អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ជំរុញ​ឲ្យលោក​ សម រង្ស៊ី ​បន្ត​ការជជែក​ពីការ​បង្កើត​សម្ព័ន្ធភាព​

លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ជម្រុញ​ឲ្យ​លោក សម រង្ស៊ី​ បន្ត​ជជែក​ពី​ការបង្រួប​បង្រួម ​ក្នុងនាម​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង។​ សម្ព័ន្ធ​គណបក្ស​សមរង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​១៥​មករា ឆ្នាំ​២០០៩ ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការបោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​។ ​ប៉ុន្តែ​មក​ដល់​ពេលនេះ ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ ត្រូវ​ជាប់​គាំង ​ដោយ​គណបក្ស​សមរង្ស៊ី ​មិន​រវី​រវល់​ វិល​ចូលរួម​តុ​ចរចា​ឡើយ​។ ​នេះ​បើ​តាម​ការបញ្ជាក់​ពី​គណបក្ស​សិទ្ធិមនុស្ស។ 

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស © DR
ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

លី ម៉េងហួរ

ក្នុង​លិខិត​ផ្ញើជូន​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ លោក កឹម សុខា​បាន​ស្នើ​ឲ្យ​លោក សម រង្ស៊ី​ងាក​មក​ចូល​រួម​តុចរចា​និង​បន្ត​ការជួប​ជជែក​លើ​ការបង្រួប​បង្រួម​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី។​ ការចរចា​ដើម្បី​សម្រេច​បាន​នូវ​គោល​ជំហរ​ជាក់លាក់​ដើម្បី​បង្កើត​ឲ្យបាន​នូវ​ចលនា​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ដើម្បី​ការផ្លាស់ប្តូរ​ស្រប​តាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០០៩ ​នៅ​ទីក្រុង​ភ្នំពេញ។

 
លោក កឹម សុខា​និង​លោក សម រង្ស៊ី​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា “​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បី​ការផ្លាស់ប្តូរ​”​។ ​តាមរយៈ​សម្ព័ន្ធភាព​នេះ​ គណបក្ស​ប្រឆាំង​ទាំង​ពីរ​ត្រូវ​រួម​គ្នា​បង្កើត​ជា​បញ្ជី​បេក្ខជន​តែមួយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១២ និង​ការ​បោះឆ្នោត​ជា​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​។

ក៏​ប៉ុន្តែ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​ហាក់​ដូចជា​មិន​ដំណើរ​ទៅមុខ​សោះឡើយ​។ ​នោះ​គឺ​គណបក្ស​សមរង្ស៊ី​មិន​ចង់​ជួប​ជជែក​ជាមួយ​គណបក្ស​របស់​លោក កឹម សុខា ដោយ​សំអាង​ថា​គណបក្ស​ប្រឆាំង​នេះ​ មាន​បញ្ហា​សំខាន់​ដែល​ត្រូវ​ធ្វើ​ ហើយ​លោក សម រង្ស៊ី​នៅ​ក្រៅប្រទេស។ ​មួយ​វិញទៀត ការ​មិន​ត្រូវរ៉ូវ​គ្នា​និង​មិន​ព្រម​វិល​មក​ចូលរួម​តុ​ចរចា​រវាង​គណបក្ស​ប្រឆាំង​ទាំងពីរ ​ក៏​ដោយសារ​តែ​ក្រុម​របស់​លោក កឹម សុខា មិន​ចង់​ឲ្យ​យក​ឈ្មោះ​លោក សម រង្ស៊ី ​ដាក់​ជា​ឈ្មោះ​គណបក្ស​ដែល​ត្រូវ​រួបរួម​ព្រមទាំង​ការកំណត់​អាណត្តិ​ប្រធាន​បក្ស​ជាដើម។

យ៉ាងណា​ក៏ដោយ​ក្នុង​លិខិត​ដែល​ចែកចាយ​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃ​ទី​២៧​មករា​ឆ្នាំ​២០១១​ លោក កឹម សុខា  ​បាន​ជម្រុញ​ឲ្យ​លោក សម រង្ស៊ី​បើក​ទូលាយ​ហើយ​ហ៊ាន​ប្រថុយ​ដើម្បី​ការផ្លាស់ប្តូរ​។​ ម្យ៉ាងវិញទៀត លោក កឹម សុខា​ចង់ឃើញ​ការរួបរួម​រវាង​គណ​បក្សប្រឆាំង​ទាំងពីរ​ឲ្យ​សម្រេច​បាន​ជា​លទ្ធផល​ជាក់លាក់​មុន​ខែកក្កដា​ឆ្នាំ​២០១១។​ មកដល់​រសៀល​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១១​ មិន​មាន​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សម​រង្ស៊ី​ចំពោះ​លិខិត​របស់​លោក កឹម សុខា ខាងលើ​នេះ​ទេ។​ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​កាលពី​ប៉ុន្មាន​មុន​នេះ​ថា សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ហើយ​អាច​នឹង​ចេញ​លទ្ធផល​ជា​ដុំ​កំភួន​នាពេល​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ