អានតួអត្ថបទ
កម្ពុជា-ឥណ្ឌា

​​អង្គរវត្ត​ត្រូវគេ​ចម្លងសាងសង់​​នៅ​ឥណ្ឌា​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​BBC​បាន​ផ្សាយ​អោយ​ដឹង​ថា​ ឥណ្ឌា​បាន​ចាប់​ផ្តើម​សាងសង់​ប្រាសាទ​ព្រហ្មសាសនា​មួយ​ដែល​ចម្លង​រូបរាង​ពី​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នៅ​ក្នុង​ទីក្រុង​Biharក្នុង​ប្រទេស​ឥណ្ឌា។​ប្រាសាទ​ចម្លង​ពី​អង្គរ​វត្ត​នេះ ​នឹង​ក្លាយ​ទៅ​ជា​ប្រសាទ​ព្រហ្មញ្ញ​សាសនា​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​នេះ។ កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ផ្លូវការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ខៀវ កាញារីទ្ធ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ​វត្តមាន​នៃ​ប្រាសាទ​ចម្លង​នឹង​ប្រាប់​ពិភពលោក​អោយ​ដឹង​អំពី​វត្តមាន​នៃ​ប្រាសាទ​ពិត​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​Bihar
ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​Bihar ©
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​BBC ពិធី​បញ្ចុះ​បឋម​សិលា​មួយ​ដែល​ជា​ការ​ចាប់​ផ្តើម​សាងសង់​ប្រាសាទ​ដែល​មាន​រូបរាង​ដូច​អង្គរ​វត្ត​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ក្បែរ​ទីក្រុង​Bihar ក្នុង​ប្រទេស​ឥណ្ឌា។ គម្រោង​សាងសង់​ប្រាសាទ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​នេះ​ត្រូវ​កសាង​ដោយ​អង្គការ ​Mahavir Mandir Trust ​ដែល​ត្រូវ​ចំណាយ​ពេល​១០​ឆ្នាំ​ ក្នុង​តម្លៃ​២០​លាន​ដុល្លារ។

 
តំណាង​អង្គការ​នេះ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​BBC​ថា ប្រាសាទ​ដែល​ថត​ចម្លង​រូបរាង​ពី​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា នឹង​ក្លាយ​ជា​ប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។​ ប្រាសាទ​នេះ​នឹង​ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ ប្រាសាទ​វីរ៉ាត​អង្គរវត្ត​រ៉ាម។

អាច​មាន​សំណួរ​ជាច្រើន​ដែល​អាច​ចោទ​ឡើង​ជុំវិញ​ការ​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ​ខ្មែរ​ចំណាស់​១០០០​ឆ្នាំ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ​បាន​អត្ថាធិប្បាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​ប្រតិកម្ម​យ៉ាងណា​ជាមួយ​គម្រោង​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លោង​​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ឥណ្ឌា​១ ០០០លាន​នាក់ដែល​បាន​ឃើញ​ប្រាសាទ​ថត​ចំលង​នៅ​ឥណ្ឌា​ហើយ អាច​នឹង​មាន​ចិត្ត​មក​ទស្សនា​ប្រាសាទ​បុរាណ​ដើម​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​លោក អាំង គីមអ៊ាង​វិញ វត្ថុ​ថ្មី​និង​ថត​ចម្លង​នៅ​តែ​មិន​អាច​ប្រៀបធៀប​ជាមួយ​វត្ថុ​ពិត​ចំណាស់​១០០០​ឆ្នាំ​ឡើយ។ ប៉ុន្តែ​លោក​បារម្ភ​ថា វត្តមាន​នៃ​ប្រាសាទ​អង្គវត្ត​ចម្លង​អាច​ធ្វើ​អោយ​បាត់បង់​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​នេះ​ដែល​លែង​មាន​តែ​មួយ​ក្នុង​លោក​ទៀត​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ