អានតួអត្ថបទ
កម្ពុជា

តុលាការកាត់​ទោស​លោក​ វន់ ពៅ​ និង​បុរស​ ២៤​ នាក់​ផ្សេង​ទៀត​ ពាក់ព័ន្ធ​នឹង​បាតុកម្ម​រោងចក្រ​កាត់​ដេរ​

តុលាការ​ក្រុង​​ភ្នំពេញ​នៅ​​ថ្ងៃ​​សុក្រ​ ទី២៥​មេសា​នេះ បាន​បើកសវនាការ ៣ ដាច់​ដោយ​ឡែក​ពីគ្នា ពាក់ព័ន្ធ​នឹង​សំណុំរឿង​​បង្ក្រាប​​បាតុកម្ម​លើក​ម្មករ​រោងចក្រ​កាត់ដេរ​។ ទី១ ជា​សវនាការ​លើ​លោក វន់ ពៅ​ ប្រធាន​​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សកម្ម​ជន​​សិទ្ធិមនុស្ស និង​កម្មករ សរុប ១០ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​បាតុកម្ម ថ្ងៃទី​២មករា នៅ​រោងចក្រ​យ៉ាក​ជី​ង។ សវនាការ​​ទី២ ជា​សំណុំរឿង ប្រឆាំងនឹង​បាតុករ ១៣ នាក់ ដែល​ប៉េអឹម​បង្ក្រាប​បាតុកម្ម នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ថ្ងៃទី៣មករា និង​សវនាការ​បន្ទប់​ទី៣ ជា​សំណុំរឿង​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ក្នុងពេល​ប៉ូលិស​បង្ក្រាប​បាតុកម្ម លើ​កម្មករ​រោងចក្រ SL នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ។ បន្ទាប់ពី​បើកសវនាការ​ពេញ​មួយ​ថ្ងៃនេះ ចៅក្រមបានសម្រេច​លើក​ពេលទៅ​បន្ត​សវនាការ នៅ​ថ្ងៃទី៦ ខែឧសភា​ខាងមុខ។ 

លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ។
លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សវនាការ ៣ ក្នុង​ថ្ងៃ​តែមួយ បានធ្វើ​ឡើង នៅ​តុលាការ​ក្រុងភ្នំពេញ នា​ថ្ងៃ​សុក្រ​នេះ។ បុរស​ជាប់ចោទ​ពីបទ​ប្រើ​អំពើហិង្សា​លើ​កងកម្លាំង​ទាហាន ប៉ូលិស និង​ប៉េអឹម ព្រមទាំង​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ សរុប​ចំនួន ២៥ នាក់ ត្រូវបាន​នាំខ្លួន មក​ចូលរួម​ការ​កាត់ក្តី។

ប៉ុន្តែ​សវនាការ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ នា​ពេល​នេះ មិន​មែនជា​ការកាត់ក្តី​លើ​ជនដៃដល់ ដែល​ដក​កាំភ្លើង​បាញ់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​យ៉ាងហោច​ណាស់ ៦ នាក់ និង​របួស​ជាង ៤០ នាក់​នោះទេ។ ផ្ទុយទៅវិញ គឺជា​សវនា​ការ​ កាត់ក្តីលើ​បុរស​​បាតុករ ដែល​ត្រូវ​ទាហាន ប៉ូលិស និង​ប៉េអឹម វាយ​ឲ្យ​របួស ហើយ​ចោទ​ថា ជា​អ្នក​ព្រួត​គ្នា​វាយ​ទាហាន ប៉ូលិស និង​ប៉េអឹម ព្រមទាំង​វាយ ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ កាត់ដេរ ក្នុង​ពេល​​ធ្វើបាតុកម្ម។

ក្នុងនោះ មាន​ទាំង​សំណុំរឿង​ប៉ូលិស​បង្ក្រាប​បាតុកម្ម​កម្មករ​រោងចក្រ​កាត់ដេរ SL នៅមុខ​វត្ត​ស្ទឹងមានជ័យ។ សំណុំរឿង​រោងចក្រ​យ៉ាក​ជី​ង និង​បាតុកម្ម​របស់​កម្មករ នៅ​ផ្លូវ​វេ​ង​ស្រេង កាល​​ពី​ថ្ងៃទី២ និង​ថ្ងៃទី៣មករា ឆ្នាំ២០១។

នៅ​ថ្ងៃទី១ នៃ​សវនាការ នា​ថ្ងៃ​សុក្រ​នេះ សំណុំរឿង​បង្ក្រាប​បាតុកម្ម នៅ​រោងចក្រ យ៉ាក​ជី​ង ដែលមាន​បាតុករ ១០ នាក់ រួមទាំង​លោក​វន់​ពៅ គឺ​ចៅក្រម ទើបតែ​សួរនាំ​យុវជន ជា​ជនជាប់​ចោទ ៤ នាក់ និង​សាក្សី​ម្នាក់ ជា​មេទាហាន នៅ​កងពល ៩១។ រីឯ​សំណុំរឿង នៅ​ផ្លូវ​វេ​ង​ស្រេ​​ង ដែលមាន​បាតុករ ១៣ នាក់ គឺ​ចៅក្រម បានតែ​សួរនាំ​ពី​ប្រវត្តិរូប​សង្ខេប​របស់​យុវជន​ជា​ជន​ជាប់ចោទ សាក្សី និង​ដើមបណ្តឹង ជា​ប៉េអឹម ប៉ូលិស និង​តំណាង​ក្រុមហ៊ុន​ឯកជន​ជាង ៤០ នាក់។

ដោយឡែក​សំណុំរឿង​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​នៅ​រោងចក្រ SL គឺ​ចៅក្រម បាន​សួរនាំ​យុវ​ជន ២ នាក់ ជា​ជនជាប់ចោទ សាក្សី និង​ដើមបណ្តឹង ចប់សព្វគ្រប់​ហើយ នៅសល់តែ​ការ​សន្និ​ដ្ឋាន​ប៉ុណ្ណោះ។

សវនាការ​ទាំង ៣ បានបញ្ចប់​ដំណាលគ្នា នៅត្រឹម​ម៉ោង ៣ និង ៣០ នាទី ហើយ​ចៅក្រម សម្រេច​​​លើក​ទៅធ្វើ​បន្ត នៅ​ថ្ងៃទី៦ឧសភា។ មូលហេតុ មកពី​ប្រធាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស អះអាង​ពី​សុវត្ថិភាព​របស់​ជនជាប់ចោទ ហើយ​ត្រូវ​ដឹក ទៅកាន់​ពន្ធនាគារ ឲ្យ​បាន​ឆាប់រហ័ស។
សវនាការ​លើ​ជនជាប់ចោទ​ទាំង ២៥ នាក់ ដែល​សកម្មជន​សិទ្ធិមនុស្ស និង​មហាជន​ភាគ​ច្រើន អះអាងថា ជា​ជនរងគ្រោះ ត្រូវបាន​បញ្ចប់ទៅ ក្រោម​សំរែក ទាមទារ​យុត្តិធម៌​ពី​សាច់​ញត្តិ​ក្រុមគ្រួសារ និង​សកម្មជន​ដីធ្លី យ៉ាង​កងរំពង នៅមុខ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ