អានតួអត្ថបទ
កម្ពុជា

សហ​​ជីព​​សម្រេច​​ធ្វើ​​កូដ​កម្ម​​ពេញ​​មួយ​​សប្តាហ៍​​នៅ​​ខែ​​ក្រោយ​​ដើម្បី​​ដាក់​​សម្ពាធ​​ដល់​​រដ្ឋា​​ភិ​បាល​

បន្ទាប់​ពី​ជួប​ប្រ​ជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី ១២ កុម្ភៈ​នេះ សហ​ជីព​កាត់​ដេរ​ចំនួន​៨ និង​សហ​ជីព​វិ​ស័យ​ផ្សេង​ៗ​ទៀត បាន​សម្រេច​ធ្វើ​កូដ​កម្ម​ចាប់​ពី​ថ្ងៃ​ទី​ ១២ ដល់ ១៩ មិនា​ខាង​មុខ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិ​បាល ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ចំនួន​២១​នាក់។ ការ​សម្រេច​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សា​លា​ឧទ្ធរណ៍​ច្រាន​ចោល​សំ​ណើ​សុំ​ឲ្យ​ជន​ជាប់​ចោទ​បាន​នៅ​ក្រៅ​ឃុំ។​ ក្រុម​អ្នក​សហជីព​ក៏​មាន​គំ​រោង​ស្នើ​ទៅ​សហ​ជីព​អន្តរ​ជាតិ​ឲ្យ​ជួយ​អន្ត​រាគមន៍​ផង​ដែរ ខណៈ​ដែល​កិច្ច​ប្រ​ជុំ​ប្រ​ទេស​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា នឹង​បើក​ធ្វើ​នៅ​ខែ​មិនា​ខាង​មុខ​។

តំណាងសហជីពដើរហែរក្បួន ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ កាលពីពេលថ្មីៗនេះ។
តំណាងសហជីពដើរហែរក្បួន ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ កាលពីពេលថ្មីៗនេះ។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៩ មិនា ខាងមុខ កូដ​កម្ម​កម្មករ​នឹងត្រូវ​ធ្វើឡើង​នៅ​ទូ​ទាំង​ប្រ​ទេស។ នេះ​ជា​អ្វីដែល​ក្រុម​សហជីព​ទើបតែ​បាន​សម្រេច​នៅ​រសៀល​ថ្ងៃ​ពុធ​ទី ១២ កុម្ភៈ​នេះ។ ដើម្បី​ចៀសវាង​ពី​ការបង្ក្រាប គ្មានទេ​ការ​ប្រ​មូល​ផ្តុំ រឺ​ជួបជុំគ្នា ប៉ុន្តែ កម្មករ​ដែលមាន​បំណង​ចូលរួម​ក្នុង​កូដកម្ម​នេះ គ្រាន់តែ​ផ្អាក​មិន​ទៅធ្វើ​ការ ហើយ​សំរាក​នៅផ្ទះរៀងៗខ្លួន​តែប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​សហជីព​បាន​បិទ​បញ្ចប់។

 
មេ​ដឹក​នាំ​សហជីព​នៃ​វិស័យ​កាត់ដេរ​ចំនួន ៨និង​សមាគម​សហជីព​វិស័យផ្សេងៗទៀត​បាន​ជជែក​ពិភាក្សាគ្នា នៅ​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​ទី ១២ កុម្ភៈ​នេះ​ដើម្បី​រិះរក​មធ្យោបាយ និង​ការតស៊ូ​មតិ​ឲ្យ​តុលាការ​ដោះលែង​និង​លើកលែង​ការចោទប្រកាន់​អ្នក​ជាប់ឃុំ​ទាំង២៣នាក់។ សកម្មជន​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែមករា​ក្នុងការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។

ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ២៣ កុម្ភៈ​ខាងមុខនេះ ក្រុមការងារ​សហជីព​ទាំង ៨ នឹង​អង្គ​ការដែល​ពាក់ព័ន្ធផ្សេងៗទៀត នឹង​ផ្តើម​ចែកចាយ​ខិតប័ណ្ណ និង​ជូន​ព័ត៌មាន​ទៅកាន់​រដ្ឋា​ភិ​បាល ទាក់ទង​នឹង​ការប្រកាស​ធ្វើ​កូដកម្ម នា​ខែ​ក្រោយនេះ។ ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨​កុម្ភៈ សហជីព​នឹង​ស្នើសុំ​ដល់​ម្ចាស់​រោងចក្រ​ទាំងអស់ កុំ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង។

លោក អាត់ ធន់ ក៏បាន​បញ្ជាក់​ផងដែរ​ថា សហជីព​ទាំង ៨ មាន​គម្រោង​ស្នើសុំ​សាលា​រាជ ធានី​ភ្នំពេញ​បើក​វេទិការ​សាធារណៈ នៅ​ថ្ងៃទី ៨មិនា នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ផងដែរ។ វេទិកា​នេះ​ត្រូវការ​តំណាង​ខាង​រដ្ឋាភិបាល​ចូលរួម​ដើម្បី​ស្រាយ​បំភ្លឺ​ដល់​ក្រុមកម្មករ​រោងចក្រ​កាត់ដេរ។

មេដឹកនាំ​សហជីព​ក៏​មានជំនឿថា សហជីព​អន្តរជាតិ នឹងមាន​វិធានការ​ភ្ជាប់​ករណីនេះ​ជាមួយ​ប្រទេស​ផ្តល់ជំនួយ​សម្រាប់​កម្ពុជា ដែល​គ្រោង​បើក​កិច្ចប្រជុំ​នៅ​ខែ​មិនា​ខាងមុខ។ ក្រុម​សកម្ម​ជន​សហជីព​ដែល​គ្រោង​នឹងធ្វើ​បាតុកម្ម-កូដកម្ម​ទ្រង់ទ្រាយ​ធំ នោះបាន​អះអាងថា ពួកគេ​មាន​សមាជិក​ប្រហែល​ជាង ២សែន​នាក់ រួមទាំង​សហជីព​វិស័យផ្សេងៗទៀត​ក្រៅពី​កាត់ដេរ​នឹង​ចូលរួម​ជាមួយ​ពួកគេ​ដែរ ។ ភ្លាមៗនេះ នៅ​មិនទាន់មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ក្រុម​ថៅកែ​រោង​ចក្រ​និង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នៅឡើយ​ទេ​ចំពោះ​គម្រោង​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ