អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា បន្ត​លើកឡើង អំពី​សង្រ្គាម​លោកលើកទី២ ដោយ​ងាក​ចេញ​ពី​តំបន់​អឺរ៉ុប មក​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​ម្តង។

ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២
ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ចាប់ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក​ចាង កាយចៀក និង​មួយ​ចំណែក​តូចទៀត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុមកុម្មុយនិស្ត​​របស់​ម៉ៅសេទុង។

នៅ​ក្នុង​ឆ្នាំ​ដំបូងៗ នៃ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត នាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក​វិញ គឺ​ជា​ដែន​ប្រមាញ់​របស់​ចក្រភព​ជប៉ុន ដែល​ស្ថិត​ក្នុង​បក្សសម្ព័ន្ធ​ត្រី​ភាគី​ អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន ហើយ​ដែល​បាន​ចុះ​សន្ធិសញ្ញា​រក្សា​អព្យាក្រឹត​ជាមួយ​សហភាព​សូវៀត។

តាមពិត ជប៉ុន​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក ច្បាំងទល់​នឹង​អាល្លឺម៉ង់ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ក្រោយ​ពេល​ឈ្នះ​សង្រ្គាម​លោកលើកទី១​ ប្រទេស​មហាអំណាច​អស់ទាំងនេះ​បើកដៃ​ឲ្យ​ជប៉ុន​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ស្រេចនឹង​ចិត្ត នៅ​ក្នុង​ប្រទេស​ចិន។ ក៏ប៉ុន្តែ ការទទួល​បានសិទ្ធិ​កាន់កាប់​ទឹកដី​អាណានិគម​នៅ​ចិន និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ មិនបាន​ធ្វើ​ឲ្យ​ជប៉ុន​ស្កប់ចិត្ត​នោះទេ ដោយសារតែ​​នៅ​ពេលនោះ ជប៉ុន​​​យល់ថា​ខ្លួន​គឺ​ជា​ចក្រភព​មួយ ដែល​គួរ​ត្រូវ​បាន​ប្រទេស​មហាអំណាច​ទុក​ក្នុងកែវភ្នែក​ជា​ដៃគូ​​យុទ្ធសាស្រ្ត​ស្មើមុខស្មើ​មាត់​នឹង​គ្នា តែ​ប្រទេស​មហាអំណាច​បាន​ទុក​ជប៉ុន​ត្រឹមតែ​ជា​ដៃគូ​តូចតាច​មួយ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ជប៉ុន​ងាក​​ទៅ​ចូល​រួម​ក្នុង​បក្សសម្ព័ន្ធ​ជាមួយ​អាល្លឺម៉ង់ ដែល​ជា​អតីត​គូសត្រូវ​ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​អតីត​សម្ព័ន្ធមិត្ត​កាលពី​សង្រ្គាម​លោកលើកទី១​ទៅវិញ។
 

នៅ​ខែ​កញ្ញា​ ឆ្នាំ​១៩៤០ នៅ​ក្រោយ​ពេល​ដែល​បារាំង​ត្រូវ​ទទួល​បរាជ័យ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​ថ្មី​របស់​បារាំង ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ក៏​ត្រូវ​ក្លាយ​ជា​រដ្ឋាភិបាល​រណប​របស់​ហ៊ីត្លែរ​ដែរ​នោះ ជប៉ុន​ក៏​បាន​ចាប់ផ្តើម​បញ្ជូន​ទ័ព​ចូល​ឈ្លានតំបន់​ឥណ្ឌូចិន ដែល​ជា​ដែនដី​អាណានិគម​របស់​បារាំង។ គោលដៅ​របស់​ជប៉ុន គឺ​កាត់ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​ស្បៀង ប្រេង និង​សព្វាវុធ ពី​កំពង់ផែ​ហាយហ្វុង​ប្រទេស​វៀតណាម កាត់តាម​ហាណូយ​ ចូល​ទៅ​ក្នុង​ខេត្ត​យូណាន​ យក​ទៅ​ផ្គត់ផ្គង់​កម្លាំង​ទ័ព​របស់​ចាង កាយចៀក និង​ម៉ៅសេទុង ដើម្បី​ច្បាំង​ទល់​នឹង​កងទ័ព​ជប៉ុន។

នៅថ្ងៃ​ទី២២ កញ្ញា ១៩៤០ បារាំង​បាន​សុខចិត្ត​​ឲ្យ​កងទ័ព​ជប៉ុន​កាន់កាប់​តំបន់​តុងកឹង (ប៉ែក​ខាងជើង​ប្រទេស​វៀតណាម ជាប់នឹង​ព្រំដែន​ចិន)។ ក៏ប៉ុន្តែ ជប៉ុន​មិនសុខចិត្ត​ទទួល​យក​ត្រឹម​តំបន់​តុងកឹង​នេះ​មួយទេ។ ចាប់​ពី​ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន​ក៏​បាន​វាតទី​កាន់កាប់​ទីតាំង​ជាច្រើន​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល។

ប្រឈមមុខ​នឹង​ការ​វាតទី​របស់ជប៉ុន​នេះ សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​អង់គ្លេស​ ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន ហើយ​បាន​ទាមទារ​ឲ្យ​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ឥណ្ឌូចិន។ ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ជប៉ុន​ត្រូវ​ទទួល​រងនូវការ​ខូចខាត​យ៉ាងខ្លាំង ដោយ​ត្រូវ​បាត់បង់​ប្រភព​ផ្គត់ផ្គង់ប្រេង​រហូតដល់​ទៅ​ ៩០% និង​បាត់បង់​ចំណូល​ពី​​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ រហូតដល់​ទៅ ៧៥%។

ប្រឈមមុខ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ គណៈរដ្ឋមន្រ្តី​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤១ ក្រោម​អធិបតីភាព​របស់​អធិរាជ​ហ៊ីរ៉ូហ៊ីតូ (Hirohito) ដើម្បី​ជជែក​គ្នា អំពី​ជម្រើស​៣៖ ទីមួយ ​ដក​ថយ​ពី​​តំបន់​ឥណ្ឌូចិន​តាម​ការ​ទាមទារ​របស់​អាមេរិក ទីពីរ ធ្វើការ​​ចរចា​​ស្វែងរក​សម្បទាន​ពី​អាមេរិក និង​ទីបី ​បើក​ធ្វើ​សង្រ្គាម​ទល់​នឹងអាមេរិក​តែម្តង។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ ជប៉ុន​ក៏​បាន​សម្រេច​​ថា​នឹង​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា​​ត្រូវ​ចាប់ផ្តើម​រៀបចំ​​ទ័ព​ធ្វើ​សង្រ្គាម ប្រសិនបើ​ការ​ចរចា​មិនបាន​សម្រេច។

មួយខែ​ក្រោយមក នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​១៩៤១ ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​បាន​កើតឡើង នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន ដោយ​លោក ហ៊ីដេគី តូចូ (Hideki Tojo) ឧត្តមសេនីយ៍ និង​ជា​រដ្ឋមន្រ្តី​កិច្ចការសង្រ្គាម ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្រ្តី។ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ថ្មីមួយទៀត នៅ​ខែ​វិច្ឆិកា ហ៊ីដេគី តូចូ បាន​លើកឡើង នៅ​ចំពោះមុខ​អធិរាជ​ហ៊ីរ៉ូហ៊ីតូ​ ថា ប្រសិនបើ​ជប៉ុន​មិន​ឆក់​ឱកាស​​​ល្អ​ដែល​ខ្លួន​មាន​នៅ​ក្នុង​ដៃ​នៅ​ពេលនេះទេ នៅ​ក្នុងរយៈពេល​ពីរ ទៅបី​ឆ្នាំ​ទៀត ជប៉ុន​​ប្រាកដ​ជា​នឹង​ក្លាយ​ទៅជា​ប្រទេស​តតិយលោក។

នៅថ្ងៃ​ទី៥ វិច្ឆិកា ជប៉ុន​ក៏​បាន​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​សង្រ្គាម​​ទល់​នឹង​អាមេរិក ដោយ​កំណត់​យក​ថ្ងៃ​ទី​៣០​វិច្ឆិកា​ជា​ថ្ងៃ​ចុងក្រោយ ​សម្រាប់​ឲ្យមន្រ្តី​ទូត​ជប៉ុន​​ចរចា​ស្វែងរក​​សម្បទាន​សមស្រប​មួយ​ពី​សហរដ្ឋ​អាមេរិក។ ក្នុងពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់បញ្ជា​ឲ្យ​កងទ័ព​ជើងទឹក​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ចេញ​ពី​បន្ទាយ នៅ​ថ្ងៃ​ទី២៥​វិច្ឆិកា ដើម្បី​សំដៅ​ទៅ​បើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។ ចំណែក​ឯ​​កងទ័ព​ជប៉ុន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​វិញ​ត្រូវ​ត្រៀម​ខ្លួន​វាយលុក​ចូល​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ដើម្បីបើក​ផ្លូវ​ចូល​ឈ្លានពាន​​កាន់កាប់​ដែនដី​អាណានិគម​របស់​​អង់គ្លេស​នៅ​ម៉ាឡេស៊ី និង​ភូមា និង​ដែនដី​អាណានិគម​​របស់​ហូឡង់នៅ​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​សង្រ្គាម​នេះ ជប៉ុន​មិនបានដឹង​ទេ​ថា អាមេរិក​រកឃើញ​វិធី​បំបែកកូដ​អាន​សារ​សម្ងាត់​ឆ្លងឆ្លើយគ្នា​​ រវាង​រដ្ឋាភិបាល​ក្រុង​តូក្យូ និង​កងទ័ព ព្រមទាំង​មន្រ្តី​ទូត​ជប៉ុន​នៅ​វ៉ាស៊ីងតោន។ តាមរយៈ​ការ​អានសារ​សម្ងាត់​នេះ អាមេរិក​ដឹង​ថា ជប៉ុនបន្ត​ចរចា​ក៏ពិតមែន ក៏ប៉ុន្តែ តាមពិត​បាន​​សម្រេច​ថា​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​អាមេរិក​ទៅហើយ។ ហេតុដូច្នេះ​ហើយបាន​ជា នៅ​ក្នុង​ការចរចា ​មន្រ្តី​ទូត​អាមេរិក​ មិន​ត្រឹមតែ​មិន​សុខចិត្ត​​ធ្វើ​សម្បទាន​​ទៅ​ភាគី​ជប៉ុន​​នោះទេ ក៏ប៉ុន្តែ នៅថ្ងៃ​ទី២៦​វិច្ឆិកា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ការ​ទាមទារ​កាន់តែ​ច្រើន​ថែមទៀត​ ជាថ្នូរ​នឹង​ការ​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ជប៉ុន។ អាមេរិក​បាន​ទាមទារ​ឲ្យ​ជប៉ុន​ដកទ័ព​ចេញ​ទាំង​ពី​តំបន់​ឥណ្ឌូចិន និង​ពី​ប្រទេសចិន​ទាំងមូល ហើយ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​បក្ស​សម្ព័ន្ធ​ត្រី​ភាគី​ជាមួយ​អាល្លឺម៉ង់ និង​អ៊ីតាលី។

ការទាមទារ​នេះ​បាន​ធ្វើ​ឲ្យ​ហ៊ីដេគី តូចូ ផ្ទុះកំហឹង​យ៉ាងខ្លាំង ហើយ​បាន​រៀបចំ​លិខិត​មួយ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​វ៉ាស៊ីងតោន ប្រគល់​ឲ្យ​រដ្ឋាភិបាល​អាមេរិក នៅ​ព្រឹកថ្ងៃ​ទី៧​ធ្នូ ដើម្បី​ជា​ការ​ប្រកាស​សង្រ្គាម។ នៅ​ក្នុងពេល​ជាមួយគ្នា​នោះ កងទ័ព​ជប៉ុន​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ចេញ​ពី​បន្ទាយ​រៀងៗ​ខ្លួន​រួចទៅហើយ ដោយ​សម្តៅ​ទៅ​បើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។

នៅ​ពេលនោះ ថ្វីដ្បិត​តែ​អាមេរិក​​អាច​អាន​សារ​សម្ងាត់​របស់​ជប៉ុន ហើយ​ដឹង​ថា ជប៉ុន​កំពុងរៀបចំ​​សកម្មភាព​ធ្វើ​សង្រ្គាម​ ក៏ប៉ុន្តែ ដោយសារ​តែ​ ហ៊ីដេគី តូចូ បាន​ដាក់​បញ្ជា​យ៉ាង​ដាច់ណាត់​មិន​ឲ្យ​កងទ័ព​និយាយ​ទាក់ទងគ្នា​​អំពី​សកម្មភាព ទីតាំង និង​ទិសដៅ​របស់​ពួកគេ អាមេរិក​មិនបានដឹង​ថា តើ​ជប៉ុន​គ្រោង​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ណា​ពិតប្រាកដ​នោះទេ។ រហូត​ទាល់តែ​ដល់​ព្រឹកថ្ងៃ​ទី៧ ខែ​ធ្នូ ទើប​អាមេរិក​អាច​ដឹង​ច្បាស់ នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor រដ្ឋ​ហាវ៉ៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ