អានតួអត្ថបទ
កម្ពុជា

ខេត្ត​ព្រះសីហនុ នឹង​រៀប​ចំ​ព្រឹត្តិការណ៏​រត់​ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរជាតិ លើក​ទី​៣ នៅ​ខែ​មិនា​

ព្រឹត្តិការណ៏​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុងអន្តរជាតិ លើកទី៣​ ឆ្នាំ២០១៤ នឹង​ត្រូវ​រៀបចំ​ឡើង នៅ​ថ្ងៃទី០៩​ ខែមិនា​ខាងមុខ។ ការ​រៀបចំ​ព្រឹត្តិការណ៏នេះឡើង ត្រូវ​បាន​អះអាងថា គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ការពារ​ធម្មជាតិ និង​ភពផែន​ដី និង​ជា​ផ្នែក​មនុស្ស​ធម៌មួយ សម្រាប់ជួយ​ដល់​មន្ទីរពេទ្យ​ និង​ស្ថាប័ន​អប់​រំ​មួយ​ចំនួន។ នេះ​បើ​យោងតាម​ការ​ធ្វើ​សន្និសីទ​កាសែត ស្តីពី​ការ​រៀបចំ​ព្រឹត្តិការណ៏​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១០​កុម្ភៈ​នេះ។

សន្និសីទកាសែត ស្តីពី​ព្រឹត្តិការណ៏​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង នៅខេត្ត​ព្រះសីហនុ
សន្និសីទកាសែត ស្តីពី​ព្រឹត្តិការណ៏​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង នៅខេត្ត​ព្រះសីហនុ @NOCC
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៏រត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ ២០១៤ នឹង​ត្រូវ​រៀបចំ​នៅ​ ឆ្នេរអូឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី០៩ ខែមិនា ខាងមុខ។ នេះ​បើតាម​ ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិកក​ម្ពុជា ដែល​បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​កាសែត នាទីស្នាក់ការ​គណៈ​កម្មកា​ធិការជាតិអូឡាំពិក​ នៅព្រឹក​ថ្ងៃច័ន្ទនេះ។ លោក វ៉ាត់ ចំរើន បាន​និយាយ​ថា ​ព្រឹត្តិការណ៍​នេះ នឹង​​ធ្វើឡើង ​ក្រោមខ្លឹម​សារ ​ដើម្បី​ការពារ​ធម្មជាតិ សង្គ្រោះ​ផែនដី និង​សុខុមាលភាព​ នៃ​មនុស្សលោក។

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា ថវិកា​ដែល​បានមកពីព្រឹត្តិការណ៏​រត់ប្រណាំងនេះ ​នឹង​យក​ទៅ​ជួយ​​ដល់​មន្ទីរពេទ្យ​កុមារ ជួយ​ដល់​កុមារ​ក្រីក្រ និង​ឆ្មាំ​តាម​ឆ្នេរ​អូឈើទាល​ នៅ​ខេត្ត​ព្រះសីហនុ។​

បើ​តាម​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាដដែល វិញ្ញាសា​​ចំនួន ៣ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​ក្នុងព្រឹត្តិការណ៏នេះ ដែល​រួម​មាន ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​២១​គីឡូម៉ែត្រ​,​ រត់​១០​គីឡូម៉ែត្រ និង​ ៣​គីឡូម៉ែត្រ​​ជា​លក្ខណៈ​គ្រួសារ។ គិត​ត្រឹម ថ្ងៃ​ទី​១០​កុម្ភៈ​នេះ លោក​ វ៉ាត់ ចំរើន បាន​អះអាងថា មានបេក្ខជន​​មកចុះឈ្មោះ រត់ប្រណំាងប្រមាណ​ជាង ១​ពាន់​នាក់ហើយ ដែល​ពួកគេបាន​មកពីបណ្តា​ប្រទេស​​ប្រមាណ​ជា​២១ លើ​ពិភព​លោក​​។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៏​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​ ចម្ងាយ​ជាង ២០គីឡូម៉ែត្រ​នេះ បាន​រៀបចំ​​ជា​​ច្រើន​ដង នៅ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប និង​២ដង នៅ​ទឹក​ដី​សមុទ្រ ខេត្ត​ព្រះ​សីហនុ​​។ កាលពី​ឆ្នាំ ២០១៣ ព្រឹត្តិការណ៏​នេះ មាន​អ្នក​ចូលរួម​រត់ប្រណាំង ប្រមាណជា ១៤០០​​នាក់​​។ ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​រំពឹង​ថា នៅ​ក្នុង​ឆ្នាំនេះ នឹង​មាន​ចំនួន​អ្នក​ចូលរួម គ្រប់ជាតិសាសន៏ ច្រើន​ជាង​ឆ្នាំ​​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ