អានតួអត្ថបទ
កម្ពុជា

គណបក្សប្រឆាំង​បដិសេធ​ការ​ចូលរួម​សង្កេតការណ៍​ចុះ​ឈ្នោះ​បោះឆ្នោត

គណបក្ស​ប្រឆាំង​ទាំង​ពីរ​គឺ គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ពុធ​ទី​២២​ សីហា​ប្រកាស​ធ្វើ​ពហិកា​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ទៅ​ចូលរួម​សង្កេតការណ៍​ដំណើរ​ការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នោះទេ។ គណបក្ស​ទាំងពីរ​ថ្លែង​ថា វត្តមាន​របស់​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​តំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​មិន​ធ្វើ​អោយ​មាន​ការ​ផ្លាស់ប្តូរ​ឡើយ ហើយ​គណបក្ស​ទាំងពីរ​ទាមទារ​អោយ​មាន​ការ​ផ្លាស់ប្តូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

គណបក្សប្រឆាំង​បដិសេធ​ការ​ចូលរួម​សង្កេតការណ៍​ចុះ​ឈ្នោះ​បោះឆ្នោត
គណបក្សប្រឆាំង​បដិសេធ​ការ​ចូលរួម​សង្កេតការណ៍​ចុះ​ឈ្នោះ​បោះឆ្នោត
ផ្សាយពាណិជ្ជកម្ម

សម្រាប់​គណបក្ស​ទាំង​ពីរ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ និង​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​នៅតែ​ស្មុគ​ស្មាញ។​រីឯ​មន្ត្រី​ដែល​ធ្វើការ​ផ្នែក​នេះ ភាគច្រើន​លើសលប់​ជា​សកម្មជន​គណបក្ស​កាន់​អំណាច។ ទាំង​នេះ​ជា​បញ្ហា​ដែល​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អះអាង​ថា​មាន​បញ្ហា​ទាំងនោះ​មែន ប៉ុន្តែ​គណបក្ស​ប្រឆាំង​ទាំងពីរ​ដែល​កំពុង​ចាប់ដៃ​គ្នា​បង្កើត​គណបក្ស​ថ្មី​នោះ បែរ​ជា​មិន​ចូលរួម​សង្កេតការណ៍​ទៅវិញ។

លោក​អ៊ូ ច័ន្ទឬទ្ធិ អគ្គលេខាធិការ​ស្តី​ទី​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា វត្តមាន​អ្នក​សង្កេតការណ៍​របស់​គណបក្ស​ប្រឆាំង​ទាំងពីរ​នៅ​ក្នុង​ការ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​មិន​ធ្វើ​អោយ​មាន​ការ​ផ្លាស់ប្តូរ និង​រឹត​តែ​មិន​អាច​ជួយ​ឲ្យ​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ​ប្រព្រឹត្តិទៅ​ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រឆាំង​ទាំងពីរ​បាន​ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្លាស់ប្តូរ​នីតិវិធី ​ប្តូរ​ពេលវេលា​ចុះ​ឈ្មោះ និង​ទុកពេល​ឲ្យ​ប្រជាពលរដ្ឋ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់គ្រាន់​វិញ។

មិន​អាច​ទាក់ទង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​របស់​គណបក្ស​ទាំង​ពីរ​ឡើយ។ សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​រាយការណ៍​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​ស៊ូរិយ៉ា ស៊ូបេឌី​ធ្លាប់​បាន​ធ្វើ​បេសកម្ម​ស្តី​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។ នៅ​ក្នុង​ដំណើរ​បេសកកម្ម​ពេល​នោះ អ្នករាយការណ៍​ពិសេស​បាន​អត្ថាធិប្បាយ​ថា លោក​មិន​ផ្តល់​សារៈសំខាន់​ទៅ​លើ​បុគ្គល​នៅ​ក្នុង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នោះ​ឡើយ។ តែ​លោក​ផ្តោត​ទៅ​លើ​ប្រព័ន្ធ ច្បាប់ និង​នីតិវិធី​នៃ​តំណើរការ​បោះឆ្នោត​ទៅវិញ។

សូម​បញ្ជាក់ថា ការ​ពិនិត្យ​ឈ្មោះ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្តិទៅ​ពី​ថ្ងៃ​ទី​១​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​តុលា។ អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុមហ្វ្រែល​មាន​គម្រោង​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​ខ្លួន ចំនួន​២៥០​​នាក់​នៅ​ក្នុង​ពេល​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ