អានតួអត្ថបទ
កម្ពុជា

លោកកឹម សុខា​រើ​យក​សម្ព័ន្ធភាព​មក​និយាយ​ជាមួយ​លោក​សម រង្ស៊ី​ឡើង​វិញ

នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​លោក​កឹម សុខា​បាន​ប្រកាស​អំពី​បំណង​ចាប់ដៃ​ជាមួយ​លោក សម រង្ស៊ី​ដើម្បី​អ្វី​ដែល​លោក​កឹម សុខា​ហៅ​ថា​ជា​ការ​ប្រមូលផ្តុំ​អ្នក​ប្រជាធិបតេយ្យ។ មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាង​ណា​ពី​គណបក្ស​សម រង្ស៊ី​នៅ​ឡើយ​ទេ មុន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សម រង្ស៊ី​នៅ​ថ្ងៃ​ស្អែក។

លោក​កឹម សុខា​ធ្វើ​សន្និសីទ​កាសែត​នៅថ្ងៃ​ចន្ទ​ទី ៤​មិថុនា ២០១២
លោក​កឹម សុខា​ធ្វើ​សន្និសីទ​កាសែត​នៅថ្ងៃ​ចន្ទ​ទី ៤​មិថុនា ២០១២ ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ភាពសប្បាយ​ចិត្ត​នឹង​ជ័យជំនះ​លើក​ដំបូង នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​នឹក​ឃើញ​អតីត​ដៃគូ​សម្ព័ន្ធភាព​ភ្លាម គឺ​លោក​សម រង្ស៊ី។

 
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត លោក​កឹម សុខា​បាន​ប្រកាស​ នៅ​ក្នុង​សន្និសីទ​កាសែត​ថា លោក​នឹង​បោះដៃ​ទូរស័ព្ទ​ទៅ​លោក​សម រង្ស៊ី​ដើម្បី​សើរើ​និយាយ​ភ្ជាប់​សម្ព័ន្ធភាព​ឡើង​វិញ។ សម្ព័ន្ធភាព​ដែល​គណបក្ស​ទាំងពីរ​ធ្លាប់​ព្រមព្រៀង​បង្កើត​ឡើង​ដើម្បី​ទប់ទល់ និង​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ការ​បោះឆ្នោត​កាន់​អំណាច​រហូត​មកនោះ។

លោក​កឹម សុខា​មាន​ទឹកមាត់​នឹង​និយាយ​ជាមួយ​លោក​សម រង្ស៊ី​ដោយសារ​តែ​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ប្រហាក់ប្រហែល​គណបក្ស​សម រង្ស៊ី​ដែរ នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣​នេះ។ លោក​កឹម សុខា​បាន​អះអាង​យ៉ាង​ដូច្នេះ ដោយសារ​តែ​កន្លងមក​គណបក្ស​សម រង្ស៊ី​ធ្លាប់​និយាយ​ថា គណបក្ស​សិទ្ធិមនុស្ស​ជា​គណបក្ស​តូច។

នៅ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាងណា​ពី​គណបក្ស​សម រង្ស៊ី​ដែល​ប្រកាស​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​នោះ​នៅ​ឡើយ​ទេ ចំពោះ​ការអំពាវនាវ​របស់​លោក​កឹម សុខា។ លោក​គង់ គាំ​ប្រធាន​ស្តី​ទី​គណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា លោក​​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី មុន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ដែល​គ្រោង​រៀបចំ​ធ្វើ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នោះ​ឡើយ។ ជា​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​របស់​បក្ស​ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​នៃ​ការបោះឆ្នោត។

គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី​បាន​ចំណាយ​អស់​ជាច្រើន​ខែ​ដើម្បី​សាកល្បង​បង្កើត​សម្ព័ន្ធភាព​ភ្លើង​ចំបើង​មួយ​កាល​ពី​ដើម​ឆ្នាំ​២០០៩។ មិន​បាន​ប៉ុន្មាន​ផង សម្ព័ន្ធភាព​នេះ​បាន​រលាយ ដោយសារ​តែ​ភាព​មិន​ទុកចិត្ត​គ្នា។ គណបក្ស​សម រង្ស៊ី​បាន​ចោទប្រកាន់​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ថា ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

គួរ​រម្លឹក​ថា គណបក្ស​សិទ្ធិមនុស្ស​បាន​ប្រកាស​ថា ខ្លួន​បាន​ឈ្នះ​ធ្វើ​មេឃុំ​ចំនួន​១៨ និង​អាច​ទទួល​បាន​តំណែង​ជំទប់​ទី១ និង​ទី​២​បាន​នៅ​ច្រើន​ឃុំសង្កាត់​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ