អានតួអត្ថបទ
វ៉ាទីកង់-អង់គ្លេស

ទស្សនកិច្ច​សម្តេចប៉ាប​នៅ​អង់គ្លេស​ដើម្បី​ផ្សះផ្សា​ជម្លោះ​ជិត​៥០០ឆ្នាំ

សម្តេច​ប៉ាប Benoît ទី១៦ បាន​យាង​ទៅ​ដល់​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កញ្ញា ២០១០ ដើម្បី​​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​ប្រវត្តិសាស្រ្ត​។ នេះ គឺ​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី១ ចាប់តាំង​ពី​​អង់គ្លេស និង​វិហារ​កាតូលិក​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​គ្នា កាល​ពី​សតវត្សរ៍​ទី​១៦​មក។

ព្រះមហាក្សត្រិយានី​អេលីហ្សាបិត​ទី២​របស់​អង់គ្លេស​​ទទួល​ស្វាគមន៍​សម្តេច​​ប៉ាប Benoît ទី១៦
ព្រះមហាក្សត្រិយានី​អេលីហ្សាបិត​ទី២​របស់​អង់គ្លេស​​ទទួល​ស្វាគមន៍​សម្តេច​​ប៉ាប Benoît ទី១៦ Reuters/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

03:52

ការពន្យល់​របស់​សេង ឌីណា

សម្តេច​សង្ឃ​កាតូលិក​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​រាជាណាចក្រ​អង់គ្លេស​ម្តង​រួចមកហើយ គឺ​​សម្តេច​ប៉ាប Jean-Paul ទី២ នៅ​ឆ្នាំ​១៩៨២។ ក៏ប៉ុន្តែ ទស្សនកិច្ច កាល​ពី​ឆ្នាំ​១៩៨២ មិនមែន​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​នោះទេ ខុស​ពី​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​ Benoît ទី១៦ នៅពេលនេះ ដែល​ធ្វើ​ឡើង​តាមការ​អញ្ជើញ​របស់​​ប្រមុខរដ្ឋ​អង់គ្លេស គឺ ព្រះមហាក្សត្រិយានី​អេលីហ្សាបិត​ទី២។ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រមុខ​ដឹកនាំ​វិហារ​កាតូលិក នៅពេលនេះ គឺ​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​​ជម្លោះ​ជាមួយ​អង់គ្លេស ដែល​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​គ្នា​ អស់រយៈពេល​ជិត ៥០០​ឆ្នាំ​មកហើយ។

ប្រជាជន​ និង​ស្តេច​អង់គ្លេស​កាន់​សាសនា​កាតូលិក ហើយ​ស្ថិត​ក្រោម​អំណាច​របស់​សម្តេច​ប៉ាប នៅ​ក្រុង​រ៉ូម រហូត​ដល់​សតវត្សរ៍​ទី​១៦ ក្រោម​រាជ​របស់​ស្តេច Henry ទី៨ ទើប​អង់គ្លេស​ផ្តាច់ខ្លួន​ចេញ​ពី​វិហារ​កាតូលិក ហើយ​ងាក​ទៅ​បង្កើត​និកាយ​​​​ថ្មី​មួយ ឈ្មោះ Anglican ។

ភាព​ប្រេះឆា​រវាង​អង់គ្លេស និង​វិហារ​កាតូលិក នៅពេលនោះ បណ្តាល​មក​ពី​​រឿងរ៉ាវ​ច្រើន។ ក៏ប៉ុន្តែ មូលហេតុ​ដ៏​ចម្បង​បំផុត ដែល​នាំ​រហូត​ទៅ​ដល់​ការ​ផ្តាច់ទំនាក់ទំនង​ជាមួយ​គ្នា គឺ​​ទំនាស់​រវាង​ស្តេច​ Henry ទី៨ និង​សម្តេច​ប៉ាប​ ជុំវិញ​ការ​លែងលះ​​ព្រះមហេសី។

ស្តេច​ Henry ទី៨ ដែល​ងប់​ស្រឡាញ់​ស្រី​ក្មេង​ឈ្មោះ Anne Boleyn ចង់​លែងលះ​ជាមួយ​ព្រះរាជនី Cathrine ដើម្បី​យក​ Anne Boleyn មក​ធ្វើ​ជា​មហេសី​ពេញ​ច្បាប់។ ស្តេច​ Henry ទី៨ ក៏​បាន​ស្នើសុំ​ទៅ​សម្តេច​ប៉ាប ដើម្បី​សុំ​លែងលះ​​ជាមួយ Cathrine ក៏ប៉ុន្តែ សម្តេចប៉ាប​បាន​បដិសេធ។ Henry ទី៨ ក៏​បាន​សម្រេច​ផ្តាច់​​ប្រទេស​អង់គ្លេស ពី​អំណាច​របស់​វិហារ​កាតូលិក ហើយ​ងាក​ទៅ​បង្កើត​​និកាយ​ Anglican វិញ។ ទំនាក់ទំនង​រវាង​​រាជាណាចក្រ​អង់គ្លេស និង​វិហារ​កាតូលិក​ក៏​ត្រូវ​កាត់ផ្តាច់​ចាប់តាំង​ពី​ឆ្នាំ​១៥៣៤​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ទស្សនកិច្ច​​ផ្លូវរដ្ឋ​របស់​សម្តេច​ប៉ាប Benoît ទី១៦ នៅ​អង់គ្លេស នៅ​ពេលនេះ គឺ​ជា​ការ​បង្ហាញ​អំពី​ឆន្ទៈ​​​របស់​ភាគី​ទាំង​សងខាង ក្នុង​ការ​ផ្សះផ្សា​ជម្លោះ​​ជិត ៥​សតវត្សរ៍​កន្លង​មក​នេះ។ កាល​ពី​ម្សិលមិញ ព្រះមហាក្សត្រិយានី​​​អេលីហ្សាបិត​ទី២ បាន​យាង​ដោយ​ផ្ទាល់ ​ទៅ​ទទួល​ស្វាគមន៍​​ដំណើរ​មកដល់​អង់គ្លេស​របស់​សម្តេច​ប៉ាប។ នៅថ្ងៃ​សុក្រ​នេះ សម្តេច​ប៉ាប​នឹង​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​វិហារ​ Anglican របស់​អង់គ្លេស និង​​ថ្លែង​សុន្ទរកថា នៅ​មុខ​សភា​ទាំងពីរ​របស់​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍។

ក៏ប៉ុន្តែ ប្រជាជន​អង់គ្លេស​ភាគច្រើន នៅតែ​មាន​និន្នាការ​ប្រឆាំង​នឹង​វិហារ​កាតូលិក។ ចលនា​ប្រឆាំង​នឹង​វិហារ​កាតូលិក​ បាន​កើតមាន​កាន់តែ​ខ្លាំង ក្រោយ​ពី​មាន​រឿងរ៉ាវ​អាស្រូវ​ជុំវិញ​សង្ឃ​កាតូលិក​ចាប់រំលោភ​កុមារ នៅ​អៀរឡង់ នាពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​ពេល​ដែល​សម្តេច​ប៉ាប Benoît ទី​១៦ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​នេះ គេ​ក៏​ឃើញ​មាន​ប្រជាជន​អង់គ្លេស​ខ្លះ បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​ប៉ាប​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ