផែនការនេះ។
ចេញពីក្រុងហាណូយ សាឡុត ស បានបន្តដំណើរទៅកាន់ក្រុងប៉េកាំង និងក្រុងព្យុងយ៉ាងទៀត។ ប៉ុន្តែដំណើរនេះធ្វើឡើងដោយលាក់ការណ៍បំផុត។ គេមិនបានដឹងថាតើ សាឡុត ស បានជជែកអំពីអ្វីខ្លះជាមួយមេដឹកនាំបក្សកុម្មុយនិស្តចិននោះទេ។ ប៉ុន្តែ បើមើលទៅលើបរិបទនយោបាយនៅពេលនោះ និងឥរិយាបថរបស់ សាឡុត ស ពេលវិលត្រឡប់មកកម្ពុជាវិញ គេអាចសន្និដ្ឋានបានថា ចិនប្រហែលជាបានគាំទ្រនយោបាយរបស់ សាឡុត ស ច្រើនជាងវៀតណាម។ ចិនដែលនៅពេលនោះកំពុងតែមានទំនាក់ទំនងតានតឹងខ្លាំងជាមួយសហភាពសូវៀត ឆ្លៀតបង្កើនឥទ្ធិពលលើពួកកុម្មុយនិស្តខ្មែរ ប្រជែងជាមួយនឹងវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត។
“បក្សពលករកម្ពុជា” ប្តូរឈ្មោះទៅជា “បក្សកុម្មុយនិស្តកម្ពុជា”
ក្រោយពី សាឡុត ស ត្រឡប់ពីចិន មកការិយាល័យ១០០វិញ បក្សពលករកម្ពុជាក៏បានចាប់ផ្តើមបង្ហាញនូវនយោបាយឯករាជពីវៀតណាមកាន់តែខ្លាំងឡើងៗ។ នៅខែកញ្ញា ឆ្នាំ១៩៦៦ បក្សពលករកម្ពុជា ថែមទាំងត្រូវបានប្តូរឈ្មោះទៅជា “បក្សកុម្មុយនិស្តកម្ពុជា” ទៀតផង ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា បក្សនេះមិនជាប់ពាក់ព័ន្ធនឹងបក្សកុម្មុយនិស្តវៀតណាម ដែលពេលនោះមានឈ្មោះថា “បក្សពលករវៀតណាម”។ ទីតាំងធំរបស់ពួកខ្មែរក្រហម ក៏ត្រូវបានរើចេញពីការិយាល័យ១០០ ទៅតាំងនៅក្នុងខេត្តរតនគិរីវិញ ដោយដាក់ឈ្មោះថា “ការិយាល័យ១០២”។
ពួកខ្មែរក្រហម ដែលបានបោះបង់ចោលការតស៊ូផ្នែកនយោបាយតាំងពីឆ្នាំ១៩៦២មកនោះ បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួកគេនៅមិនទាន់សម្រេចបើកការតស៊ូប្រដាប់អាវុធនៅឡើយទេ រហូតដល់ក្រោយការបះបោរនៅសំឡូត ទើបពួកខ្មែរក្រហមឈានចូលដល់ដំណាក់កាលតស៊ូប្រដាប់អាវុធ។
ការបះបោរនៅសំឡូត
មូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវ។
នៅចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលដែលបានមកពីការនាំចេញស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវនៅតាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ នល់ ដែលជានាយករដ្ឋមន្រ្តីបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការប្រមូលទិញស្រូវនៅក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះ ជំរុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
នៅថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀត នៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ថាជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូត ហើយបានគំរាមថានឹងបញ្ជូនអ្នកទាំងបីរូបនេះទៅឲ្យតុលាការសឹកកាត់ទោស។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ នល់ បានអះអាងថា អ្នកទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំណោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា “ខ្មោចទាំងបី”។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
នៅក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” លោក David Chandler បានសរសេរថា ពួកមេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ក៏ប៉ុន្តែ ដំណឹងអំពីព្រឹត្តិការណ៍នៅសំឡូតបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះទៅទៀត ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាល បានរាលដាលទៅកន្លែងផ្សេងៗទៀតធ្វើឲ្យពួកកុម្មុយនិស្តលែងមានកន្លែងជ្រក ក្រៅតែពីរត់ចូលក្នុងព្រៃធ្វើការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកការវាយប្រហារលើទីតាំងទាហានរដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនោះថាជាថ្ងៃចាប់ផ្តើមការតស៊ូប្រដាប់អាវុធរបស់ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍របស់ពួកគេ។ ក្រោយមកការវាយឆ្មក់ស្រដៀងៗគ្នានេះក៏បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជាយ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ។ អាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរ។ ការទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ