អានតួអត្ថបទ
កម្ពុជា

​អ្នក​ដៅ​ផែនទី​ហ្គូហ្គល៖ នរណា​ក៏​អាច​​ប្ដូរ​ឈ្មោះ​ទី​លាន​ប្រជាធិបតេយ្យ​បាន​ដែរ

កាល​ពី​ម្សិលមិញ ទីលាន​ប្រជាធិបតេយ្យ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ផែនទី​ហ្គូហ្គល​ ប្ដូរ​ឈ្មោះ​​​ជា ទីលាន​វាយ​តប់​ទៅ​វិញ​។ ការ​ផ្លាស់​ប្ដូរ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ភ្ញាក់​ផ្អើល​ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ត​ៗ​គ្នា។ ឥឡូវ ​ផែនទី​ហ្គូហ្គល​បង្ហាញ​ឈ្មោះ​ត្រឹម​ត្រូវ​របស់​ទីលាន​ប្រជាធិបតេយ្យ​វិញ​ហើយ។ ប៉ុន្តែ​នៅ​មាន​សំណួរ​មួយ​ចំនួន ដែល​ត្រូវ​ការ​ចម្លើយ… តើ​ការ​ផ្លាស់​ប្ដូរ​នេះ ធ្វើ​ឡើង​ដោយ​នរណា? ហើយ​ធ្វើ​ឡើង​ក្នុង​ហេតុ​ផល​អ្វី?

ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ហ្គូហ្គល​ប្តូរឈ្មោះទៅ​ជាទីលានវាយតប់
ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ហ្គូហ្គល​ប្តូរឈ្មោះទៅ​ជាទីលានវាយតប់ @Google
ផ្សាយពាណិជ្ជកម្ម

នរណា​ក៏​អាច​ប្ដូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​លើ​ផែនទី​ហ្គូហ្គល​បាន​ដែរ។ នេះ​ជា​ការ​បញ្ជាក់​​របស់​អ្នក​ស្ម័គ្រចិត្ត​ដៅ​ផែនទី​ហ្គូហ្គល Google នៅ​កម្ពុជា លោក​ចិត្រ សុវិជ្ជា​។ ក្នុង​កិច្ច​សន្ទនា​ជាមួយ​វិទ្យុ​បារាំង តាម​រយៈ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​សុវិជ្ជា គូស​បញ្ជាក់​ថា អ្នក​ដែល​មាន​គណនី​របស់​ហ្គូហ្គល ឬ​ប្រើ​ប្រាស់​សារ​អេឡិចត្រូនិក​ជីមែល Gmail គឺ​សុទ្ធ​តែ​អាច​ដៅ​ផែនទី​ហ្គូហ្គល ឬ​ផ្លាស់​ប្ដូរ​ឈ្មោះ​ទីតាំង​ណាមួយ​នៅ​លើ​ផែនទី​ហ្គូហ្គល​បាន​។

 

បើ​តាម​អ្នក​ដៅ​ផែនទី​ហ្គូហ្គល​នៅ​កម្ពុជា​រូប​នេះ អ្នក​ប្រើ​ប្រាស់​ទូទៅ អាច​ចូល​រួម​ដៅ​ផែនទី​អេឡិចត្រូនិក​នេះ​​បាន ដោយ​ប្រើ​កម្មវិធី​បង្កើត​ផែនទី ឬ Mapmaker។ ប៉ុន្តែ រាល់​ការ​ដៅ​ផែនទី ឬ​កែ​តម្រូវ​ព័ត៌មាន​ណា​មួយ​លើ​ផែនទី ​ចាំ​បាច់​ត្រូវ​មាន​ការ​យល់​ព្រម​ពី ហ្គូហ្គល​សិន​។ ក្នុង​ករណី​​ដែល​អ្នក​ប្រើប្រាស់ ធ្លាប់​ដៅ​ផែនទី​ ឬ​ធ្លាប់​កែ​តម្រូវ​លើ​ផែនទី​​​ច្រើនដង ហើយ​គេ​ជឿ​ទុក​ចិត្ត នោះ​ការ​ផ្លាស់​ប្ដូរ​អាច​ធ្វើ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​ហ្គូហ្គល​ឡើយ​។

ទីលាន​ប្រជាធិបតេយ្យ ឬ​ទីលាន​សេរីភាព នៅ​លើ​ផែនទី​ហ្គូហ្គល ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​ឈ្មោះ​ជា ទី​លាន​វាយ​តប់ ឬ Fighting Park កាល​ពី​ថ្ងៃ​ចន្ទ ទី​៥​ឧសភា​។ ការ​ផ្លាស់​ប្ដូរ​នេះ រក្សា​ទុក​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​នឹងហ្គូហ្គល ផ្លាស់ឈ្មោះមក​ជា​ទីលាន​ប្រជាធិបតេយ្យ ឬ​ទីលាន​សេរីភាព​​ឡើង​វិញ​។

នៅ​ចុង​ឆ្នាំ​២០១០ ទីលាន​ប្រជាធិបតេយ្យ នៅ​ខាង​លិច​ស្ពាន​នាគ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ ​សម្ពោធដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ជួប​ជុំ និង​បញ្ចេញ​មតិ​។ ប៉ុន្តែ​នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ទីលាន​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​បិទ មិន​អនុញ្ញាត​ឲ្យ​​មាន​ការ​ជួប​ជុំ​សម្ដែង​មតិ​ឡើយ​។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ទីលាន​នេះ នឹង​នៅ​តែ​បិទ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ដរាប​ណា​​ការ​ស៊ើប​អង្កេត ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា នៅ​មិន​ទាន់​ចប់​សព្វគ្រប់​។ ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស សហជីព ក៏​ដូច​ជា​គណបក្ស​ប្រឆាំង តែង​តែ​បរិហារ​បម្រាម​នេះ ដោយ​លើក​ឡើង​ថា វា​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​បញ្ចេញ​មតិ របស់​ប្រជាពលរដ្ឋ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ