អានតួអត្ថបទ
អឺរ៉ុប

ទីផ្សារ​មូលបត្រ​អឺរ៉ុប​ច្រួលច្របល់​ដោយសារ​រឿង​អេបូឡា​និង​បញ្ហា​សេដ្ឋកិច្ច

ទីផ្សារ​មូលបត្រ​នៅ​ទូទាំង​តំបន់​អឺរ៉ុប​បាន​ធ្លាក់​ចុះយ៉ាងខ្លាំង ចំនួន ២ថ្ងៃ​ជាប់ៗគ្នា​មកហើយ គឺ​កាល​ពីថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។ មូលហេតុចម្បង គឺ​បណ្តាល​មក​ពី​​បញ្ហា​សេដ្ឋកិច្ច​ នៅ​អឺរ៉ុប ក៏ដូចជា នៅ​សហរដ្ឋ​អាមេរិក និង​បូករួម​ជាមួយ​នឹង​ក្តីបារម្ភ ជុំវិញ​ផលប៉ះពាល់នៃ​មេរោគ​អេបូឡា។

បញ្ហា​ប្រាក់​បំណុល​រដ្ឋ​នៅតែ​បន្ត​តាម​ញាំញី​សេដ្ឋកិច្ច​អឺរ៉ុប
បញ្ហា​ប្រាក់​បំណុល​រដ្ឋ​នៅតែ​បន្ត​តាម​ញាំញី​សេដ្ឋកិច្ច​អឺរ៉ុប REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

ទីផ្សារមូលបត្រ​សំខាន់ៗ ដូចជា នៅ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជាដើម សុទ្ធតែ​បាន​ធ្លាក់​ថ្លៃ​​រហូតដល់​ទៅ​ជាង ២% ចំណែក​ឯ​អត្រា​ការប្រាក់​បំណុល​រដ្ឋ​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ត្បូង ដូចជា អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្កាល់ និង​ក្រិក​ ជាដើម បាន​កើនឡើង​យ៉ាង​គំហុក នៅ​ក្នុង​ចន្លោះ ពីថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។

នៅ​បារាំង មូលបត្រ​របស់​ក្រុមហ៊ុន​រដ្ឋ​ធំៗ​បាន​ធ្លាក់ថ្លៃ​ខ្លាំង​ជាងគេ ក្នុង​ចន្លោះ ពី៣% រហូត​ទៅដល់ ៦% ក្រោយ​ពី​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ឲ្យដឹង​ថា រដ្ឋ​គ្រោង​នឹង​លក់​ចេញ​នូវ​ភាគហ៊ុន​របស់​រដ្ឋ​នៅ​តាម​ក្រុមហ៊ុន​មួយចំនួន ដើម្បី​យក​លុយ​មក​​ជួយ​ទប់ទល់​នឹង​បញ្ហា​ឧនភាព​ថវិកា។

យោងតាម​អ្នក​ជំនាញ​ខាង​ទីផ្សារ​មូលបត្រ​ បញ្ហា​ច្រួលច្របល់​នៅ​តាម​ទីផ្សារ​មូលបត្រ​អឺរ៉ុប​​នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បង្ក​ឡើង​ដោយ​កត្តា​ច្រើន​រួមផ្សំគ្នា ក្នុងនោះ រួមមាន​ ក្តីបារម្ភ​របស់​អ្នក​វិនិយោគ​ចំពោះ​ចក្ខុវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប ក៏ដូចជា នៅ​អាមេរិក និង​ក្តីបារម្ភ​ជុំវិញ​អនាគត​នៃ​ការវិនិយោគ​ទៅលើ​មូលបត្រ​បំណុល​ក្រិក។ បន្ថែម​ពីលើ​នេះ​ទៅទៀត គឺ​មាន​ក្តីបារម្ភ​ជុំវិញ​ផលប៉ះពាល់​ដែល​អាច​បង្កឡើង​ដោយ​មេរោគ​អេបូឡា ដែល​កំពុងតែ​​រាតត្បាត​​ខ្លាំង​នៅ​អាហ្វ្រិក​ ហើយ​អាច​រាលដាល​ចេញ​ទៅតំបន់​ផ្សេងៗ​ទៀត។

ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិនច្បាស់លាស់​បែបនេះ អ្នកវិនិយោគ​ក៏​នាំគ្នា​ខ្លាច​រអា ហើយ​បង្វែរ​ការវិនិយោគ​ពី​ទីផ្សារ​មូលបត្រ ទៅ​រក​វិស័យ​ផ្សេង ដែល​មាន​សុវត្ថិភាព​ជាង ជាពិសេស គឺ​វិនិយោគ​ទៅលើ​ទីផ្សារ​មាស។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ពេល​ដែល​តម្លៃ​មូលបត្រ​ចេះតែ​ធ្លាក់ចុះ តម្លៃមាស​វិញ​កំពុងតែ​កើនឡើង។

ដើម្បី​ព្យាយាម​រំងាប់​ក្តីបារម្ភរបស់​អ្នក​វិនិយោគ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ចេញមុខ​ប្រកាស​​ធានា​ថា​នឹង​ផ្តល់​សាច់ប្រាក់​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់​ធនាគារ​ក្រិក ចំណែក​ឯ​គណៈកម្មការ​អឺរ៉ុបវិញ​ក៏​បាន​សន្យា​ផងដែរ​ថា​នឹង​នៅ​តែ​បន្ត​ជួយក្រិក​តាម​គ្រប់​មធ្យោបាយ នៅ​ក្នុងការ​ដោះស្រាយ​បញ្ហា​បំណុល។ ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​ធានា​បែបនេះ​ក៏ដោយ ទីផ្សារ​មូលត្រ​អឺរ៉ុប​នៅតែ​បន្ត​ធ្លាក់ចុះ គិតត្រឹមល្ងាច​ថ្ងៃ​ព្រហស្បតិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ