អានតួអត្ថបទ
កម្ពុជា

តុលា​ការ​សុំ​ឲ្យ​យុវជន​ដែល​ប្តឹង​លោក​នា​យក​រដ្ឋ​មន្ត្រី​បន្ថែម​ភស្តុ​តាង

យុវជន​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ​ទាក់ទង​នឹង​ការ​បាត់​បង់​កោះ​ត្រល់​និង​កោះ​ក្រចក​សេះ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​តុលា​ការ​ទាម​ទារ​ឲ្យ​បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត។ យុវ​ជន នាង សុ​ឃុន ត្រូវបាន​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ពាក្យ​បណ្តឹង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ កុម្ភៈ​នេះ។ ក្រោយ​ចេញពី​តុលា​ការ យុវជន​រូប​នោះ​អះ​អាង​ថា នឹង​ដាក់​ភស្តុ​តាង​បន្ថែម​ជូន​តុលា​ការ​នៅ​ដើម​ខែ​មីនា​ខាង​មុខ។

យុវជន នាង សុឃុន  ជាកូន កសិករ និងជាក្មេងវត្តបន្តការសិក្សានៅភ្នំពេញ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។
យុវជន នាង សុឃុន ជាកូន កសិករ និងជាក្មេងវត្តបន្តការសិក្សានៅភ្នំពេញ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ @RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​និង​ក្រោយ​ពី​បាន​សាក​សួរ​ដើម​បណ្តឹង​រួច​មក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ទាម​ទារ​ឲ្យ​យុ​វជន​ឈ្មោះ នាង សុ​ឃុន បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​ការពារ​ពាក្យ​បណ្តឹង​របស់​ខ្លួន។ យុវ​ជន​រូបនេះ​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ពីបទ​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​ទៅ​ឲ្យ​ប្រ​ទេស​វៀត​ណាម។

 
ក្រោយ​ចេញពី​តុលា​ការ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​នេះ យុវជន​នាង សុ​ឃុន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​នឹង​បន្ថែម​ភស្តុតាង​តាម​ការទាមទារ​របស់​តុលា​ការ​នៅ​ថ្ងៃទី៧មីនា​ខាងមុខ។ យុវជន​ដែល​ហ៊ាន​ប្តឹង​មេដឹកនាំ​កំពូល​រូបនេះ​បាន​បញ្ជាក់​ថា ខ្លួន​បានដាក់​ភស្តុតាង​មួយ​ចំនួន​រួចហើយ​ដូចជា​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ឆ្នាំ ១៩៨២ រវាង​កម្ពុជា​និង​វៀតណាម និង​ឯកសារ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ជាដើម។ ប៉ុន្តែ ភស្តុតាង​ទាំងនោះ​ត្រូវបាន​តុលា​ការ​អះ​អាង​ថា​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

ជា​កូន​កសិករ​អាយុ ២៥ឆ្នាំ​មកពី​ខេត្តកំពង់ធំ យុវជន នាង សុ​ឃុន បញ្ជាក់​ថា ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ក្នុង​នាម​ជា​កូន​ខ្មែរ និង​មិន​ជាប់ទាក់ទង​នឹង​នយោបាយ​នោះទេ។ យ៉ាងណាក៏ដោយ យុវជន​រូបនេះ​អះអាងថា ខ្លួន​ជា​អ្នកគាំទ្រ​គោល​នយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ទំនងជា​ឆ្លើយតប​ដោយ​ប្រយោល​ចំពោះ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ចំពោះ​ការប្រើប្រាស់​យុវជន​ដើម្បី​សម្រេច​គោល​ដៅ​នយោបាយ។ ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០១៤ នៅឯ​សណ្ឋាគារ  Intercontinental ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី បាន​អះ​អាង​ថា លោក​ការ​ពារ​ដាច់ខាត​ចំពោះ​ផល​ប្រយោជន៍​យុវជន ប៉ុន្តែ មិន​គាំទ្រ​សកម្មភាព​ដែល​យក​អនា​គត​របស់​យុវជន​កម្ពុជា​ដើម្បី​ជា​សាក​ល្បង​និង​ធ្វើជា​ដើមទុន​ក្នុងការ​សម្រេច​មហិច្ឆតា​នយោបាយ​របស់​មនុស្ស​មួយក្រុម​តូច​ណា​នោះទេ។

កាលពី​ឆ្នាំ ២០១២ កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ក៏​ធ្លាប់បាន​ពន្យល់​ចំពោះមុខ​អង្គសភា​អំពី​មូល​ហេតុ​នៃ​ការ​បាត់បង់​កោះត្រល់​នេះ​រួចហើយ។ យ៉ាង​ណា​ក៏ដោយ គេ​នៅ​រង់ចាំ​មើលថា តើ​តុលា​ការ​នឹង​ចាត់​ការ​ពាក្យ​បណ្តឹង​នេះ​បន្តទៀត​ដោយ​របៀប​ណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ