អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ដាស់​តឿន​​ស្ថាន​ទូត​​ខ្លួន​​នៅ​​បរទេស​​ អោយ​​ព​ន្លឿ​​ន​​ការ​ផ្តល់​​ទិដ្ឋា​ការ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី១៥ មករា បានចេញសារាចរ​មួយ ណែនាំ​ដល់​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស ព​ន្លឿ​ន​ការផ្តល់​ទិដ្ឋាការ ដល់​អ្នកទេសចរ និង​អ្នកវិនិយោគ ចូល​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​បង្អង់ និង​មិន​គិត​សេវា​បន្ថែម​ឡើយ។ ក្រសួង​យល់ថា អន្តរាគមន៍​នេះ ជាការ​សម្រួល ដល់​អ្នក​ទេសចរ​ និង​ទាក់ទាញ​អ្នក​វិនិយោគ ចូល​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង។ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អំណរ​សាទរ​ចំពោះ​ចំណាត់ការ​នេះ ហើយ​យល់ថា បើ​ស្ថានទូត​អាចធ្វើ​បាន វា​នឹង​ជួយ​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ដល់​កម្ពុជា​ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ
លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សារាចរ​មួយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី១៥ មករា ២០១៤នេះ បាន​ណែនាំ​ដល់​ស្ថានទូត និង​ស្ថាន​កុងស៊ុល កម្ពុជា ប្រចាំ​នៅ​បរទេស អោយ​ពន្លឿ​ន​​ការផ្តល់​ទិដ្ឋាការ​ចូល​កម្ពុជា ហើយ​មិនត្រូវ​គិតថ្លៃ​សេវា​ប្រញាប់​បន្ថែម​ឡើយ។ សារាចរ​នេះ ត្រូវបាន លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ចាត់ទុកថា គ្រាន់​ជាការ​ដាស់តឿន​ដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស ត្រូវខិតខំ​ដោះ​ស្រាយ​​ការស្នើសុំ​ទិដ្ឋាការ​អោយបាន​លឿន កុំអោយ​អ្នកដាក់ពាក្យសុំ​មានការ​ធុញទ្រាន់ ទោះបីជា ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ក៏ដោយ។ ក្រសួង​ការ​បរទេស​​ជឿជាក់ថា ការផ្តល់​សេវា​ទិដ្ឋាការ​​អោយ​បាន​ឆាប់ ប្រាកដជា​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​បាន​ច្រើន។

បើតាម​លោក កុយ គួ​ង ភាពយឺតយ៉ាវ​​ក្នុងការ​ស្នើ​សុំ​ទិដ្ឋាការ​កន្លងមក អាច​បណ្តាលមកពីអ្នក​ដាក់​ពាក្យ​សុំ​មាន​ចំនួន​ច្រើនពេក តែ​ចាប់ពីពេលនេះ​តទៅ រាល់​ការដាក់​ពាក្យ​ស្នើ​ទិដ្ឋាការ​ភ្លាម និង​ត្រូវ​ពិនិត្យ​ដោះស្រាយភ្លាម។ ចំពោះ​តម្លៃ​ទិដ្ឋាការ​ទូទៅ ដែលមាន​សុពលភាព ៣ខែ ត្រូវបាន​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា រដ្ឋាភិបាល​កំណត់​​តម្លៃ​ទិដ្ឋា​ការ​ផ្លូវការ ភ្ញៀវ​ទេស​ចរ​ គឺ ២០ដុល្លារ ឬ២៥ដុល្លារ ទិដ្ឋាការ​​អ្នកវិនិយោគ។ តម្លៃ​នេះ​​សម្រាប់​ទិដ្ឋាការ​​ចេញចូល​ម្តង និង​អាច​​ស្នាក់នៅ​​កម្ពុជា យ៉ាងយូរ៣០ថ្ងៃ។​​

បើទោះបីជា​មិនទាន់​បានឃើញ​សារាចរ​ព​ន្លឿ​ន​ការផ្តល់​ទិ​ដ្ឋ​ការចូល​កម្ពុជា នេះ លោក អាង គឹម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា  បាន​សម្តែង​អំណរ និង​ស្វាគមន៍​ជា​មុន ចំពោះ​ចំណាត់ការ​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា។ អន្តរាគមន៍​នេះ នឹង​បង្កើន​ការ​ពេញ​ចិត្ត​​ដល់​បរទេស​កំឡុងពេល​​ជួបខ្មែរ​​​ដំបូង។ លោក​ក៏​ជឿជាក់ថា បើ​ធ្វើបាន វា​នឹង​ជួយ​សាង​​កេរ្តិ៍ឈ្មោះ​ល្អ​ដល់​កម្ពុជា បន្ថែម​លើ​ការ​លើកទឹកចិត្ត​អ្នក​ទេសចរ អោយ​មក​​ទស្សនា​កម្ពុជា កាន់​តែច្រើន។

បើតាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ភ្ញៀវ​ទេសចរ​មួយចំនួន ដែល​បាន​មកដល់​​កម្ពុជា បាន​រអ៊ូរទាំ ពី​ចំនួន​ស្ថានទូត និង​កុងស៊ុល​កម្ពុជា ដែលមាន​តិចតួច​នៅ​បរ​ទេស និង​​ការ​ចំណាយ​ក្រៅ​ផ្លូវការ​មួយចំនួន​​ តាម​ច្រក​ទា្វ​ព្រំដែន​​អន្តរជាតិ​ផងដែរ។ ទោះបីជា​យ៉ាងនេះ​​ក្តី ពលរដ្ឋ​នៃ​​ប្រទេស​​មួយចំនួន ត្រូវបាន​​អនុញ្ញាត​អោយ​ស្នើសុំ​ទិដ្ឋាការ​ពេលមក​ដល់​កម្ពុជា ដែលជា​​ផ្នែក​មួយ​​ នៃ​ការ​សម្រួល​​ទេសចរណ៍​​កម្ពុជា​​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ