អានតួអត្ថបទ
កម្ពុជា

អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អង់​គ្លេសនឹង​ពិ​ភាក្សា​​​ស្ថាន​​ការណ៍​​ន​យោ​បាយ​​​កម្ពុជា ​ជា​​មួយ​​​​​​បក្ស​​​កាន់​​អំ​ណាច​និង​​បក្ស​​ប្រ​ឆាំង​​ ថ្ងៃ​​៣១​​មករា​

ស្ថាន​ការណ៍​នយោ​បាយ ដែល​មិន​ត្រូវ​រ៉ូវ​គ្នា​រវាង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​បោះ​ឆ្នោត នឹង​ត្រូវ​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អង់​គ្លេស លោក Hugo Swire លើក​មក​ពិ​ភា​ក្សា​ជា​មួយ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរ​ទេស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពីគ្នា នៅ​ថ្ងៃ​ទី​៣១​មករា។ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស លោក Hugo Swire នឹង​មក​ដល់​កម្ពុជា នៅ​ម៉ោង ៦ ល្ងាច ថ្ងៃ​ទី​៣០​មករា​នេះ ដើម្បី​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ នៅ​កម្ពុជា។ ប៉ុន្តែ​ទាំង​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ទាំង​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា មិន​ពឹង​ពាក់​បរទេស​ណា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​នៅ​កម្ពុជា​ទេ។

អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Hugo Swire ។
អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Hugo Swire ។
ផ្សាយពាណិជ្ជកម្ម

អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ជា​សមា​ជិក​សភា​អង់​គ្លេស លោក Hugo Swire នឹង​មក​ដល់​កម្ពុជា នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី​៣០​មករា​នេះ ដើម្បី​ផ្តើម​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា​។ ចាប់ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​៣១​មករា លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស Hugo Swire នឹង​ផ្តើម​ជួប​លោក​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា។ នៅ​ពេលបាយ​ថ្ងៃត្រង់  ជួប​ថ្នាក់ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​កឹម​សុខា រហូត​ដល់ពេល​រសៀល​ថ្ងៃទី៣១មករា លោក Hugo Swire នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល ដែលជា​មេដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អង់​គ្លេស Hugo Swire នៅ​ថ្ងៃទី៣១មករា នឹង​ពិភាក្សា​លើ​ប្រធានបទ​រួម គឺ​ស្ថានការណ៍​នយោ​បាយ នៅ​កម្ពុជា​សព្វថ្ងៃ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​អ្នកនាំពាក្យ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ក្នុងជំនួប​នាពេល​បាយ​ថ្ងៃត្រង់ ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១ រសៀល ថ្ងៃ៣១មករា រវាង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដឹកនាំ​ដោយ​លោក​កឹម​សុខា ជាមួយ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស គឺ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​លើកឡើង​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស បានដឹង​ពី​ការមិន​គោ​រព​​សិទ្ធិមនុស្ស នៅ​កម្ពុជា ការបង្ក្រាប​បាតុកម្ម​របស់​កម្មករ និង​ប្រជាពលរដ្ឋ ដោយ​អំពើហិង្សា ការបិទ​សិទ្ធិសេរីភាព​មិន​ឲ្យ​មានការ​ជួបជុំ ការរំខាន​ការធ្វើ​នយោបាយ​មិន​ស្មើមុខ​គ្នា និង​ការ​រំលោភ​ដីធ្លី ដែល​នៅតែ​បន្ត​កើតមាន នាពេលថ្មីៗនេះ ដូចជា នៅ​ខេត្តកោះកុង និង​ខេត្ត​រត​នៈ​គិរី ជាដើម។

អំពី​ស្ថានការណ៍​នយោបាយ​វិញ ត្រូវ​លោក​យ៉ែម​បុញ្ញឫទ្ធិ លើកឡើងថា អ្នកនយោបាយ​ខ្មែរ និង​ខ្មែរ អាច​ជជែក ដោះស្រាយ​គ្នា​បាន ដោយ​គ្រាន់​តែមាន​សុ​ឆន្ទៈ​ពិតប្រាកដ។ រីឯ​ការ​លើក​ឡើង​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ គ្រាន់តែ​ចង់​ជម្រាបជូន​ដល់​រដ្ឋាភិបាល​អង់គ្លេស ឲ្យ​បានដឹង​ពី​ស្ថានការណ៍​ពិត ពី​បញ្ហានយោបាយ និង​បញ្ហា​សង្គម នៅ​កម្ពុជា​ប៉ុណ្ណោះ។

ប៉ុន្តែ​សម្រាប់​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ដំណើរ​ទស្សនកិច្ច២ថ្ងៃ នៅ​កម្ពុជា របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ជា​ដំណើរ​ទស្សនកិច្ច ដែល​ផ្តោត​សំខាន់ ដើម្បី​ជំរុញ និង​ពង្រឹងពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ចក្រភព​អង់គ្លេស។

លោក កុយ គួង បញ្ជាក់ថា ស្ថានភាព​នយោបាយ នៅ​កម្ពុជា ដូច​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​រួចមកហើយ គឺ​កម្ពុជា មិន​ពឹងពាក់​បរទេស ឲ្យ​ជួយ​ដោះស្រាយ​ទេ។ ក្នុងនោះ ទាំង​រាជរដ្ឋាភិបាល និង​ទាំង​រដ្ឋសភា នាពេលនេះ ដំណើរការ​ជា​ប្រក្រតី​គ្រប់​ស្ថាប័ន​ទាំងអស់ ព្រោះ​ស្ថាប័ន​ជាតិ​ទាំងអស់នោះ កើតឡើង​ដោយ​ស្របច្បាប់ ដោយ​ឆន្ទៈ​រាស្ត្រ ដូច​តាម​សំឡេងឆ្នោត​បានបង្ហាញ កាលពី​ខែកក្កដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ