អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​ហ៊ីត្លែរ​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​សមរភូមិ​នៅអឺរ៉ុប ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ដោយ​និយាយ​អំពី​ការ​ដួលរលំ​នៃ​ប្រទេស​បារាំង ទៅក្នុងដៃ​របស់​ហ៊ីត្លែរ នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៤០។

ហ៊ីត្លែរ និង​មេទ័ព​អាល្លឺម៉ង់ នៅ​មុខ Tour Eiffel ក្នុងក្រុង​ប៉ារីស
ហ៊ីត្លែរ និង​មេទ័ព​អាល្លឺម៉ង់ នៅ​មុខ Tour Eiffel ក្នុងក្រុង​ប៉ារីស
ផ្សាយពាណិជ្ជកម្ម

នៅពេល​សង្រ្គាម​លោកលើកទី២ ចាប់ផ្ទុះឡើង នៅ​ខែកញ្ញា ឆ្នាំ​១៩៣៩ បារាំង ថ្វីដ្បិត​តែមាន​ចំនួន​ប្រជាជន​តិចជាង​អាល្លឺម៉ង់​ដល់​ទៅពីរដង ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​មាន​កម្លាំង​ទ័ព​ប្រហាក់ប្រហែលគ្នា។ ចំណុច​ដែល​ខុសគ្នា ហើយ​ដែលនាំ​ឲ្យ​បារាំង​ត្រូវ​ទទួលបរាជ័យ​​ ​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​ហ៊ីត្លែរ គឺ​យុទ្ធសាស្រ្ត​ទ័ព។

យុទ្ធសាស្រ្ត​ទ័ព​របស់​បារាំង នៅ​ពេលនោះ គឺ​ពឹងផ្អែក​ខ្លាំង​ទៅលើខ្សែក្រវ៉ាត់ការពារ ដែល​បារាំង​បាន​សង់​នៅ​តាម​បណ្តោយ​ព្រំដែនជាមួយ​អាល្លឺម៉ង់ តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី១។ ខ្សែក្រវ៉ាត់ការពារ​នេះ ត្រូវបាន​​គេ​ឲ្យ​ឈ្មោះ​ថា “Ligne Maginot” ដោយ​យក​តាម​ឈ្មោះ​របស់​អតីត​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការសង្រ្គាម​របស់​បារាំង ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​សាងសង់​ គឺ​លោក André Maginot។

បារាំង​បាន​ផ្តោត​អាទិភាព​ខ្ពស់​ និង​ចំណាយ​ថវិកា​ការពារជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ការ​សាងសង់​​ Ligne Maginot ដោយ​សារ​តែ​គិត​ថា វា​គឺ​ជា​ខ្សែក្រវ៉ាត់​ការពារ​ដ៏រឹងមាំបំផុត ដែល​កងទ័ព​អាល្លឺម៉ង់​មិន​អាច​ឆ្លង​កាត់បាន។ ជាការពិត នៅ​ក្នុង​យុទ្ធសាស្រ្ត​ឈ្លានពាន​លើ​ប្រទេស​បារាំង មេទ័ព​របស់​​ហ៊ីត្លែរ​​ក៏​មិនបាន​ព្យាយាម​វាយលុក​​កាត់តាម​ Ligne Maginot ដ៏រឹងមាំ​នេះ​ដែរ​ ប៉ុន្តែ វាយលុក​ចូល​តាម​ច្រកផ្សេង គឺ​កាត់តាម​ប្រទេស​ប៊ែលហ្ស៊ិក ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​ប្រទេស​បារាំង ហើយ​ដែល​បារាំង​មិនមាន​ប្រព័ន្ធ​ការពារ​រឹងមាំ ដោយសារ​តែ​នៅពេលនោះ ប៊ែលហ្ស៊ិក​​ជា​ប្រទេស​អព្យាក្រឹត ហើយ​មិនមែន​ជា​គូសត្រូវ​របស់​បារាំង។

នៅថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​១៩៤០ កងទ័ព​អាល្លឺម៉ង់​បាន​បើក​ការ​វាយលុក​ចូល​ឈ្លានពាន​ប្រទេស​បី​ព្រមៗ​គ្នា គឺ​លុចសំបួ ហូឡង់ និង​ប៊ែលហ្ស៊ិក ហើយ​៣ថ្ងៃ​ក្រោយ​មក​ទៀត កងទ័ព​អាល្លឺម៉ង់​ក៏​បាន​វាយលុក​ឆ្លងពី​ប៊ែលហ្ស៊ិក​ចូល​មក​ដល់​ប្រទេស​បារាំង រួចហើយ​វាយបំបាក់​កងទ័ព​បារាំង នៅ​ត្រង់ទន្លេរ Meuse នៅ​ក្រុង Sedan ក្បែរ​ព្រំដែន​ប៊ែលហ្ស៊ិក។
 

ប្រឈមមុខ​នឹង​ “សង្រ្គាមផ្លេកបន្ទោរ” របស់​អាល្លឺម៉ង់ ទាហាន​បារាំង​រាប់ម៉ឺននាក់​ដែល​ឈរជើង​នៅ​សមរភូមិ​ទិសខាង​ជើង ក្បែរព្រំដែន​ប៊ែលហ្ស៊ិក បាន​នាំគ្នា​ទម្លាក់​អាវុធ​ចុះចេញ ហើយ​សុខចិត្ត​ក្លាយ​ជា​ឈ្លើយសឹក​របស់​អាល្លឺម៉ង់។ ក៏ប៉ុន្តែ មិនមែន​ទាហាន​បារាំង​ទាំងអស់​សុទ្ធតែសុខចិត្ត​ទម្លាក់​អាវុធ​ចុះចាញ់​នោះទេ។ នៅថ្ងៃ​ទី១៧ ឧសភា ឧត្តមសេនីយ៍ Charles de Gaulle ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេបញ្ជាការ​កងពល​រថក្រោះ​បារាំង បាន​នាំកងពលរបស់​លោក​ចូល​ទៅវាយស្ទាក់​បង្អាក់ដំណើរ​កងទ័ព​អាល្លឺម៉ង់ ដើម្បី​​ឲ្យ​កងទ័ព​បារាំង​មាន​ពេល​រៀបចំ​ខ្សែត្រៀម​ការពារ​ក្រុង​ប៉ារីស។ ក៏ប៉ុន្តែ កងរថក្រោះ​របស់ Charles de Gaulle ​ក៏​មិន​អាច​ទប់ទល់​នឹង​​​កងរថក្រោះ Panzer របស់​អាល្លឺម៉ង់​បាន​​យូរ​ប៉ុន្មាន​នោះដែរ។

គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​១៩៤០ ខ្សែត្រៀម​បារាំង នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ត្រូវ​ដួលរលំ​ស្ទើរតែ​ទាំងស្រុង ហើយ​អង់គ្លេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក៏​បាន​ចាប់ផ្តើម​ជម្លៀស​កងទ័ព​របស់​ខ្លួន​ រួមជាមួយ​នឹង​ទាហាន​បារាំង​ជាង ១០ម៉ឺននាក់ ចេញ​តាមកប៉ាល់ ពី Dunkerque ឆ្ពោះទៅ​អង់គ្លេស។

នៅ​ទិស​ខាង​ត្បូង​ឯណោះវិញ បារាំង​ក៏​ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​មួយ​ទៀត គឺ​អ៊ីតាលី ក្រោម​ការដឹកនាំ​របស់​មូសូលីនី​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ដែល​បាន​ប្រកាស​សង្រ្គាម​លើ​បារាំង នៅ​ថ្ងៃ​ទី១០​មិថុនា។

នៅថ្ងៃ​ទី១៤ មិថុនា ឆ្នាំ​១៩៤០ កងទ័ព​អាល្លឺម៉ង់​បាន​វាយលុក​ចូល​ដល់​ក្រុង​ប៉ារីស ចំណែក​រដ្ឋាភិបាល​បារាំង​បាន​ភៀសខ្លួន​ចេញ​ពី​ប៉ារីស ហើយ​ទៅតាំង​ទីស្នាក់ការ​នៅ​ទីក្រុង Bordeaux នៅ​ខាង​ត្បូង​ឆៀង​ខាង​លិច​ប្រទេស​បារាំង។

៣ថ្ងៃ​ក្រោយ​ការដួលរលំ​ក្រុង​ប៉ារីស ដោយ​ប្រឈមមុខ​នឹង​បរាជ័យ​ដ៏​អាម៉ាស់​នេះ នាយករដ្ឋមន្រ្តី​បារាំង Paul Reynaud បាន​ចុះចេញ​ពី​តំណែង ហើយ​សេនាប្រមុខ Philippe Pétain ដែល​ជា​ឧបនាយករដ្ឋមន្រ្តី ត្រូវ​បាន​តែងតាំង​ឲ្យ​ឡើង​មក​កាន់តំណែង​ជំនួស​លោក Paul Reynaud។

គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ជានាយករដ្ឋមន្រ្តី​បារាំង​ភ្លាម សេនាប្រមុខ​ Pétain ​បាន​ស្នើ​​ភ្លាមៗ​ទៅ​អាល្លឺម៉ង់ ដើម្បី​សុំ​ចរចា​ចុះចាញ់សង្រ្គាម។ មួយថ្ងៃក្រោយ​មក គឺ​នៅថ្ងៃ​ទី១៨ មិថុនា ឧត្តមសេនីយ៍ Charles de Gaulle ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​សង្រ្គាម ហើយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ តាមរយៈ​វិទ្យុ BBC ដោយ​បាន​រិះគន់​សេចក្តីសម្រេច​របស់​សេនាប្រមុខ Pétain ហើយ​បាន​​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំងនាំគ្នា​ងើបឡើង​កាន់អាវុធ ដើម្បី​បន្ត​ប្រឆាំង​នឹង​កងទ័ព​អាល្លឺម៉ង់។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ឧត្តមសេនីយ៍ Charles de Gaulle ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក Pétain កាត់​ទោស​ដោយ​កំបាំង​មុខ​ពី​បទ​ក្បត់ជាតិ ក៏ប៉ុន្តែ ចលនា​តស៊ូ​បារាំង​ប្រឆាំង​នឹង​អាល្លឺម៉ង់​ក៏​បាន​ចាប់កំណើតឡើងដែរ។
 

ផែនទី​ប្រទេស​បារាំង​ក្នុង​សង្រ្គាម​លោកលើកទី២ ដែល​បង្ហាញ​ពី​ការ​ពុះចែក​ទឹកដី​បារាំង​ជា ៣​ផ្នែក៖ ពណ៌ក្រហម​​កាន់កាប់​ដោយ​អាល្លឺម៉ង់, ពណ៌តៃតងខ្ចី​កាន់កាប់​ដោយ​អ៊ីតាលី និង​ពណ៌ស្វាយ​កាន់កាប់​ដោយ​រដ្ឋាភិបាល​របស់​សេនាប្រមុខ Philippe Pétain
ផែនទី​ប្រទេស​បារាំង​ក្នុង​សង្រ្គាម​លោកលើកទី២ ដែល​បង្ហាញ​ពី​ការ​ពុះចែក​ទឹកដី​បារាំង​ជា ៣​ផ្នែក៖ ពណ៌ក្រហម​​កាន់កាប់​ដោយ​អាល្លឺម៉ង់, ពណ៌តៃតងខ្ចី​កាន់កាប់​ដោយ​អ៊ីតាលី និង​ពណ៌ស្វាយ​កាន់កាប់​ដោយ​រដ្ឋាភិបាល​របស់​សេនាប្រមុខ Philippe Pétain

នៅថ្ងៃ​ទី២២ មិថុនា រដ្ឋាភិបាល​របស់​លោក Pétain បាន​ចុះ​កិច្ចព្រមព្រៀង​ចុះចាញ់សង្រ្គាម​ជាមួយ​អាល្លឺម៉ង់ ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ​​ទឹកដី​បារាំង​ត្រូវ​បាន​ពុះចែក​ជា ៣​ចំណែក។ ទឹកដី​ពាក់កណ្តាល​នៅ​ប៉ែក​ខាង​ជើង ដោយ​រួមបញ្ចូល​ទាំង​ទីក្រុង​ប៉ារីស​ផង ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។ មួយផ្នែក​តូច​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ៊ីតាលី។ ចំណែក​ទឹកដី​ដែល​នៅ​សេសសល់​នៅ​ប៉ែកកណ្តាល​​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​លោក Pétain ដែលបាន​ទៅ​តាំង​រដ្ឋធានី នៅទីក្រុង Vichy។

នៅ​លើ​ក្រដាស រដ្ឋ​បារាំង ក្រោម​ការ​ដឹកនាំ​របស់​លោក Pétain ត្រូវ​បាន​ចាត់ទុក​ជា​រដ្ឋ​អធិបតេយ្យ​មួយ ក៏ប៉ុន្តែ ធាតុពិត​ជាក់ស្តែង គឺ​ជា​រដ្ឋាភិបាល​រណប​អាល្លឺម៉ង់​សុទ្ធសាធ។ ហ៊ីត្លែរ​បាន​តម្រូវ​ឲ្យ​ទ័ព​ជើងទឹក​បារាំង​ទាំងអស់​ត្រូវ​​រំសាយ​អាវុធ ចំណែក​ឯ​ទ័ព​ជើងគោកវិញ មិន​ត្រូវ​ឲ្យ​មាន​ចំនួន​លើស​ពី ១០ម៉ឺននាក់។ ចំណែក​ទាហាន​បារាំង​ទាំងអស់ ដែល​អាល្លឺម៉ង់​បាន​ចាប់​ជា​ឈ្លើយសឹក ​ត្រូវ​បន្ត​ជាប់ឃុំ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​មិន​អាច​វិលត្រឡប់​មក​ប្រទេស​បារាំង​បានវិញ​នោះទេ។ លើសពីនេះ​ទៅទៀត រាល់ការ​ចំណាយ​ទាំងអស់​របស់​កងទ័ព​អាល្លឺម៉ង់ ដែល​កាន់កាប់​ទឹកដី​ពាក់កណ្តាល​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង គឺ​ត្រូវ​ទទួលរ៉ាប់រង​ដោយ​ថវិកា​ជាតិបារាំង។

និយាយ​ដោយ​ខ្លី ហ៊ីត្លែរ​ចង់​​​​សង្កត់​ក្បាល​បារាំង​ឲ្យ​រាប​ដល់ដី ដើម្បី​ឲ្យ​បារាំង​​​ទទួល​នូវ​ភាព​អាម៉ាស់​ ដូចអ្វី​ដែល​អាល្លឺម៉ង់​បាន​ទទួល ដោយ​សន្ធិសញ្ញា​ក្រុង Versailles នៅ​ក្រោយ​​សង្រ្គាម​លោកលើកទី១។ តាមការពិត អ្វី​ដែល​ហ៊ីត្លែរ​បាន​ដាក់​លើ​បារាំង មាន​ភាព​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​សន្ធិសញ្ញា​ក្រុង Versailles ដាក់​លើ​អាល្លឺម៉ង់​ឆ្ងាយណាស់ ពីព្រោះ​ថា អាល្លឺម៉ង់​ក្រោយ​សង្រ្គាម​លោកលើកទី១ យ៉ាងហោចណាស់​ ក៏​អាច​រក្សា​ទឹកដី​របស់​ខ្លួន​បាន​ទាំងមូល ដោយ​គ្មាន​កងទ័ព​បរទេស​គ្រប់គ្រង ហើយ​ទាហាន​អាល្លឺម៉ង់​ក៏​មិនត្រូវ​បាន​​គេ​ចាប់ឃុំ​ជា​ឈ្លើយសឹក​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ