អានតួអត្ថបទ
កម្ពុជា

ភាព​ស្មុគស្មាញ​ក្នុង​ដំណើរការ​ចរចា​បង្កើត​តុលាការ​ខ្មែរ​ក្រហម

នៅខែមិថុនា ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ផ្ញើជូន​អគ្គលេខាធិការ​អ.ស.ប. ស្នើសុំ​ជំនួយ ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។ ក្រោយពេល​ទទួល​បាន​លិខិត​នេះ មហាសន្និបាត​អ.ស.ប.​ក៏បាន​អនុម័ត​យល់ព្រម​ជួយដល់​កម្ពុជា។ ក៏ប៉ុន្តែ ការចរចា​​ត្រូវបាន​អូសបន្លាយ​ពេល​ដល់ទៅ​៦ឆ្នាំ ទើប​តុលាការ​កូនកាត់មួយ​ត្រូវបាន​បង្កើតឡើង។ តើអ្វីទៅ​ដែល​ជា​ចំណុច​ចម្រូងចម្រាស​ធ្វើឲ្យ​ការ​ចរចា​ត្រូវ​ចំណាយពេល​យូរ​ដូចនេះ?

ពិធីចុះហត្ថលេខា​រវាង​អ.ស.ប.​ និង​កម្ពុជា ​លើ​កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម
ពិធីចុះហត្ថលេខា​រវាង​អ.ស.ប.​ និង​កម្ពុជា ​លើ​កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម
ផ្សាយពាណិជ្ជកម្ម

នៅពេលដែល​កិច្ចចរចា​បាន​ចាប់ផ្តើម​ឡើង​ភ្លាម អ.ស.ប. និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ជំហរ​ខុសគ្នា​ស្រឡះ ទាក់ទង​នឹង​សំណួរ​ដែលថា តើ​តុលាការ​បែបណា​ដែល​នឹង​ត្រូវ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម? អ.ស.ប.​ទាមទារ​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ទាមទារ​ឲ្យ​ធ្វើការ​កាត់ទោស​ខ្មែរក្រហម ក្នុង​តុលាការ​ជាតិ​ដែល​មាន​ស្រាប់ ហើយ​ចៅក្រម និង​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ ចូលរួម​គ្រាន់តែ​ជា​ជំនួយ​ដល់​ចៅក្រម​ខ្មែរ​តែ​ប៉ុណ្ណោះ។

បើសិនជា​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ត្រូវ​ប្រគល់​ទៅឲ្យ​តុលាការ​កម្ពុជា ជា​អ្នក​ជំនុំជម្រះ​ បញ្ហា​ដែល​ចោទ​ជា​ចម្បង ​គឺ​ឯករាជ្យ​នៃ​ចៅក្រម​ខ្មែរ។ ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ថិតក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាងវិញទៀត ចៅក្រម​ខ្មែរ​ភាគច្រើន គឺ​ជា​ជន​រងគ្រោះ​ដោយ​របបខ្មែរក្រហម។ ដូចនេះ បើសិនជា​ឲ្យ​ចៅក្រម​ខ្មែរ​ជា​អ្នក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម គឺ​ប្រៀបដូច​ជា​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី មក​ធ្វើ​ជា​ចៅក្រម​កាត់ទោស​ជនល្មើស​អ៊ីចឹង​​ដែរ។
 
ហេតុនេះហើយបាន​ជា​អ.ស.ប.​ច្រានចោល​នូវ​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ នៅក្នុង​តុលាការ​កម្ពុជា។
 
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ នៅក្នុង​ឱកាស​មហាសន្និបាត​អ.ស.ប. នៅ​ទីក្រុង​ញូវយ៉ក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​ជម្រើស​បី ដល់​អ.ស.ប. គឺ៖
  • ជម្រើស​ទី១៖ ចូលរួម​ក្នុង​ដំណើរការ​​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម នៅក្នុង​តុលាការ​កម្ពុជា ដោយ​បញ្ជូន​អ្នកច្បាប់​បរទេស​ឲ្យ​មក​ចូលរួម​ក្នុង​ដំណើរការ​កាត់ទោស​នេះ។
  • ជម្រើស​ទីពីរ៖ កម្ពុជា​រៀបចំ​កាត់ទោស​ដោយ​ខ្លួនឯង ហើយ​អ.ស.ប.​អាច​បញ្ជូន​អ្នកច្បាប់​បរទេស​មក​ចូលរួម​ក្នុង​ឋានៈ​ត្រឹមតែ​ជា​អ្នកជំនួយការ​ដល់​ចៅក្រម​ខ្មែរ​។
  • ជម្រើស​ទីបី៖ ​អ.ស.ប. ដកខ្លួន​ចេញ​ទាំងស្រុង​ពី​ដំណើរការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ដោយ​ទុក​ឲ្យ​កម្ពុជា​រៀបចំ​ធ្វើ​តែម្នាក់ឯង។
 
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០០ លោក​កូហ្វ៊ី អាណាន់ (Kofi Annan) អគ្គលេខាធិការ​អ.ស.ប. បាន​យល់ព្រម​ឲ្យ​រៀបចំ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​តុលាការ​កម្ពុជា តែ​បាន​ទាមទារ​ឲ្យ​កម្ពុជា​បំពេញ​តាមលក្ខខណ្ឌ​ចំនួនបួន គឺ៖
 
  • រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធានា​ថា​នឹង​ចាប់ខ្លួន​រាល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់។
  • កម្ពុជា​មិនត្រូវ​ធ្វើការ​លើកលែងទោស​ដល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ហើយ។
  • ព្រះរាជអាជ្ញា​ត្រូវតែ​ជ្រើសរើស​ចេញ​ពីក្នុង​ចំណោម​អ្នកច្បាប់​បរទេស មិនមែន​ជា​ព្រះរាជអាជ្ញា​ខ្មែរ​នោះទេ។
  • ចៅក្រម​បរទេស​ត្រូវ​មាន​ចំនួន​ច្រើនជាង​ចៅក្រម​ខ្មែរ។
 
សំណើ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល ហើយ​ការ​ចរចា​ក៏ត្រូវ​ជាប់គាំង។
 
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០០ លោក​ចន ឃែរី (John Kerry) សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល២​ថ្ងៃ ដើម្បី​សម្របសម្រួល​ ឲ្យ​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អ.ស.ប.។ ទីបំផុត កម្ពុជា និង​អ.ស.ប. បាន​ព្រមព្រៀង​គ្នា លើ​រចនាសម្ព័ន្ធ​តុលាការ ដែល​មាន​សមាសភាព​ចៅក្រម​​ចម្រុះ ក៏ប៉ុន្តែ ចៅក្រម​ខ្មែរ​មានចំនួន​ច្រើន​ជាង​ចៅក្រម​បរទេស។ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបអង្កេត ក៏​នឹង​មាន​ចៅក្រម​ខ្មែរ​និង​បរទេស​ចូលរួម​ដែរ។
 
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ សភាជាតិ​កម្ពុជា បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ច្បាប់​បង្កើត​តុលាការ​កូនកាត់​ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា “អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់ទោស​បទឧក្រិដ្ឋ​ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្រោម​របប​ខ្មែរក្រហម”។
 
ក៏ប៉ុន្តែ មកដល់​ដំណាក់​កាលនេះ បញ្ហា​មួយ​ទៀត​បាន​ចូល​មកដល់​ ដែល​បណ្តាល​ឲ្យ​ការចរចា​រវាង​អ.ស.ប. និង​កម្ពុជា ត្រូវ​ជាប់គាំង​ម្តងទៀត នោះ​គឺ​បញ្ហា​ទាក់ទង​នឹង​ការ​លើកលែង​ទោស​ដល់ អៀង សារី កាលពី​ឆ្នាំ១៩៩៦ ក្រោយពី​អតីត​ឧបនាយករដ្ឋមន្រ្តី​ខ្មែរ​ក្រហម​រូបនេះ​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
 
គួរ​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០០០ ក្រោយពេល​ដែល​កម្ពុជា​យល់ព្រម​បង្កើត​តុលាការ​ចម្រុះ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ហើយ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​អះអាង​ប្រាប់​ទូរទស្សន៍​ជប៉ុន​មួយ​ថា អៀង សារី នឹង​មិនត្រូវ​គេ​យក​មក​កាត់ទោស នៅក្នុង​តុលាការ​ពិសេស​នេះ​ទេ ព្រោះថា អៀង សារី ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​រួចហើយ កាល​ពី​ឆ្នាំ​១៩៩៦។
 
នៅក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម ដែល​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត នៅ​ថ្ងៃទី២ មករា ឆ្នាំ២០០១ ក៏បាន​កម្រិត​ផងដែរ មិនឲ្យ​ព្រះរាជអាជ្ញា​ធ្វើ​ការ​ចោទប្រកាន់ ដល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​លើកលែងទោស​ហើយ​នោះទេ។ លោក Hans Corell មន្រ្តី​អ្នកច្បាប់​អ.ស.ប. ដែល​ទទួលបន្ទុក​ចរចា​បង្កើត​តុលាការ​ខ្មែរក្រហម ក៏បាន​ផ្ញើ​លិខិត​មួយច្បាប់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្តែង​ការ​ជំទាស់​ទៅនឹង​​ការ​ដាក់កម្រិត​ដល់​ព្រះរាជអាជ្ញា​នេះ។
 
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អេភី (AP) ថា​ អ.ស.ប.​ចង់ឲ្យ​កម្ពុជា​ធ្វើអ្វីៗ​តាមតែ​ខ្លួន​បញ្ជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រសិន​បើ​អ.ស.ប.​មិន​ពេញចិត្ត​នឹង​ច្បាប់​ដែល​សភាជាតិ​កម្ពុជា​បាន​អនុម័ត​នេះទេ អ.ស.ប.​អាច​ដកខ្លួន​ចេញពី​ដំណើរការ​កាត់ទោស​នេះ ហើយ​កម្ពុជា​នឹង​រៀបចំ​ធ្វើ​តែម្នាក់​ឯង។
 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កាលណោះ ជា​ប្រធាន​រដ្ឋសភា​ក៏​បាន​បន្ទរ​តាម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ហើយ​ថែមទាំង​បាន​លើកឡើង​​ទៀត​ថា អ.ស.ប.​ទទួល​យក ឬ​មិន​ទទួលយក​ច្បាប់​ដែល​សភាជាតិ​កម្ពុជា​បាន​អនុម័ត គឺ​ជា​រឿង​អ.ស.ប.។ កម្ពុជា​នឹង​មិនចរចា​ជាមួយ​អង្គការ​សហប្រជាជាតិទៀតទេ។
 
នៅថ្ងៃទី១០ សីហា ឆ្នាំ២០០១ ព្រះបាទ​ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា​បាន​ឡាយ​ព្រះហស្ថលេខា ប្រកាស​ឲ្យប្រើ​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​អនុម័ត ហើយ​ដែល​ត្រូវបាន​អ.ស.ប.​ជំទាស់។
 
ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០២ អ.ស.ប.​ក៏បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការ​ចរចា​ជាមួយ​កម្ពុជា ក្នុងការ​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម ហើយ​​បាន​លើកឡើង​ទៀត​ថា តុលាការ​កម្ពុជា​នឹង​មិនអាច​ធានា​ថា​ ដំណើរការ​កាត់ទោស​ខ្មែរក្រហម​នឹង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ អព្យាក្រឹត និង​មិន​លម្អៀង​បានទេ។
 
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចោទ​អ.ស.ប.​ថា ​មាន​ចេតនា​រាំងខ្ទប់​ដំណើរ​កាត់ទោស​ខ្មែរក្រហម​មិនឲ្យ​ចេញរួច ដែល​ជា​ល្បិចកល ដើម្បី​ការពារ​អតីត​មេដឹកនាំ​ខ្មែរក្រហម ហើយ​ថា បើទោះជា​អ.ស.ប.​​ដកខ្លួន ក៏​កម្ពុជា​នឹង​នៅតែ​រៀបចំ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែរ។ ក៏ប៉ុន្តែ លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ដែលជា​ប្រធាន​ក្រុមការងារ​តុលាការ​ខ្មែរក្រហម ​បាន​លើកឡើង​ថា កម្ពុជា​នឹង​នៅតែ​បើកទ្វារ​ចំហ​ ប្រសិន​បើ​អ.ស.ប.​​វិលមក​តុ​ចរចា​វិញ។
 
ជិត​មួយ​ឆ្នាំ​ក្រោយ​មក ក្រោយពី​មាន​ការ​ចរចា​ក្រៅ​ផ្លូវការ ជាពិសេស ការ​ជួប​សន្ទនាគ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​អគ្គលេខាធិការ​អ.ស.ប.​កូហ្វ៊ី អាណាន់ កិច្ចចរចា​ផ្លូវការ​ក៏​បាន​ចាប់បើក​ឡើងវិញ នៅថ្ងៃទី៦ ខែ​មករា ឆ្នាំ២០០៣។ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ថា ការ​យក អៀង សារី ទៅ​កាត់ទោស ឬ​មិនយក គឺ​ត្រូវ​ទុកឲ្យ​ព្រះរាជអាជ្ញា​ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ជា​អ្នក​សម្រេច។
 
កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អ.ស.ប.​ត្រូវបាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃទី៦ មិថុនា ២០០៣។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋសភា​កម្ពុជា ដើម្បី​ផ្តល់​សច្ចាប័ន។ ក៏ប៉ុន្តែ ការប្រជុំ​ផ្តល់​សច្ចាប័ន​មិនអាច​ធ្វើទៅបាន ​ដោយ​រដ្ឋសភា​នីតិកាលទី២ ត្រូវ​ផុត​អាណត្តិ។
 
នៅថ្ងៃទី២៧ កក្កដា ២០០៣ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោតជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​នាំមុខគេ តែ​មិនគ្រប់​២ ភាគ៣ ដើម្បី​រៀបចំ​រដ្ឋាភិបាល​តែម្នាក់ឯង​បាន ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ត្រូវ​ជាប់គាំង​អស់​រយៈពេល​ប្រមាណ​ជិត១ឆ្នាំ។
 
រហូតដល់​ថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៤ ទើប​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង។ ថ្ងៃទី៥ តុលា ឆ្នាំ​ដដែល រដ្ឋសភា​ថ្មី​បាន​បើក​កិច្ចប្រជុំ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ ដែល​​បាន​អនុម័ត កាលពី​ឆ្នាំ២០០១។ នៅ​ក្នុង​មាត្រា ៤០ នៃ​ច្បាប់​ថ្មីនេះ ចែង​ថា “វិសាលភាព​នៃ​ការ​លើកលែង​ទោស ឬ​អនុគ្រោះ​ទោស ដែលអាច​ត្រូវបាន​ផ្តល់ឲ្យ​មុន​ការ​អនុម័ត​ច្បាប់​នេះ គឺ​ត្រូវ​សម្រេច​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ”។ នេះ​មានន័យ​ថា សហព្រះរាជអាជ្ញា និង​សហចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​គឺ​ជាអ្នក​មាន​សិទ្ធិ​សម្រេច​ថា​ តើ​ត្រូវ​នាំ​ អៀង សារី មក​កាត់ទោស​ដែរ ឬ​ក៏អត់។
 
ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​នេះ បាន​ចូល​ជា​ធរមាន នៅ​ក្រោយពេល​ដែល ព្រះមហាក្សត្រ​កម្ពុជា​បាន​ឡាយ​ព្រះហស្ថលេខា​ប្រកាស​ឲ្យប្រើ​ នៅ​ថ្ងៃទី​២៧ ខែតុលា ២០០៤។ ក្រោយពី​ការ​ចរចា​​អស់​រយៈពេល​ជិត​៥ឆ្នាំ អង្គជំនុំជម្រះ​វិសាមញ្ញ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏បាន​កើតចេញ​ជា​រូបរាង​ឡើង​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ