អានតួអត្ថបទ
កម្ពុជា

លោក ​ហ៊ុន​ សែន​ សុំ​ឲ្យ​អាជ្ញាធរ​បើក​សិទ្ធិ​ស្មើ​គ្នា​រវាង​បាតុកម្ម​ប្រឆាំង​និង​បាតុកម្ម​គាំ​ទ្រ​

ថ្លែង​ពី​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រូវ​បើក​សិទ្ធិ​ស្មើគ្នា​ដល់​បាតុកម្ម​ប្រឆាំង​និង​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល។ សេចក្តី​ថ្លែងការណ៍​​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​ធ្វើបាតុកម្ម​តាំងពីដើម​ខែមករា​មក និង​បន្ទាប់ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញមុខ​ប្រឆាំង​ពិធី​ជួបជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់។ អ្នកការពារ​សិទ្ធិមនុស្ស​សាទរ​ចំពោះ​សេចក្តី​អំពាវនាវ​​នេះ តែ​ស្នើ​កុំ​ឲ្យ​មាន​បាតុកម្ម​ប្រឈមមុខគ្នា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

អំណឹះតទៅ អាជ្ញាធរ​ត្រូវ​ផ្តល់​សិទ្ធិ​ស្នើ​គ្នា​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ជួបជុំ​ធ្វើបាតុកម្ម​តវ៉ា​ទាំង​អ្នកគាំទ្រ​និង​ទាំង​អ្នកប្រឆាំង​រដ្ឋាភិបាល។ នេះ​គឺជា​សេចក្តី​អំពាវនាវ​​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៥ កុម្ភៈ​នេះ​ពី​ខេត្ត​ព្រះសីហនុ។

 

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ធ្យូងថ្ម លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា នៅពេលនេះ ចលនា​បាតុកម្ម​បាន​ប្រែ​រូបរាង​ជា​ពីរ​គឺ បាតុកម្ម​របស់​ក្រុមប្រឆាំង និង​បាតុកម្ម​របស់​អ្នកគាំទ្រ​រាជរដ្ឋាភិបាល។ បើតាម​លោកនាយក​រដ្ឋមន្ត្រី​បាតុកម្ម​ទាំងពីរ​គឺជា​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ដូចគ្នា​ដែល​គេ​មិនអាច​ជំទាស់​បានទេ។

លោក ចាន់ សូ​វ៉េ​ត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​បាន​ស្វាគមន៍​ចំពោះ​ការបើក​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​នៃ​ការធ្វើ​បាតុកម្ម​សម្តែង​មតិ។ ប៉ុន្តែ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​រៀបចំ​បាតុកម្ម​នោះ​នៅ​កន្លែង​ផ្សេងគ្នា​ឬ​ពេលវេលា​ខុសគ្នា​ដើម្បី​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ដែល​នាំ​ឲ្យ​កើត​អំពើហិង្សា។
 

គួរ​កត់សម្គាល់ថា សេចក្តីអំពាវនាវ​រប​ស់​ប្រមុខ​រដ្ឋាភិបាល​គណបក្សកាន់អំណាច​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​ជួបជុំ​ធ្វើបាតុកម្ម​ចាប់តាំងពី​ដើមខែ​មករា​មក និង​បន្ទាប់ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​តែងតែ​ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយ​ពិធី​ជួបជុំ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់។ គណបក្សប្រឆាំង​បាន​ហៅ​សកម្មភាព​ទាំងនោះ​ថា ជាការ​យាយី​រំខាន​ដល់​គណបក្ស​របស់ខ្លួន ហើយ​ធ្លាប់បាន​ព្រមាន​បញ្ឈប់​ការចរចា​ប្រសិនបើ​សកម្មភាព​រំខាន​នេះ​នៅតែ​បន្ត។

កាលពី​ខែមករា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​ថ្លែង​ពី​ខេត្តក្រចេះ​ឲ្យ​អ្នកគាំទ្រ​គណបក្សកាន់អំណាច​ត្រៀម​ធ្វើ​សកម្មភាព​ប្រឆាំង​តប​វិញ​ចំពោះ​បាតុកម្ម​ដែលមាន​ចរិត​ទម្លាក់​រដ្ឋាភិបាល​ចេញពី​អំណាច។ យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ដូច​នៅ​ប្រទេស​វេ​ណេ​ស៊ូ​អេ​ឡា​នោះឡើយ តែ​ក៏​មិន​បិទ​សិទ្ធិ​របស់​ពួកគេ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ