អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​លុប​ចោល​គម្រោង​ទៅ​ព្រំ​ដែន​ប្រាសាទ​ព្រះ​វិហារ

គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​​លុប​ចោល​​គម្រោ​ង​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១១​វិច្ឆិកា។ មូល​ហេតុ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រកាស​ថា មក​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក​សម រង្ស៊ី និង​លោក​កឹម ​សុខា ជាប់​រវល់​ការងារ ខាន​មិន​បាន​នៅ​ភ្នំពេញ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រមុខ​បក្ស​ប្រឆាំង​ទាំង​ពីរ នៅ​រក្សា​គម្រោង​ជួប​ជុំ​មហាជន នៅ​ថ្ងៃ​១០​ធ្នូ ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ខេត្ត​សៀមរាប និង​គម្រោង​ចុះ​ទៅ​កាន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់​ធំ នា​ថ្ងៃ​ទី​១១​ធ្នូ។

លោកកឹម សុខា និង លោកសម​ រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ
លោកកឹម សុខា និង លោកសម​ រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ RFI/រចនា
ផ្សាយពាណិជ្ជកម្ម

 

ជា​ការ​សម្រេច​ថ្មី​មួយ​ទៀត ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក​សម រង្ស៊ី និង​លោក​កឹម​ សុខា មិន​នាំ​សកម្មជន​អ្នក​គាំទ្រ​ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ពិនិត្យ​ស្ថាន​ភាព​ព្រំដែន និង​ជួប​កង​ទ័ព​នៅ​ទល់​ដែន​ថៃ​នោះ​ទេ។

ការ​លុប​ចោល​ដំណើរ​របស់​បក្ស​ប្រឆាំង មិន​ទៅ​កាន់​តំបន់​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ ពេល​នេះ គាប់​​ជួន​នឹង​ព្រឹត្តិការណ៍​ក្តៅ​គគុក នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ ថៃ ដែល​កំពុង​មាន​ជម្លោះ​ព្រំដែន នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ជាមួយ​កម្ពុជា។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​ថា មិន​មែន​មក​ពី​ហេតុផល ថា​មាន​កង​ទ័ព​រា​រាំង​នៅ​ព្រំ​ដែន រួម​ទាំង​មាន​សភាព​ការណ៍​បាតុកម្ម នៅ​ក្រុង​បាងកក ប្រទេស​ថៃ ទើប​បក្ស​ប្រឆាំង មិន​ទៅ​នោះ​ទេ។ ប៉ុន្តែ​ហេតុផល​តែ​មួយ​គត់ ត្រូវ​បាន​លោក យ៉ែម បុញ្ញឫទ្ធិ អះ​អាង​ថា មក​ពី​មេ​បក្ស​ទាំង​ពីរ​រូប មាន​ធុរៈ​នៅ​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា គឺ​បន្ទាប់​ពី​ការ​ជួប​ជុំ នៅ​ខេត្ត​សៀមរាប​ហើយ លោក​សម រង្ស៊ី និង​លោក​កឹម ​សុខា ដែល​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ដំណើរ​រួម​គ្នា​ចុះ​ទៅ​កាន់​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់​ធំ មុន​នឹង​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ។

ជា​មួយ​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ផ្លាស់​ប្តូរ​កម្ម​វិ​ធី សម្រាប់​ការ​ជួប​ជុំ នៅ​ថ្ងៃ​១០​ធ្នូ ទិវា​​សិទ្ធិ​មនុស្ស​អន្តរជាតិ។ គឺ​ការ​ជួប​ជុំ​នៅ​ភ្នំពេញ នឹង​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក ដោយ​មាន​វត្តមាន​​របស់​លោក​សម រង្ស៊ី និង​លោក​កឹម ​សុខា ដឹក​នាំ​ក្បួន​ដង្ហែ​រៀង​ៗ​ខ្លួន ទៅ​កាន់​ទី​លាន​ប្រជា​ធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ រហូត​ដល់​ពេល​រសៀល ថ្ងៃ​ទី​១០​ធ្នូ ទើប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ ចាក​ចេញ​ពី​ភ្នំពេញ​រួម​គ្នា ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ជួប​ជុំ​សកម្មជន នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

ដោយ​ឡែក​ សម្រាប់​គម្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​អាទិត្យ ទី​១៥​ធ្នូ និង​បាតុកម្ម​រៀង​រាល់​ថ្ងៃ​អាទិត្យ គឺ​គណបក្ស​ប្រឆាំង នៅ​រក្សា​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ