អានតួអត្ថបទ
បារាំង​

ការបាញ់​ផ្ទួនៗ​កណ្តាល​ក្រុង​ប៉ារីស ប៉ូលិស​ប្រើ​មធ្យោបាយ​ធំ​តាម​ចាប់​ជន​ដៃដល់

ប៉ូលិសព្រហ្មទណ្ឌ​ក្រុង​ប៉ារីស វក់​វី​បី​ថ្ងៃ​មក​ហើយ តាមស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់ ដែលបាញ់​រះ​នៅ ទីស្នាក់ការ​កាសែត​លីបេរ៉ាស្យុង ទីស្នាក់ការ​ទូរទស្សន៍​ និង​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ La défense កាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឱ្យ​អ្នក​ថត​រូប​ម្នាក់​រង​របួស​ជា​ទម្ងន់។ នៅ​ថ្ងៃ​នេះ ​លទ្ធផល​នៃ​​ការ​វិភាគ​អាដេអិន បាន​​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ហេតុការណ៍​ទាំង​បី​កន្លែង​ជា​ស្នាដៃ​មនុស្ស​តែ​ម្នាក់។ មនុស្ស​ម្នាក់​ដែល​ប៉ូលិស​នៅ មិន​រក​អត្តសញ្ញាណ​ឃើញ​នៅ​ឡើយ ទោះ​បី​ជា​មាន​ជំនួយ​​​រូបថត​វីដេអូ ថត​បាន​នៅ​ជា​ច្រើន​កន្លែង​ក៏​ដោយ។

រូប​ថត​ជន​បាញ់​កាំភ្លើង​កណ្តាល​ក្រុង ដែល​ប៉ូលិសថត​បាន ថ្ងៃ​ទី​ ១៩ វិច្ឆិកា ២០១៣
រូប​ថត​ជន​បាញ់​កាំភ្លើង​កណ្តាល​ក្រុង ដែល​ប៉ូលិសថត​បាន ថ្ងៃ​ទី​ ១៩ វិច្ឆិកា ២០១៣ Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការ​ប្រកាស​ពី​មូលហេតុ ឬ​ការ​ទាមទារ​អ្វី​ទេ រហូត​មក​ទល់​នឹងពេល​នេះ ម៉ោង​នេះ ជនបាញ់​កាំភ្លើង​នៅ​បាត់​ស្រមោល គ្មាន​ចេញ​ដាន​អ្វី​សោះ។ ប៉ូលិស​ក្រុង​ប៉ារីស​ បាន​សិក្សា​យ៉ាង​លម្អិត​​ កាត់​ផ្គុំ​រូប​ថត បាន​មក​ពី​កាមេរ៉ា​ឃ្លាំ​មើល​តាម​ស្ថានីយ៍​រថភ្លើង តាម​ការិយាល័យ​ធ្វើ​ការ​ ដើម្បី​​​ស្វែង​យល់​អំពី​សកម្មភាព​ និង​បំណង​របស់​ឧក្រិដ្ឋជន​ ដែល​ទំនង​ជា​ប្រព្រឹត្ត​អំពើ​តែ​ម្នាក់​ឯង និង​បាន​ផ្សព្វផ្សាយ​រូប​ថត​ឧក្រិដ្ឋ​ជន​យ៉ាង​ទូលំទូលាយ​។

 
សាក្សី​ជា​ច្រើន​បានផ្តល់​ព័ត៌មាន​តាមទូរស័ព្ទ។ ឯ​ការ​ចាប់​ខ្លួន​សាក​សួរ​​ក៏​មាន​ច្រើន​ ក្នុង​នោះ​មាន​បី​​នាក់​ ដែល​ត្រូវ​នាំ​ដល់​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ផ្ទៀង​ផ្ទាត់​បន្ថែម ប៉ុន្តែ​គ្មាន​លទ្ធផល​ មិន​មែន​បុរស​ មាន​ភិនភាគ​ជា​សញ្ជាតិ​អឺរ៉ុប អាយុ​ខ្ទង់​ពី​៣៥ ទៅ​៤៥​ឆ្នាំ​ ដែល​ប៉ូលិស​តាម​ស្វែង​រក​ចាប់​ជា​ទី​បំផុតនោះ​ទេ។

​ប៉ូលិស​​ប្រមូល​ព័ត៌មាន​បាន​ច្រើន​ទាក់ទង​នឹង​ជន​បាញ់​កាំភ្លើង​នេះ ប៉ុន្តែ​គេ​នៅ​តែ​ពុំ​ទាន់​អាច​កំណត់​​អត្តសញ្ញាណ​បាន។ ការវិភាគ​អាដេអិន ដែល​ទើប​បញ្ជាក់​ថា​ហេតុការណ៍​បាញ់​រះ​ដែល​កើត​ឡើង​នៅ​ទីស្នាក់​ការ​ទូរទស្សន៍​ កាលពី​ថ្ងៃ​សុក្រ និង​នៅ​ទីស្នាក់ការ​កាសែត​លីបេរ៉ាស្យុង និង​ធនាគារ​ La Société Générale នៅ​ចន្ទ​ ជា​ស្នាដៃ​ជន​តែ​ម្នាក់ ទំនង​ជា​អាច​ជួយ​ស្វែង​រក​អត្តសញ្ញាណ​បាន ប្រសិនបើ​ជន​បាញ់​កាំភ្លើង​ធ្លាប់​ជាប់​ពន្ធនាគារ ដូច​បាន​អះអាង​ប្រាប់​ទៅ​​​អ្នក​បើក​បរ​រថយន្ត​​ជា​ចំណាប់​ថ្នូរ​មែន។ 

សូម​បញ្ជាក់​ថា ហេតុការណ៍​បាញ់​រះ​ កណ្តាល​ក្រុង​ប៉ារីស ដែល​បាន​ធ្វើ​​អ្នក​ថត​រូប​ម្នាក់​រង​​របួស​ធ្ងន់ ត្រូវ​បាន​តាមដាន​និង​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ពុះ​កញ្ជ្រោល​ តាម​ប្រព័ន្ធ​សង្គម។ ខ្លះ​ហ៊ាន​ដល់​ទៅ​ចោទ​សួរ​ពី​ភាព​យឺត​យ៉ាវ​របស់​ប៉ូលិស ដែល​នៅ​តែពុំ​ទាន់​អាច​ចាប់​ខ្លួន​ជន​ដៃ​ដល់​បាន​ទៀត។ នៅ​តាម​ទីស្នាក់​ការ​វិទ្យុ និង​ទូរទស្សន៍​ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​របស់​បារាំង បាន​ពង្រឹង​ការ​រក្សា​សន្តិសុខ​​យ៉ាង​តឹង​រ៉ឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ