អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រោង​ចុះបញ្ជី​ មិនទាន់​មាន​ឈ្មោះ​លោក​កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​ការរួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នឹងត្រូវ​គេ​គ្រោង​ចុះបញ្ជី​នៅ​ថ្ងៃ​ចន្ទ ទី២០ ខែសីហា​ដើម​សប្តាហ៍​ក្រោយ​នៅឯ​ក្រសួង​មហាផ្ទៃ។ គណបក្ស​នេះ​មាន​លោក​សម រង្ស៊ី​ឈរឈ្មោះ​ជា​ប្រធាន តែ​គ្មាន​ឈ្មោះ​លោក​កឹម សុខា​​ជា​អនុប្រធាន​ដូច​ការ​គ្រោង​ទុក​នោះទេ ពីព្រោះ​តែ​លោក​ចង់​រក្សា​តួនាទី​ជា​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​រហូតដល់​ពេល​ជិត​បោះឆ្នោត។ ការប៉ុនប៉ង​ចុះឈ្មោះ​គណបក្ស​នេះ​ត្រូវបាន​គេ​គ្រោង​រួចរាល់​ហើយ បើទោះជា​ភាពជា«ទណ្ឌិត»របស់លោក​សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា ជា​ឧបសគ្គ​ក្នុង​ដំណើរការ​ចុះឈ្មោះ​នេះ​ក៏​ដោយ។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ទី២០សីហា​ដើម​សប្តាហ៍​ក្រោយនេះ សំណុំបែបបទ​ដើម្បី​ចុះបញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវគេ​នាំទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​ចុះបញ្ជី​ផ្លូវការ។ គណបក្សប្រឆាំង​ថ្មី​នេះ​មាន​លោក​សម រង្ស៊ី​ឈរឈ្មោះ​ជា​ប្រធាន និង​លោក ប៉ុល ហំ​ម មកពី​គណបក្ស​សិទ្ធិមនុស្ស​ឈរឈ្មោះ​ជា​អនុប្រធាន​បណ្តោះអាសន្ន។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវគេ​គ្រោង​នឹង​ចុះបញ្ជី​នៅឯ​ក្រសួងមហាផ្ទៃ មាន​សមាសភាព​គ្រប់គ្រាន់​មកពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ប៉ុន្តែ នៅ​មិនទាន់មាន​រចនា​សម្ព​ន្ធ័​ត្រឹមត្រូវ​នៅឡើយ​ទេ​ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​ជាច្រើន។ ជាក់ស្តែង​នៅក្នុង​បញ្ជី​គណៈកម្មាធិការ​បណ្តោះអាសន្ន​ដែល​ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ គ្មាន​ឈ្មោះ​លោក​កឹម សុខា នោះទេ។

លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​កឹម សុខា គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ដោយសារតែ​លោក​នៅ​រក្សា​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស។ លោក​បន្តថា មិនមែន​តែ​លោក​កឹម សុខា​ម្នាក់​ទេ ប៉ុន្តែ អ្នកតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ក្នុង​តំណែង​បច្ចុប្បន្ន​ទាំងពីរ​គណបក្ស​សុទ្ធតែ​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​គណបក្ស​ថ្មី​នេះ​ដូចគ្នា។ ប៉ុន្តែ អង្គសមាជ​មួយ​នឹង​ត្រូវគេ​រៀបចំឡើង​នៅពេល​ជិត​បោះឆ្នោត​ដើម្បី​រៀបចំ​សមាសភាព​ច្បាស់លាស់​រប​ស់​គណបក្ស​នេះ។ ពេលនោះ លោក​កឹម សុខា និង​មាន​វត្តមាន​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការគ្រោងទុក។

ប៉ុន្តែ ការចុះបញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​មើលឃើញថា នឹងមិន​អាចទៅរួច​ឡើយ ដោយសារតែ​លោក​សម រង្ស៊ី ដែល​ឈរឈ្មោះ​ជា​ប្រធាន​បក្ស​ត្រូវបាន​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ចាត់ទុក​ជា«ទណ្ឌិត» ដែល​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​ទៅហើយ។ ក្រសួងមហាផ្ទៃ​ច្បាស់​ជា​នឹង​យក​បញ្ហា​នេះ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​បដិសេធ មិន​ចុះឈ្មោះ​គណបក្ស​ថ្មី​នេះ។ យ៉ាងណា​ក៏ដោយ លោក ប៉ុល ហំ​ម បាន​អះអាងថា លោក​មិនបាន​រកឃើញ​ច្បាប់​ណាមួយ​ដែល​បញ្ជាក់​ថា លោក​សម រង្ស៊ី​មិនអាច​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​បាន​នោះឡើយ។

គួរ​រម្លឹក​ថា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជា​មួយ​គ្នា កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​បង្កើត ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ។ ចលនា​នេះ​ក៏បាន​ក្លាយជា​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ដែលមាន​លោក​សម រង្ស៊ី​ជា​ប្រធាន និង​លោក​កឹម សុខា ជា​អនុប្រធាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ