អានតួអត្ថបទ
កម្ពុជា

សហ​ជីព​​កម្មករ​និង​​សមា​​គម​មិន​​ទាន់​​កំ​ណត់​​ថ្ងៃ​​ធ្វើ​​កូដ​​កម្ម​​ជា​​ថ្មី​​ទេ​រង់​​ចាំ​​សវនា​​ការ​នៅ​​ថ្ងៃ​​ទី​​១១​​កុម្ភៈ​

កូដ​កម្ម​របស់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ទាម​ទារ​ឡើង​ប្រាក់​ខែ លើក​ទី២ នឹង​ធ្វើ​ឡើង នៅ​ក្រោយ​ថ្ងៃ​ទី​១១​កុម្ភៈ។ ថ្ងៃ​១១​កុម្ភៈ តុលា​ការ​សា​លា​ឧទ្ធរណ៍ នឹង​បើក​សវនា​ការ ដើម្បី​សម្រេច​ថា បាតុ​ករ ដែល​ជា​កម្មករ និង​មេ​ដឹក​នាំ​សហ​ជីព សម្ម​ជន​សិទ្ធិ​មនុស្ស រួម​ទាំង លោក វន់ ពៅ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃទី២ និង​ថ្ងៃ​ទី​៣​មករា អាច​នៅ​ក្រៅ​ឃុំ ឬ​ក៏​បន្ត​ជាប់​ឃុំ​ឃាំង​ទៀត។ នេះ​បើ​តាម​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​រវាង​មេ​ដឹក​នាំ​សហ​ជីព​កម្មករ និង​សមា​គម ចំនួន ១១ ស្ថាប័ន នៅ​ព្រឹក​ថ្ងៃ​ទី​៦​កុម្ភៈ​។

សកម្មជនសិទ្ធិមនុស្ស ប្រធានសហជីព និងមិត្តភក្តិ ដែលមានបំណងចូលសួរសុខទុក្ខលោក វ៉ន ពៅ នៅពន្ធនាគារត្រពាំងផ្លុង។
សកម្មជនសិទ្ធិមនុស្ស ប្រធានសហជីព និងមិត្តភក្តិ ដែលមានបំណងចូលសួរសុខទុក្ខលោក វ៉ន ពៅ នៅពន្ធនាគារត្រពាំងផ្លុង។ ©សហព័ន្ធសហជីពកម្មករកាត់ដេរ
ផ្សាយពាណិជ្ជកម្ម

មេ​ដឹក​នាំ​សហ​ជីព​កម្មករ របស់​លោក អាត់ ធន់ អ្នក​ស្រី ម៉ម ញឹម និង​សមា​គម​របស់​លោក រ៉ុង ឈុន ជា​ដើម សរុប​ចំនួន ១១ ស្ថាប័ន បាន​ជួប​ប្រ​ជុំ​គ្នា​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​៦​កុម្ភៈ​នេះ។ ជា​កិច្ច​ប្រជុំ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​រោង​ចក្រ និង​គម្រោង​ធ្វើ​កូដ​កម្ម​តវ៉ា​ឡើង​ប្រាក់​ខែ​កម្មករ​ជា​លើក​ទី២។

សម្រេច​សម្រួល​ទៅ កិច្ច​ប្រជុំ បាន​សម្រេច​ថា រង់​ចាំ​មើល​សវនា​ការ នៅ​ថ្ងៃ​ទី​១១​កុម្ភៈ ដែល​តុលា​ការ​សា​លា​ឧទ្ធរណ៍ នឹង​បើក​សវនា​ការ​ជំ​នុំ​ជម្រះ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​ក្រុម​កម្មករ មេ​ដឹក​នាំ​សហ​ជីព និង​សកម្ម​ជន​សិទ្ធិ​មនុស្ស ទាំង ២៣ រូប។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​រវាង​មេ​ដឹក​នាំ​សហ​ជីព​កម្មករ និង​សមា​គម​ទាំង ១១ ស្ថា​ប័ន បាន​ព្រម​ព្រៀង​គ្នា ៧ ចំណុច រួម​មាន៖ ទាម​ទារ​ឲ្យ​ដោះ​លែង​បាតុ​ករ ទាំង ២៣ នាក់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​មករា ទាម​ទារ​ឡើង​ប្រាក់​ខែ​កម្មករ ឲ្យ​បាន​ដល់ ១៦០ ដុល្លារ និង​ទាម​ទារ​ឲ្យ​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស និង​ផ្តល់​សំ​ណង​ដល់​ជន​រង​គ្រោះ ពី​ការ​បង្ក្រាប​បាតុ​កម្ម​ដោយ​ហិង្សា ជា​ដើម។

លោក រ៉ុង ឈុន បន្ត​ថា សហ​ជីព​កម្មករ និង​សមា​គម​ទាំង ១១ ស្ថា​ប័ន នឹង​ធ្វើ​យុទ្ធ​នា​ការ​ព្រម​គ្នា ជា​មួយ​សហ​ជីព​អន្តរ​ជាតិ លើ​ពិភព​លោក នៅ​ថ្ងៃ​ទី​១០​កុម្ភៈ ដែល​នឹង​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា នៅ​បរ​ទេស ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២៣ នាក់។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០​កុម្ភៈ ដើម​សប្តាហ៍​ក្រោយ សហជីព និង​សមា​គម​ទាំង​១១ នឹង​ធ្វើ​សន្និ​សីទ​កាសែត ហើយ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់​ព័ន្ធ។ ញត្តិ​ទាម​ទារ ៧ ចំណុច​នោះ ជា​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​របស់​សហ​ជីព​កម្មករ និង​សមាគម​ទាំង ១១ នៅ​ព្រឹក​ថ្ងៃ​ទី​៦​កុម្ភៈ​នេះ។

ការ​តម្លើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ ត្រូវ​បាន​រដ្ឋា​ភិ​បាល សម្រេច​ជា​ផ្លូវការ​រួច​ហើយ។ គឺ​តម្លើង​ទាប​បំផុត​ដល់ ១០០ ដុល្លារ ហើយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១​កុម្ភៈ​ឆ្នាំ​២០១៤ តទៅ។ លោក វង្ស សុវណ្ណ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មការ​សម្រាប់​ដោះ​ស្រាយ​កូដ​កម្ម បាតុ​កម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា របស់​ក្រសួង​ការ​ងារ បាន​ឲ្យ​ដឹង​ថា គណៈ​កម្ម​ការ​ស្រាវ​ជ្រាវ​ប្រាក់​ខែ​កម្មករ ដឹក​នាំ​ដោយ​លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី គាត ឈន់ កំពុង​ដំណើរ​ការ​សិក្សា​ស្រាវ​ជ្រាវ ជា ជំ​ហ៊ាន​ៗ តែ​លោក​មិន​ដឹង​ថា ត្រូវ​ជួប​ប្រជុំ​តម្លើង​ប្រាក់​ខែ​កម្មករ​ជា​ថ្មី នៅ​ពេល​ណា​ទេ។

ដោយ​ឡែក​សម្រាប់​ករណី​បាតុ​ករ​ទាំង ២៣ នាក់ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​នោះ គឺ​លោក វង្ស សុវណ្ណ បាន​ចាត់​ទុក​ថា ជា​សមត្ថ​កិច្ច​របស់​តុលា​ការ ដែល​មាន​ឆន្ទា​នុសិទ្ធិ ថា​ត្រូវ​ដោះ​លែង ឬ​ក៏​បន្ត​ឃុំ​ឃាំង​ជន​សង្ស័យ​ទាំង​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ