អានតួអត្ថបទ
ជប៉ុន-ចិន

ប៉េកាំង​បញ្ជូន​នាវា​ល្បាត​ទៅ​ប្រជុំ​កោះ​មាន​ជម្លោះ​ជាមួយ​តូក្យូ

នាវាល្បាត​ពីរ​គ្រឿង​ត្រូវ​បាន​ក្រុង​ប៉េកាំង​បញ្ជូន​ទៅ​កាន់​សមុទ្ទ​ចិន​ខាង​កើត ជិត​ប្រជុំ​កោះ​ជាប់​ជម្លោះ​ជាមួយ​នឹង​ជប៉ុន​។ នេះ​បើតាម​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី​ ចេញ​ផ្សាយ​ថ្ងៃ​អង្គារ​នេះ ដោយ​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ចិន​​​បញ្ជូន​នាវា​យោធា​ ក្នុង​ពេល​​ទន្ទឹម​គ្នា​នឹង​ការ​ប្រកាសរបស់​រដ្ឋាភិបាល​​ទិញ​កូនកោះ​បី​នៃ​ប្រជុំ​កោះ​សេនកាគូជប៉ុន ឬ​ ​ទាវយូ​ជាភាសា​ចិន​។

បាតុករ​ហុងកុង​ប្រឆាំង​នឹង​ជប៉ុន​​ទិញ​ប្រជុំ​កោះ​សេនកាគូ ឬ​ទាវយូ ថ្ងៃទី​១១ កញ្ញា ២០១២
បាតុករ​ហុងកុង​ប្រឆាំង​នឹង​ជប៉ុន​​ទិញ​ប្រជុំ​កោះ​សេនកាគូ ឬ​ទាវយូ ថ្ងៃទី​១១ កញ្ញា ២០១២ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជូន​នាវា​ទៅល្បាត​នៅ​ប្រជុំ​កោះ​ជាប់​ជម្លោះ​ ជា​សារមួយ បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ អំពី​បូរណភាព​ដែន​ដី​ចិន ដូច​ប្រសាសន៍ព្រមាន​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាវប៉ាវ ម្សិលមិញ​ ថា “ប៉េកាំង​មិន​បណ្តោយ​ឱ្យ​បាត់​ដី​សូម្បី​តែ​មួយ​សង់ទីម៉ែត្រ​ការ៉េ” ទៅ​ខាង​ជប៉ុន​ឡើយ។ តាមពិត​នាវា​ដែល​បញ្ជូនទៅ​នោះ ជា​មិន​មែន​ជា​នាវា​ចម្បាំង​នៃ​កងទ័ព​ជើង​ទឹកទេ តែ​ជា​នាវា​របស់​រដ្ឋបាល​មហាសាគរ ក្រោម​បង្គាប់​​ក្រសួងដែនដី​និង​ធនធាន​ធម្មជាតិ។

សូម​បញ្ជាក់​ថា​ កោះ​ទាវយូ ហៅ​តាម​ចិន ឬ សេនកាគូ ហៅតាម​ជប៉ុន ស្ថិត​ក្រោម​រដ្ឋបាល​ក្រុង​តូក្យូ ប៉ុន្តែ​ចិន និង​តែវ៉ាន់ តែ​ទាមទារ​យក​មក​វិញ។ ម្សិលមិញ និង​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បំពេញ​សំណុំឯកសារ​ចប់​សព្វ​គ្រប់ លើ​កិច្ចព្រម​ព្រៀង​​ទិញ​កោះ​តូច​បីៗ ពី​បុគ្គល​ឯកជនជនជាតិ​ជប៉ុន ​មក​ធ្វើ​ជា​សម្បត្តិរដ្ឋ​ហើយ។

ចិន បញ្ចេញ​ប្រតិកម្ម​ជា​ទ្រង់ទ្រាយ​ធំ ចំណែក​តៃវ៉ាន់ ក៏​មិន​នៅ​ស្ងៀម។ ថ្ងៃនេះ តៃវ៉ាន់​បាន​ប្រកាស​ តាមរយៈ​រដ្ឋមន្ត្រី​ការ​បរទេស​ ថា ទង្វើ​របស់​តូក្យូ​ ជា​សេចក្តី​សម្រេច​ជា​ឯកតោភាគី និង​ខុស​ច្បាប់​ ដែល​នាំ​ឱ្យ​មាន​​ការ​ប្រឆាំង​ជា​ដាច់​ខាត ប្រឆាំង​នឹង​ការទិញ​មក​ធ្វើ​​ជា​សម្បត្តិរដ្ឋ​ ដោយ​រដ្ឋាភិបាល​ជប៉ុន ព្រោះ​ប្រជុំ​កោះ​ ទាវយូ ជា​របស់​ចិន​សាធារណរដ្ឋ (ឈ្មោះ​ជា​ផ្លូវការ​តៃវ៉ាន់)។

ក្រៅ​ពី​​​សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆា និង​ឧស្ម័ន​ធម្មជាតិ​​ក្រោម​ដី ការ​ដណ្តើម​គ្រប់គ្រង​​ប្រជុំ​កោះ​សេនកាគូ ឬ​ទាវយូ​ ដែល​ស្ថិត​នៅ​ចម្ងាយ​២០០០​គ.ម.​ពី​ប្រទេស​ជប៉ុន និង​២០០​គ.ម​ពី​តៃវ៉ាន់នេះ ជា​ជម្លោះ​ដណ្តើម​យុទ្ធសាស្ត្រគ្នា​ទៀត។ កាលពី​ឆ្នាំ​២០១០ ​មហាយក្ស​អាស៊ី ចិន​-ជប៉ុន​ បាន​ប៉ះ​ទង្គិច​គ្នាយ៉ាង​​ខ្លាំង​ព្រោះ​ប្រជុំ​កោះ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ