អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​ស្តីពីការ​អភិរក្ស​និងអភិវឌ្ឍន៍​តំបន់​អង្គរ​ចាប់ផ្តើមហើយ​

កិច្ចប្រជុំ​របស់​គណៈកម្មការ​សម្រប​សម្រួល​បច្ចេក​ទេសលើក​ទី​២០ស្តីពី​ការអភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​អង្គរវត្ត ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ ​ចាប់ផ្តើម​នៅ​ថ្ងៃទី​៨​មិថុនា​នេះនៅ​ទី​រួម​ខេត្តសៀមរាប​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ ​បាន​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​​ ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​ជប៉ុន ដោយ​មាន​ការចូលរួម​ពី​បណ្តា​តំណាង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍ ​អង្គការ​UNESCO ​អាជ្ញាធរ​អប្សរា ​និង​អ្នកជំនាញ​បេតិកភ័ណ្ឌ​ពិភពលោក​ជាច្រើន​ទៀត​។

កិច្ចប្រជុំ​គណៈកម្មការ​​ដើម្បី​​អភិរក្ស​​និង​​អភិវឌ្ឍន៍​​តំបន់​អង្គរ​
កិច្ចប្រជុំ​គណៈកម្មការ​​ដើម្បី​​អភិរក្ស​​និង​​អភិវឌ្ឍន៍​​តំបន់​អង្គរ​ © RFI-Menghour-Ly-លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​គណៈកម្មការ​សម្រប​សម្រួល​បច្ចេកទេស​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ត្រូវបាន​ធ្វើឡើង​ដោយ​មាន​តំណាង​រដ្ឋាភិបាល​បារាំង​និង​ជប៉ុន​ជា​សហប្រធាន​។ ​សកម្មភាព​ការងារ​និង​គម្រោង​ផែនការ​អភិវឌ្ឍន៍​តំបន់​អង្គរ​ត្រូវបាន​បង្ហាញ​។​ ក្នុងនោះ លោក សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។

 
លោក សុខ អាន​ បាន​លើកឡើង​ថា​ទន្ទឹម​នឹង​ការអភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​អ្នកជំនាញ​ដែល​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ឆ្នាំ​កន្លងមក ​បាន​សម្រេច​បង្កើត​នូវ​ផែនទី​ដែល​ទាក់ទង​ហានិភ័យ​របស់​ប្រាង្គ​ប្រាសាទ​ និង​ទាក់ទង​ទៅ​នឹង​សហគមន៍​ឲ្យចូល​រួមវិភាគទាន​នៅក្នុង​ការគ្រប់គ្រង​ទីក្រុង​អង្គរ​។

តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​កត់​សម្គាល់​ថា​ ទេសចរ​ក្នុង​តំបន់​អង្គរ​មាន​ការកើន​ឡើង​ជា​ប្រចាំ​ ហើយ​ផ្តល់​នូវ​ផលប្រយោជន៍​មួយ​ចំនួន​ ដូចជា​នៅ​ឆ្នាំ ២០១០​កើន​១៦%​បើ​ធៀប​នឹង​ឆ្នាំ២០០៩​ ហើយ​ ៣ខែ​ដំបូង​ឆ្នាំ ២០១១​នេះ​កើនឡើង​១៤% ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​ក៏​ប៉ុន្តែ​ចំនួន​ជាក់លាក់​នៃ​អ្នកទេសចរ​និង​ចំណូល ​ដែល​បានមកពី​ប្រាង្គ​ប្រាសាទ​បុរាណ​មិន​ត្រូវ​បាន​បញ្ជាក់​ទេ​។

សកម្មភាព​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​អង្គរវត្ត​ក្នុង​ពេល​កន្លងមក​ក៏​ត្រូវបាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ​លើកឡើង​ក្នុង​កិច្ចប្រជុំ​ផងដែរ​។​ នោះ​គឺ​ការបង្កើត​ភូមិ​រន្ធតាឯក​និង​ភូមិ​វប្បធម៌​សម្តេច​តេជោ​ ដើម្បី​បញ្ជូន​ប្រជាជន​តាម​តំបន់​នានា​ឲ្យ​រស់នៅ​ទីនោះ​។

ទាំងអស់​នេះ​បាន​ធ្វើឡើង​ដោយ​គោរព​ទៅ​នឹង​បរិស្ថាន​ ប្រជាជន​រស់នៅ​ក្នុង​ភាព​បៃតង ​មាន​រុក្ខផល​ហូប​ផ្លែ​ ហើយ​បាន​ផ្តល់​នូវ​ចំណូល​ជា​ប្រចាំ​សម្រាប់​ជីវភាព​រស់នៅ​។ ​កម្ពុជា​ក៏​បាន​បង្កើត​សួន​គ្រឿងទេស ដែល​ទេសចរ​អាច​មក​លំហ​កំសាន្ត ​រវាង​ប្រាង្គ​ប្រាសាទ​នានា ដែល​គេ​អាច​រកឃើញ​នូវ​ភាព​សម្បូរ​បែប​របស់​កម្ពុជា ​ដោយ​បាន​ពង្រឹង​ចំណេះ​ដឹង​អំពី​វប្បធម៌​ខ្មែរ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក សុខ អាន។

ដោយសារ​សមិទ្ធិផល​ទាំងអស់​នេះ​ហើយ​បាន​ជា​កិច្ចប្រជុំ​នៅ​ព្រឹកមិញ​ មាន​ពិធី​បំពាក់​មេដាយ​កិត្តិយស​និង​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​កម្ពុជា​និង​បរទេស​ដែល​បាន​ខំ​ប្រឹង​ប្រែង​​ធ្វើកា​រងារ​អភិរក្ស​អង្គរ​។​ ប្រាសាទ​អង្គរវត្ត​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ