អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​ជំរុញឲ្យ​រដ្ឋាភិបាល​ចិន​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ជប៉ុន​នៅ​ចិន

លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ជប៉ុន ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ចិន។ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​បាតុកម្ម​ប្រឆាំង​ជប៉ុន ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ បាន​រីករាលដាល​កាន់តែ​ខ្លាំង នៅថ្ងៃ​អាទិត្យ​នេះ។

REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអាទិត្យ​នេះ បាតុកម្ម​ប្រឆាំង​ជប៉ុន​​កំពុង​បន្ត​កើតមាន និង​រីករាលដាល​ទៅកាន់​​ទី​ក្រុង​ធំៗ​​ជាច្រើន​ នៅ​ទូទាំង​ប្រទេស​ចិន។ នៅ​តាម​ទីក្រុងខ្លះ បាតុករចិន​បាន​នាំគ្នា​វាយកម្ទេច​ហាងលក់​ទំនិង ​ភោជនីយដ្ឋាន ​និង​រោងចក្រ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន ឬ​ផលិត​ទំនិញ​ជប៉ុន។ ​​​ឡាន​ដែល​មាន​ម៉ាក​របស់​ជប៉ុន​ក៏​ត្រូវ​បាតុករ​វាយកម្ទេច​ដែរ។ នៅតាម​កន្លែង​ខ្លះ ប៉ូលិស​ចិន​បាន​ព្យាយាម​បំបែក​បាតុករ ដោយ​​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ឡាន​បាញ់ទឹក។ ចំណែក​នៅ​ទីក្រុង​ប៉េកាំង ប៉ូលិស​បង្រ្កាប​បាតុកម្ម​ចិន នៅ​តែ​បន្ត​ប្រឈមមុខ​នឹង​​ក្រុមបាតុករ ដែល​ព្យាយាម​សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត​ជប៉ុន។

រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​សេចក្តីប្រកាស​ព្រមាន​រួច​ហើយ ដល់​ពលរដ្ឋ​ជប៉ុន ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ នៅថ្ងៃ​អាទិត្យ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូបាន​រាយការណ៍​ថា នាយករដ្ឋមន្រ្តី​ជប៉ុន​ក៏​បាន​ទាមទារ​ផងដែរ​​ឲ្យ​រដ្ឋាភិបាល​ចិន​ចាត់វិធានការ​​ចាំបាច់ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពលរដ្ឋ​ជប៉ុន និង​ការពារ​មុខជំនួញ​របស់​ជប៉ុន នៅ​ចិន។

ជាទូទៅ គេសង្កេតឃើញ​ថា នៅ​ចិន អាជ្ញាធរ​​កម្រ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​បាតុកម្ម​ណាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ខ្លះ​គិត​ថា បាតុកម្ម​ប្រឆាំង​ជប៉ុន​នៅ​ទូទាំង​ប្រទេស​ចិន នៅពេលនេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ចិន​ជា​អ្នក​ឲ្យ​ដៃ។ ក៏ប៉ុន្តែ មាន​អ្នក​វិភាគខ្លះ​ទៀត​យល់ថា ចិន​កំពុង​តែ​ព្យាយាម​​រក​ផ្លូវ​​កណ្តាល​មួយ រវាង​ម្ខាង ប្រើ​សំឡេង​ប្រជាជន​អ្នក​ជាតិនិយម​ឲ្យ​ប្រឆាំង​ជប៉ុន ក្នុង​ជម្លោះ​ដណ្តើម​កោះ ឯ​ម្ខាងទៀត ទប់ស្កាត់​កុំ​ឲ្យ​ចលនា​ប្រឆាំង​នេះ​បង្ក​ជា​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ បង្កើត​ភាព​អនាធិបតេយ្យ នៅ​ក្នុង​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំពុង​រៀបចំ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ។

គេ​កំពុង​បារម្ភ​ថា បាតុកម្ម​ប្រឆាំង​ជប៉ុន​ អាច​នឹង​ផ្ទុះឡើង​កាន់តែ​ខ្លាំង​ថែមទៀត នៅ​ថ្ងៃ​អង្គារ ១៨ កញ្ញា​​​​ខានស្អែក​នេះ ដែល​ជា​ថ្ងៃ​ចិន​យក​ធ្វើ​ជា​​​ខួប​ចងកំហឹង​នឹង​អាណានិគម​ជប៉ុន​ទៅលើ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ