អានតួអត្ថបទ
អ.ស.ប.-អាមេរិក

អាមេរិក​ស្នើឲ្យ​អឺរ៉ុប អាមេរិកឡាទីន និង​អាស៊ី​ចូលរួម​បន្ថែម​នៅ​ក្នុង​បេសកកម្ម​របស់​អ.ស.ប.

សហរដ្ឋអាមេរិក​បាន​ស្នើ​ឲ្យ​ប្រទេស​នៅ​ក្នុង​ទ្វីបអឺរ៉ុប អាមេរិកឡាទីន និង​ទ្វីបអាស៊ី​ចូលរួម​ឲ្យ​បាន​សកម្ម​ថែម​ទៀត​នៅ​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​សាម៉ាន់ថា ផាវ័រ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចំា​អង្គការ​សហប្រជាជាតិ។ លោកស្រី​បាន​ថ្លែង​ដូច​នេះ​នៅ​វិទ្យាស្ថានសហគ្រាសអាមេរិកំាង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

លោកស្រីសាម៉ាន់ថា ផាវ័រ ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ
លោកស្រីសាម៉ាន់ថា ផាវ័រ ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

 

អ្វី​ដែល​លោកស្រី​សាម៉ាន់ថា ផាវ័រ (Samantha Power) បាន​កត់សម្គាល់​ខ្លំាង​នោះ​គឺ​ថា បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជា​អ្នក​ដែល​បាន​ផ្តល់​វិភាគទាន​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​បេសកកម្ម​រក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ រីឯ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ត្រឹមតែ​បញ្ជូន​ធនធាន​មនុស្ស។ លោកស្រី​សាម៉ាន់ថា​បាន​យល់​ឃើញ​ថា គេ​មិន​អាច​បន្ត​ស្ថានភាព​របៀប​នេះ​ទៅ​ថ្ងៃ​ខាង​មុខ​បាន​ទៀត​ទេ ព្រោះ​វា​គ្មាន​សមភាព។ សម្រាប់​លោកស្រី​សាម៉ាន់ថា ទង្វើ​នេះ​នឹង​មិន​អាច​បង្កើត​ចេញ​នូវ​កម្លំាង​រក្សាសន្តិភាព​ដើម្បី​ប្រឈម​ទប់​នឹង​ជម្លោះ និង​ការពារ​សន្តិសុខជាតិ​បាន​ឡើយ។ ទន្ទឹម​គ្នា​នេះ លោកស្រី​សាម៉ាន់ថា ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​លើ​ផ្នែក​មួយ​ចំនួន​របស់​កម្លំាង​រក្សាសន្តិភាព​ដើម្បី​អាច​​ឆ្លើយតប ឬ​មួយ​ក៏​តម្រូវ​ទៅ​តាម​ស្ថានការណ៍​ជាក់ស្តែង​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​សព្វថ្ងៃ។ ផ្នែក​ដែល​ត្រូវ​កែប្រែ​ឲ្យ​ចម្រើន​រួម​មាន ភាព​រហ័សរហួន​ក្នុង​ការ​ដាក់​ពង្រាយ ឬ​មួយ​ក៏​សមត្ថភាព​ក្នុង​ការ​ប្រឈម​ទប់​នឹង​សត្រូវ និង​ការ​ការពារ​ជនស៊ីវិល។

លទ្ធផល​នៃ​ការ​សិក្សា​ផ្ទៃក្នុង​មួយ​របស់​អង្គការសហប្រជាជាតិ​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​បាន​បង្ហាញ​ថា ទោះបី​ជា​ទាហាន​មួកខៀវ​មាន​សិទ្ធិ​ប្រើ​អាវុធ​ដើម្បី​ការពារ​ជនស៊ីវិល​ដែល​កំពុង​ទទួលរង​ការ​វាយប្រហារ​ក៏​ដោយ ក៏​មាន​ទាហាន​មួកខៀវ​ភាគច្រើន​បាន​បដិសេធ​ការ​ប្រើ​អាវុធ​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ លោកស្រី​សាម៉ាន់ថា​ក៏​បាន​ឆ្លៀត​អំពាវនាវ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប អាមេរិកឡាទីន ពិសេស​នៅ​អាស៊ីបូព៌ា​​ឲ្យ​បញ្ជូន​ទាហាន​របស់​ខ្លួន​បន្ថែម​ទៅ​ក្នុង​កម្លំាង​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ នៅ​អាស៊ីបូព៌ា​ដែល​លោកស្រី​សាម៉ាន់ថា​បាន​ទទួល​ស្គាល់​ថា មាន​ប្រទេស​ខ្លះ​បាន​ចូលរួម​ជា​លើកទី១ ដូច​ករណី​ប្រទេស​ចិន​ដែល​ត្រៀម​បញ្ជូន​ទាហាន​មួកខៀវ​ចិន​ថ្មើរជើង​ចំនួន ៧០០នាក់​ទៅ​កាន់​ប្រទេស​ស៊ូដង់ខាងត្បូង​នៅ​ដើម​ឆ្នំា ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ