អានតួអត្ថបទ
កម្ពុជា

ប្រជាជន​សហគមន៍​ផ្លូវ​រថភ្លើង​ខក​ចិត្ត​នឹង​ ADB​ដែល​មាន​ចំលើយ​ដដែល

ប្រជា​ពលរដ្ឋ​ សហគមន៍​នានា ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឡើង​ទៅ​តវ៉ា​ជា​លើក​ទី​បី​នៅ​មុខ​ការិយាល័យ ​ADB​ប្រចាំ​ប្រទេស​កម្ពុជា ​ក៏​ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​អ្វី​ជឿន​លឿន​ជាង​លើក​មុន​ៗ​នៅ​ឡើយ។​ ក្រុម​ប្រជា​ពលរដ្ឋ​ចង់​ឲ្យ ​ADB​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​រថភ្លើង​ដែល​គាំទ្រ​ហិរញ្ញ​វត្ថុ​ដោយ​ធនាគារ​នេះ ​ហើយ​ប៉ះពាល់​តំបន់​របស់​ពួកគេ​រស់នៅ​ និង​សំណង​អាច​ទទួល​យក​បាន​ប្រសិន​បើ​មាន​ការ​បណ្តេញ​ចេញ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ​បានឡើ​ងទៅ​តវ៉ា​ជាលើក​ទីបី​នៅ​មុខ​ការិយាល័យ​ ADB​ ប្រចាំ​ប្រទេស​កម្ពុជា​ ​
ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ​បានឡើ​ងទៅ​តវ៉ា​ជាលើក​ទីបី​នៅ​មុខ​ការិយាល័យ​ ADB​ ប្រចាំ​ប្រទេស​កម្ពុជា​ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ជាង១០០នាក់ រួមមាន៨សហគមន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២០តុលា​នេះ បាន​ដើរ​ក្បួន​តាមផ្លូវ ហើយ​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​ទីស្នាក់​ការ​ធនាគា​អភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​អ្នកទទួលខុសត្រូវ​ធនា​គារ​នេះបកស្រាយ​ពី​ផលប៉ះពាល់​នៃ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​ជា​សាធារណៈ​និង​មានការ​សម្រប​សម្រួល ឲ្យ​មានការ​ជួបប្រជុំ ត្រីភាគី ដែលមាន​ខាង​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ទាក់ទង​គំរោង​អភិវឌ្ឍន៍​ផ្លូវដែក ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី មាស ស្រីមុំ តំណាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ដែល​រស់នៅ​បណ្តោយ​ផ្លូវ​រថភ្លើង​ថ្លែង​ថា ពួកគេ​មាន​កង្វល់​ជាខ្លាំង ចំពោះ​គំរោង​អភិវឌ្ឍន៍​ផ្លូវដែក ក្នុងប្រទេស​កម្ពុជា ជា​ពិសេស​ ក្នុង​រាជធានី​ភ្នំពេញ។ កន្លងមក ប្រជាពលរដ្ឋ បាន​ខិតខំ​ធ្វើ​សកម្មភាព ជាច្រើនលើក ច្រើនសារ ដើម្បី​ទាមទារ​ឲ្យ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ព័ត៌មាន​លំអិត ពី​គំរោង​អភិវឌ្ឍន៍​ផ្លូវដែក នៅ​កម្ពុជា ជាពិសេស នៅ​តំបន់​ទីក្រុង​ភ្នំពេញ និង​ធានា​ពី​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជា​ពលរដ្ឋ រស់​នៅតាម​បណ្តោយ ផ្លូវ​រថភ្លើង។

តំណាង​ប្រជាពលរដ្ឋ រូបនេះ​អះអាងថា​ពួកគេ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ​ក្នុង​ការតវ៉ា​ពេញ​មួយ​ព្រឹក​នេះ ដោយសារ​តំណាង ADB នៅ​ប្រទេស​កម្ពុជា​នៅតែ​ពោល​ពាក្យ​ដូច​កាលពី​ពួក​គេ​ឡើងទៅ​តវ៉ា​លើក​ទី១និង​លើក​ទី២ដែរ ថា​ABD នឹង​ព្យាយាម​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​គម្រោង​ផ្លូវដែក​ដែលមាន​ផលប៉ះពាល់​នេះ។

សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​នឹងមាន​ផលប៉ះពាល់​ច្រើន​គ្រួសារ ប្រសិនបើ​មានការ​អភិវឌ្ឍន៍​នេះតម្រូវ​ឲ្យ​ការតាំង​ទីលំនៅ​ឃ្លាតឆ្ងាយ​ពី​អ័ក្ស​ផ្លូវ​ចំងាយ ២០ម៉ែត្រ។ ជា​ញឹកញយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ជាពិសេស​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ការតាំង​ទីលំនៅ​របស់​ប្រជា​ពលរដ្ឋ​​ថា ប៉ះពាល​ដល់​ដី​ចំណី​ផ្លូវដែក។ ក៏ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​នៅតែ​រក្សា​ការ​តវ៉ា​ថា ពួកគេ​ត្រូវបាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ជាង១០ឆ្នាំ ខ្លះ​ជាង២០ឆ្នាំ​មកហើយ ចាប់តាំងពី​ការធ្វើ​ប័ណ្ណបោះឆ្នោត​និង​ការចេញ​លិខិតស្នាម​ផ្លូវការផ្សេៗឲ្យ។

ទោះជា​យ៉ាងនេះ​ក្តី​ក្រុមអ្នកតវ៉ា​ប្តេជ្ញា​ថា​នឹង​បង្កើន​សកម្មភាព​របស់​ពួកគេ​បន្ថែមទៀត និង​តាម​ទារ​សំណង​ផងដែរ ខណៈដែល​អាជ្ញាធរ​នៅតែ​មើលឃើញថា​ពួកគេ​តាំងទី​លំនៅ​ខុស​ច្បាប់ ប្រសិនបើ​លំនៅឋាន​ទាំងនោះ​ស្ថិតក្រោម​ក​ម្រោ​ង​ដែល​ប៉ះពាល​នៃ​ការអភិវឌ្ឍន៍​ផ្លូវ​ដែក​​កម្ពុជា​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ ADB៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ