អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​នៅ​កម្ពុជា​បដិសេធ​ថា​គ្មាន​ទំនាក់​ទំនង​ជា​មួយ​បក្ស​ប្រឆាំង​ថៃ​ទេ

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ប្រកាស​គម្រោង​បាតុកម្ម​ជា​បន្ត​បន្ទាប់​ទៀត នៅពេល​ខាង​មុខ​នេះ​ បាន​បដិសេធ​ថា គម្រោង​បាតុកម្ម​អហិង្សា​ដែល​ខ្លួន​កំពុង​រៀប​ចំ​ធ្វើ​ គ្មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ខ្លះ​អំពី​ភាព​ស្រដៀង​គ្នា ​រវាង​មហា​បាតុកម្ម​នៅ​កម្ពុជា ​និង​អ្វីដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ

មហាបាតុកម្មគណបក្សសង្គ្រោះជាតិ
មហាបាតុកម្មគណបក្សសង្គ្រោះជាតិ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ភាព​ស្រដៀង​គ្នា​រវាង​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា ​បាន​នាំ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ទាំង​ពីរ។ ភាព​ស្រដៀង​គ្នា​ដែល​គេ​បាន​លើក​មក​ពិ​ភាក្សា​គ្នា​នោះ​មាន​ដូច​ជា ការ​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ក្នុង​តំណែង​ចុះ​ចេញ​អំពី​អំណាច ការ​បំបែក​មហា​បាតុកម្ម​ពី​រាជធានី​ទៅ​កាន់​បណ្តា​ខេត្ត ​និង​ការ​អំពាវនាវ​ឲ្យ​មហាជន សហជីព និង​មន្ត្រីរាជការ​ចូល​រួម​ធ្វើ​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ដើម។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុញ្ញ​ឬទ្ធិ បាន​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​បក្ស​ប្រឆាំង ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា ​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​បើ​មាន​រឿង​ស្រដៀង​គ្នា​ខ្លះ​នោះ​ វា​ជា​រឿង​ចៃដន្យ​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​លោក យ៉ែម ប៉ុញ្ញ​ឬទ្ធិ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម អហិង្សា​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ កក្កដា​មក​ម្ល៉េះ។ គោល​ដៅ​របស់​គណបក្ស​ប្រឆាំង​គឺ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ លោក​បាន​បញ្ជាក់​ថា កុំ​ថា​ឡើយ​ដល់​ទំនាក់​ទំនង​ជាមួយ​បក្ស​ប្រឆាំង​ថៃ សូម្បី​តែ​ការ​លើក​យក​បញ្ហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ជិត​ខាង​នេះ​មក​ពិភាក្សា​ផ្ទៃ​ក្នុង​បក្ស ​ក៏​មិន​ដែល​បាន​ធ្វើ​ដែរ។

សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀប​ចំ​មហា​បាតុកម្ម​មួយ​នៅ​ឯ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី ១០ ធ្នូ​ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ចាប់​ពី​ថ្ងៃ​ទី​១៥​ធ្នូ​ត​ទៅ គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ថ្ងៃ​អាទិត្យ ​នៅ​ទី​ក្រុង​ភ្នំពេញ។ គោលដៅ​គឺ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

ចុង​ក្រោយ​នេះ លោក​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ប្រសិន​បើ​មិន​អាច​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​បាន​ទេ លោក​សំណូមពរ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ឆ្នោត​បាន ៦៨ កៅអី ​ក្នុង​រដ្ឋសភា ​កំពុង​តែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ដោយ​មិន​ព្រម​វិល​មក​និយាយ​ពី​ការ​បោះឆ្នោត​ឡើង​វិញ​ឡើយ។

រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រីក​រាល​ដាល​ពី​ទី​ក្រុង ​រហូតដល់​ទី​ជនបទ​ហើយ។ ក្រុម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​ចូល​កាន់​កាប់​ក្រសួង​រដ្ឋ​ជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ មហា​បាតុកម្ម​នៅ​កម្ពុជា​ ធ្វើ​ឡើង​នៅ​ទី​លាន​ប្រជាធិបតេយ្យ និង​មាន​ការ​ដង្ហែ​ក្បួន​ខ្លះៗ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ